កីឡា

Son មិនមានការបារម្ភនឹងការរកគ្រាប់បាល់មិនបាននោះទេ

កីឡាករ Son Heung-min របស់ក្លិប Tottenham Hotspur (Spurs) ទទូចថា រូបគេគ្មានការព្រួយបារម្ភ ចំពោះការរកគ្រាប់បាល់មិនបាននោះឡើយ ខណៈខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងរូបនេះ កំពុងសម្លឹងដល់ការវិលត្រឡប់ទៅរកទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួនឡើងវិញ។

កីឡាករ Son ស៊ុតបញ្ចូលទីបាន ១២គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ១៤លើកចុងក្រោយ កាលពីរដូវកាលមុន រហូតដល់បានឈ្នះស្បែកជើងមាសរបស់ក្របខ័ណ្ឌ Premier League រួមជាមួយខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមហង្សក្រហម Liverpool ទៀតផង ដោយរកបានគ្រាប់បាល់សរុប ២៣គ្រាប់។

ជារួម កីឡាករវ័យ ៣០ឆ្នាំរូបនេះ មិនអាចទម្លុះសំណាញ់ទីបានទេ ក្នុងការប្រកួតបើកឆាកចំនួន ៧លើករបស់ក្រុម Spurs រដូវកាលនេះ បន្ទាប់ពីមិនអាចរកគ្រាប់បាល់បានទៀត ក្នុងជ័យជម្នះ ២-០ នៅក្របខ័ណ្ឌ Champions League លើក្រុម Marseille កាលពីយប់ថ្ងៃពុធ។

តែយ៉ាងណាក៏ដោយចុះ ការធ្លាក់ទម្រង់លេងនេះ មិនបានធ្វើឱ្យកីឡាករ Son បាត់បង់តំណែងរបស់ខ្លួន ក្នុងចំណោមកីឡាករជម្រើសដំបូងរបស់លោក Antonio Conte នោះទេ ហើយរូបគេជឿជាក់ថា ត្រឹមតែ ១គ្រាប់ ក៏អាចចាប់ផ្តើមរដូវកាលរបស់ខ្លួនបានហើយ។

កីឡាករ Son បាននិយាយថា៖ «បើខ្ញុំនិយាយដោយស្មោះត្រង់ ខ្ញុំមិនអីទេ ប្រសិនបើខ្ញុំមិនមានឱកាស ក្នុងការចូលលេងនោះ ខ្ញុំនឹងមានការបារម្ភ តែខ្ញុំនៅតែទទួលបានឱកាសនេះ។ ក្នុងហ្គេមខ្លះ វាមានចង្វាក់ពេលវេលាមិនអំណោយផល។ ក្នុងហ្គេមខ្លះ វាមានការបញ្ចប់ទីមិនល្អ។ ទាំងនេះ នឹងធ្វើឱ្យខ្ញុំកាន់តែរឹងមាំ»។

«នេះគឺជាអ្វីដែលខ្ញុំអាចមើលឃើញថា នឹងមានភាពប្រសើរឡើង ដ្បិតខ្ញុំនៅតែមានចំណុចចន្លោះប្រហោងច្រើន ដើម្បីកែលម្អ។ តែអ្វីដែលសំខាន់បំផុត គឺយើងធ្វើបានល្អ ក្នុងនាមជាក្រុមមួយ។ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង ដែលក្រុមត្រូវការ»។ កីឡាករ Son បានបន្ត។

Son បានបន្ថែមទៀថា៖ «ក្នុងការប្រកួតខ្លះ ខ្ញុំពិតជាខកចិត្តណាស់ ដោយសារបើខ្ញុំមានឱកាសច្រើន ហើយបាល់មិនចូល វាធ្វើឱ្យខ្ញុំអស់សំណើច។ តែខ្ញុំមិនបារម្ភពីរឿងនេះទេ ព្រោះក្រុម និងបុគ្គលិក ហើយនិងអ្នកគាំទ្រទាំងអស់ កំពុងជួយខ្ញុំ។ ខ្ញុំគិតថា ប្រសិនបើខ្ញុំស៊ុតបាន ១គ្រាប់នោះ ទំនុកចិត្តនឹងត្រឡប់មកវិញ ហើយខ្ញុំសង្ឃឹមថា ខ្ញុំអាចបន្តដំណើរទៅមុខ និងស៊ុតបញ្ចូលទីបន្ថែមទៀត»៕