កីឡា

Chelsea តែងតាំងលោក Potter ជំនួសលោក Tuchel

លោក Graham Potter ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្រុមតោខៀវ Chelsea ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជំនួសលោក Thomas Tuchel ដែលត្រូវបានបញ្ចប់តួនាតីដ៏គួរឱ្យភ្ញាក់ផ្អើល។

បុរសសញ្ជាតិអង់គ្លេស លោក Potter វ័យ ៤៧ បានចាកចេញពី Brighton ដែលជាក្លិប នៅក្របខ័ណ្ឌ Premier League មួយទៀត ដើម្បីផ្លាស់ទៅទឹកដី Stamford Bridge ដោយក្រោយការសម្រេចយករូបលោកមកដឹកនាំក្រុមនេះ ក្លិប Chelsea បានសរសើរពីភាពវិវឌ្ឍទៅមុខជានិច្ច ក្នុងការប្រកួតប្រជែងបាល់ទាត់ និងការបង្វឹកប្រកបដោយភាពច្នៃប្រឌិត។

គាត់ទទួលបានការកោតសរសើរយ៉ាងខ្លាំង សម្រាប់ការបំពេញតួនាទី នៅឯក្លិប Brighton ដោយបានដឹកនាំក្រុមដែលមានរហស្សនាមថា «Seagulls» (រំពេសមុទ្រ) ឱ្យបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ ក្នុងតារាងលីគកំពូលរបស់អង់គ្លេស កាលពីរដូវកាលមុន ហើយបាននាំពួកគេឡើងទៅកាន់ចំណាត់ថ្នាក់ទី៤ នារដូវកាលនេះ ខណៈដែលគាត់បានទាមទារឱ្យមានការបង្ហាញនូវទម្រង់លេង ប្រកបដោយភាពរីករាយ និងកលល្បិចពីកីឡាកររបសគាត់។

ហ្គេមដំបូងរបស់លោក Potter ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea នឹងជាជំនួប រវាងក្រុមនៅទីក្រុងឡុងដ៍ជាមួយគ្នា គឺក្រុម Fulham នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

«ខ្ញុំមានមោទនភាព និងរំភើបខ្លាំងណាស់ ក្នុងការបានក្លាយជាតំណាងរបស់ក្លិប Chelsea FC។ នេះជាក្លិបបាល់ទាត់ដ៏អស្ចារ្យបំផុត។ ខ្ញុំពិតជារំភើបណាស់ ដែលបានរួមការងារជាមួយក្រុមអ្នកគ្រប់គ្រងថ្មីរបស់ក្លិប Chelsea ហើយមិនអាចទន្ទឹងរង់ចាំបានទៀតទេ ក្នុងការជួប និងធ្វើការជាមួយក្រុមកីឡាករដ៏គួរឱ្យរំភើប ដើម្បីអភិវឌ្ឍក្រុម និងវប្បធម៌ ដែលអ្នកគាំទ្រដ៏អស្ចារ្យរបស់យើងអាចមានមោទនភាពបាន»។ នេះជាសម្ដីរបស់លោក Potter៕