កីឡា

អធិរាជស វាយបកបំបាក់ Mallorca ហើយឡើងទៅឈរទីកំពូលតារាង

ខ្សែការពារ Antonio Rudiger បានក្លាយជាកីឡាករអាល្លឺម៉ង់ទី 2 ដែលស៊ុតបញ្ចូលទីបាន នៅលីគកំពូល៤ ក្នុងចំណោមលីគធំៗទាំង ៥ របស់អឺរ៉ុប ក្នុងសតវត្សរ៍ទី២១ នេះ ខណៈដែលក្រុមអធិរាជស Real Madrid បានវាយបកយកឈ្នះ Mallorca ក្នុងលទ្ធផល ៤-១ ដើម្បីឡើងទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga កាលពីថ្ងៃអាទិត្យ។

កីឡាករ Rudiger រកបាន ១គ្រាប់ នៅនាទីទី ៩០+៣ ដើម្បីបានតាមស្មើនឹងសមិទ្ធផលរបស់កីឡាករ Shkodran Mustafi។ នៅមុននេះ រូបគេស៊ុតបញ្ចូលទីបាន ៩គ្រាប់ ដោយនៅក្របខ័ណ្ឌ Premier League (អង់គ្លេស) ៩គ្រាប់ ហើយនៅក្របខ័ណ្ឌ Bundesliga (អាល្លឺម់ង់) និង Serie A (អ៊ីតាលី) ២គ្រាប់ដូចគ្នា។

សម្រាប់ការប្រកួត នៅកីឡដ្ឋាន Santiago Bernabeu នេះ ក្រុមភ្ញៀវ Mallorca បានមានឱកាសនាំមុខមុន ដោយគ្រាប់បាល់នៅនាទីទី៣៥ ដោយកីឡាករ Vedat Muriqi តែកីឡាករ Federico Valverde បានបណ្ដើរបាល់ទៅស៊ុតទម្លុះសំណាញ់ឱ្យក្រុមម្ខាស់ផ្ទះតាមស្មើវិញ នៅក្នុងម៉ោងបន្ថែមមានរបួសនៃវគ្គទី ១។

ខ្សែប្រយុទ្ធ Vinicius បានជួយឱ្យក្រុម Real នាំមុខនៅនាទីទី៧២ មុនពេលកីឡាករ Rodrygo បន្ថែម ១គ្រាប់ពីលើទៀត នៅនាទីទី៨៩ ហើយកីឡាករ Rudiger ក៏រួមចំណែកឱ្យក្រុមរបស់លោក Carlo Ancelotti ដណ្ដើមបាន ៣ពិន្ទុយ៉ាងធូរទ្រូងជាមួយនឹងការទាត់បាល់បញ្ចូលទី នៅពេលដែលសំឡេងកញ្ចែចុងក្រោយ ហៀបនឹងបន្លឺឡើងហើយ។

ជ័យជម្នះនេះបានធ្វើឱ្យក្រុម Real មាន ១៥ពិន្ទុ ដោយឈ្នះ ៥ ពីការប្រកួតទាំង ៥លើករបស់ខ្លួន ហើយពេលនេះ កំពុងមានគម្លាតនាំមុខ ២ពិន្ទុលើក្រុមគូប្រជែងស្លាប់រស់ Barcelona ដែលបានលត់ក្រុម Cadiz ៤-០ ក្នុងហ្គេម កាលពីថ្ងៃសៅរ៍៕