កីឡា

Tel បង្កើតប្រវត្តិសាស្ត្រ តែក្រុមម្ចាស់ផ្ទះ Bayern ត្រូវបានទប់ស្មើ

ខ្សែប្រយុទ្ធ Mathys Tel បានបង្កើតប្រវត្តិសាស្ត្រ ដោយការក្លាយជាកីឡាក ដែលចូលលេងក្មេងជាងគេបំផុត នៅក្របខ័ណ្ឌ Bundesliga និងជាអ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតរបស់ក្រុម Bayern Munich តែក្រុមម្ចាស់ផ្ទះ ត្រូវជួបនឹងការខកចិត្ត បន្ទាប់ពីបញ្ចប់ការប្រកួតបានត្រឹមស្មើជាមួយក្រុម Stuttgart ២-២ ដែលជាការស្មើជាលើកទី ៣ ជាប់គ្នា ក្នុងលីគរបស់ក្រុមការពារតំណែងជើងឯក។


អតីតខ្សែប្រយុទ្ធក្រុម Rennes រូបនេះ បានទាត់បាល់បញ្ចូលទីយ៉ាងស្អាតពីការបញ្ជូនកាត់របស់កីឡាករ Alphonso Davies នៅនាទីទី៣៦ សម្រាប់ហ្គេម នៅកីឡដ្ឋាន Allianz Arena ដើម្បីជួយឱ្យក្រុម Bayern នាំមុខផង និងបង្កើតប្រវត្តិសាស្ត្របន្ថែមទៀត សម្រាប់ក្លិបយក្សរបស់ប្រទេសអាល្លឺម៉ង់ផង។
ដោយមានអាយុ ១៧ឆ្នាំ និង ១៣៦ថ្ងៃ កីឡាករ Tel បានបំបែកកំណត់ត្រារបស់កីឡាករ Jamal Musiala ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតរបស់ក្រុម Bayern ក្នុងលីគ ដោយកីឡាករ Musiala មានវ័យចាស់ជាង ៦៩ថ្ងៃ នៅពេលដែលរូបគេទម្លុះសំណាញ់ទីក្រុម Schalke កាលពី២ឆ្នាំមុន។
តាមពិតទៅ Tel គឺជាអ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតរបស់ក្រុម Bayern រួចហើយ គិតក្នុងការប្រកួត នៅគ្រប់កម្មវិធីទាំងអស់ បន្ទាប់ពីរូបគេរកគា្រប់បាល់បានដែរ ក្នុងជ័យជម្នះ ៥-០ លើក្រុម Viktoria Koln ក្នុងកម្មវិធី DFB-Pokal កាលពីខែមុន។
យ៉ាងណាក្ដី ទោះកីឡាករ Tel រីករាយនឹងការប្រកួតប្រវត្តិសាស្ត្រ តែសម្រាប់ក្រុម Bayern មានការសោកស្ដាយណាស់ ដែលការនាំមុខទាំង ២លើករបស់ខ្លួន ត្រូវបានក្រុមភ្ញៀវតាមស្មើជានិច្ច ដោយកីឡាករ Chris Fuhrich ជាអ្នកស៊ុតតាមស្មើគ្រាប់ទី ១ ហើយកីឡាករ Sehrou Guirassy មានឱកាសស៊ុតប៉េណាល់ទីសម្រេច ដើម្បីតាមស្មើគ្រាប់បាល់នាំមុខរបស់កីឡាករ Jamal Musiala។
លទ្ធផលនេះ មានន័យថា ក្រុម Bayern មិនអាចដណ្ដើមបានជ័យជម្នះ ក្នុងការប្រកួត ៣លើកជាប់គ្នា នៅដើមដំបូងនៃរដូវកាលរបស់ Bundesliga ជាលើកទី ១ គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ ដែលពេលនោះក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Niko Kovac៕