សេដ្ឋកិច្ច

មជ្ឈមណ្ឌលអាហារ 360 plaza បើកសម្ពោធជាផ្លូវការ

ភ្នំពេញ៖ ដោយសារមានតម្រូវការនិងការគាំទ្រច្រើនពីអតិថិជន ក៏ដូចជាលើកកម្ពស់វិស័យម្ហូបអាហារនៅកម្ពុជា ក្រុមហ៊ុន  Elite food បានសម្រេចចិត្តបើកមជ្ឈមណ្ឌលអាហារមួយថ្មីបន្ថែមទៀត គឺ360 plaza ដែលជាបណ្តុំនៃហាងស៊ុបជប៉ុន សាច់អាំងកូរ៉េ តែគុជតៃវ៉ាន់ និងសេវាកម្មមួយចំនួនទៀតនៅក្នុងទឹកដីខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ចាន់ សំបូរ អគ្គនាយកក្រុមហ៊ុន Elite Food’ បានមានប្រសាសន៍ថា៖លោកមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានសម្ពោធទីតាំងថ្មីក៏ដូចជា សមិទ្ធផលថ្មី ជាផ្លូវការ ដើម្បីបម្រើសេវាកម្មម្ហូបអាហារគុណភាពខ្ពស់ អនាម័យ និងរសជាតិដើមពីអន្តរជាតិជូនទៅដល់ប្រជាពលរដ្ឋខ្មែរ និងសាធារណជន។

លោកបានឱ្យដឹងថា៖360 plaza ស្ថិតនៅលើផ្លូវលេខ១៦៧កែងផ្លូវលេខ ៣៥០ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញដែលក្នុងនោះមានការិយាល័យកណ្ដាលរបស់ Elite food ព្រមទាំងហាងទាំង៣របស់ក្រុមហ៊ុន ដូចជា MoMo-paradise, Seorae, និង Gong cha។

លោកបានថ្លែងបញ្ជាក់ថា៖ការបើកមណ្ឌលអាហារថ្មី នេះ ដោយសារមានការគាំទ្រច្រើនពីអតិថិជននិងការកើនឡើងនូវតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការនិយមទៅបរិភោគអាហារនៅខាងក្រៅ។លោកបានបន្តថា៖ភាពជោគជ័យរបស់ក្រុមហ៊ុន Elite food ក្នុងការបើកសាខាថ្មីជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៥រហូតដល់បច្ចុប្បន្នគឺបានមកពីការចូលរួមចំណែកនិងការខិតខំប្រឹងប្រែងពីក្រុមគ្រួសារ Elite foodនិងមានការគាំទ្រពីអតិជិជនទាំងអស់។លោកសូមអរគុណដល់អតិថិជនទាំងអស់របស់MoMo-paradise, Seorae,និង Gong cha ដែលតែងតែគាំទ្រស្រឡាញ់និងពេញចិត្តផលិតផលនៃហាងនីមួយៗរបស់យើងខ្ញុំ។

លោក ហង្ស វីឡា អ្នកគ្រប់គ្រងផ្នែកប្រិបត្តិការ បានមានប្រសាសន៍ថា ក្រុមហ៊ុនElite Food ចាប់ពីចុងឆ្នាំ២០១៦មក ពង្រីកបានជាងជាង១០សាខា និង៣ ប្រេន គឺ MoMo Paradise ស៊ុបមកពីជប៉ុន, Seorae សាច់អាំងមកពីកូរ៉េនិង តែគុជ Gong chaមកពីតៃវ៉ាន់។លក្ខណៈពិសេសគឺរសជាតិពិតៗរបស់ជប៉ុន កូរ៉េ និងតៃវ៉ាន់។ហាងរបស់ Elite Food មិនមែនគ្រាន់តែផ្តល់ម្ហូបអាហារដល់អតិថជនប៉ុណ្ណោះទេ តែផ្តល់ទាំងសេវាកម្មល្អអនាម័យស្អាតនិង អាហារគុណភាពខ្ពស់។នៅថ្ងៃបើកសម្ពោធនេះ  មានការបញ្ចុះតម្លៃ៣០ភាគរយសម្រាប់MoMo Paradise , Seorae និង Gong cha៕