សេដ្ឋកិច្ច

គយ​ចិន ទទួលស្គាល់​ចម្ការ​មៀន​៧៤​កន្លែង និង រោងចក្រ​វេច​ខ្ចប់​ចំនួន​៨ របស់​កម្ពុជា

​ភ្នំពេញ​៖ អគ្គ​រដ្ឋបាល​គយ​នៃ​ប្រទេស​ចិន បានសម្រេច​ទទួលស្គាល់​នូវ​ចម្ការ​មៀន​ចំនួន​៧៤​កន្លែង និង រោងចក្រ​វេច​ខ្ចប់​ចំនួន​៨​របស់​កម្ពុជាសម្រាប់​នាំចេញ​ផ្លែ​មៀន​ចូលទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ បាន​គូសបញ្ជាក់ថាមៀន​ដែល​ដាំ​ដុះ​ក្នុង​គោលបំណង​សម្រាប់​នាំចេញ​ទៅ​ប្រទេស​ចិនត្រូវតែ​ចុះបញ្ជី​ នៅ​អគ្គនាយកដ្ឋាន​កសិកម្ម និង ទទួលស្គាល់​ដោយ គយ​ចិន ហើយ​គ្រប់​ចម្ការ​មៀន​ដែល​ត្រូវបាន​ចុះបញ្ជី ត្រូវអនុវត្ត​ការដាំដុះ​តាម​គោល ការណ៍​ការអនុវត្ត​កសិកម្ម​ល្អ(GAP)និងមែក​ជាប់​នឹង​ផ្លែ​មៀន​ត្រូវមាន​ប្រវែង​មិន​លើសពី​១៥​សង់ទីម៉ែត្រព្រមទាំង​ត្រូវ​ឆ្លងកាត់​ការធ្វើ​ប្រព្រឹត្តិ​ កម្ម​កម្ចាត់​សមាសភាព​ចង្រៃ​ដើម្បី​ធានាថា ផ្លែ​មៀន​ស្រស់​ទាំងនោះ​ពុំជា​ប់​ជាមួយ​នូវ​សមាសភាព​ចង្រៃ​ភូតគាម អនាម័យ​ដូច​មានចែង​ក្នុង​ពិធីសារ​។​

​យោងតាម​ស្ថិតិ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ឆ្នាំ​២០២១​ដំណាំ​មៀននៅ​ទូទាំងប្រទេស មាន​ផ្ទៃដី​ដាំ​ដុះ​សរុប​ចំនួន ១២ ៨៣៧​ហ​.​ត ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន១០៥៦៥​ហ​.​ត ដោយ​ទទួល​ទិន្នផល​ជា​មធ្យម​ចំនួន​១២,៤៤៧​តោន​/​ហ​.​ត ដែលមាន​បរិមា​ណ​ផល​សរុប​ចំនួន​ប្រមាណ​១៣១៤៩៨​តោន​។​

​ផ្លែ​មៀន​ស្រស់​កម្ពុជា គឺជា​ផ្លែឈើ​ស្រស់​ទី​៣​បន្ទាប់ពី​ផ្លែ​ចេក​ស្រស់​និង​ផ្លែស្វាយ​ស្រស់ ដែល​អាច​នាំ​ចេញទៅ​ប្រទេស​ចិន​ដោយផ្ទាល់​។​នេះ​គឺជា​សមិទ្ធិផល​ផ្លែផ្កា​ថ្មី​មួយទៀត​ដែល​ប្រសូត្រ​ចេញពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕​ដោយៈសិរីមតី