កីឡា

Premier League ផ្អាកការប្រកួត​ ចុងសប្តាហ៍ ដើម្បីកាន់ទុក្ខម្ចាស់ក្សត្រី Elizabeth

លីគកំពូលអង់គ្លេស (Premier League) និងលីគបាល់ទាត់កម្រិតទី ២ (EFL) របស់​ប្រទេសអង់គ្លេស បានសម្រេចពន្យារពេលការប្រកួតជុំបន្ទាប់របស់ពួកគេ ក្នុង​គោល​បំណង បង្ហាញ​ពី​ការគោរព បន្ទាប់ពីការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II។ នេះ​បើតាម​ការ​ប្រកាសរបស់​អ្នកគ្រប់គ្រងលីគ កាលពីថ្ងៃសុក្រ។

ព្រះមហាក្សត្រិយានី ដែលជាស្តេចសោយរាជ្យយូរជាងគេរបស់ចក្រភពអង់គ្លេស បានយាងសោយ​ទិវង្គត ដោយស្ងប់ស្ងាត់ នៅឯព្រះរាជដំណាក់របស់ព្រះអង្គ ក្នុងប្រទេសស្កុតឡេន កាលពីថ្ងៃព្រហស្បតិ៍ ក្នុងព្រះជន្ម ៩៦ព្រះវស្សា។

ខាង​លីគ បានឱ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដើម្បី​ជាការគោរព ចំពោះព្រះមហាក្សត្រិយានី Elizabeth II ការប្រកួតទាំង​អស់នៅក្របខ័ណ្ឌ Premier League នាចុងសប្តាហ៍នេះ នឹងត្រូវបានផ្អាក»។

សេចក្ដី​ប្រកាស បាន​បន្ថែម​ថា៖ «នៅឯកិច្ចប្រជុំមួយនា​ព្រឹកនេះ ក្លិបនៅ Premier League បានគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះមហាក្សត្រី Elizabeth II របស់​ពួកគេ។ ដើម្បីលើកតម្កើងខ្សែជីវិតដ៏វិសេសវិសាល និងការរួមចំណែករបស់ព្រះនាង ចំពោះប្រទេសជាតិ និងដើម្បីសម្ដែង​នូវការគោរព ការប្រកួតក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍នេះ នឹងត្រូវពន្យារពេល រួមទាំងការប្រកួតនៅល្ងាចថ្ងៃចន្ទផងដែរ»។

ខាង​លីគ EFL ក៏​បានឱ្យ​ដឹង​ដែរថា ការប្រកួតទាំងអស់របស់ខ្លួនចាប់ពីថ្ងៃទី៩ ខែកញ្ញា ដល់ថ្ងៃទី ១០ ខែកញ្ញា នឹងត្រូវលើក​ពេល​ទាំង​អស់ ខណៈ​ដែលសកម្មភាពកីឡាផ្សេងទៀត នៅក្នុងប្រទេសអង់គ្លេស ដែលបានគ្រោងទុកសម្រាប់ថ្ងៃសុក្រ រួមទាំងការប្រកួតកីឡាគ្រិកឃីត និងកីឡាវាយកូនហ្គោល PGA Championship របស់​អឺរ៉ុប ត្រូវបានលុបចោលដែរ ដើម្បី​ជាការបង្ហាញនូវ​ការគោរព តែកីឡាទាំងនោះ អាចចាប់ផ្តើមឡើងវិញនៅចុងសប្តាហ៍៕