ព័ត៌មានជាតិ

ទឹកអូរព្រំដែនកម្ពុជា-ថៃបានហក់ឡើងខ្លាំង តែមន្ត្រីអាជ្ញាធរថាមិនទាន់បារម្ភទេ

បន្ទាយមានជ័យ៖ទឹកអូរព្រំដែនកម្ពុជា-ថៃ នាក្រុងប៉ោយប៉ែត បានហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់ ប៉ុន្តែមន្ត្រីអាជ្ញាធរថាមិនទាន់គួរឱ្យបារម្ភទេ។

លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឱ្យដឹងនៅថ្ងៃទី៩ ខែកញ្ញានេះថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងក្រុងប៉ោយប៉ែតភ្លៀងធ្លាក់ជាប់ៗគ្នានិងទទួលទឹកពីស្រុកអារញ្ញាប្រថេតខេត្តស្រះកែវប្រទេសថៃ ដែលមានសណ្ឋានដីខ្ពស់ជាង។ហេតុនេះបានបង្កឱ្យមានទឹកហក់ឡើងគួរឱ្យកត់សម្គាល់។

ប៉ុន្តែវាមិនទាន់បង្កជន់លិចលង់ផលដំណាំ លំនៅស្ថានប្រជាពលរដ្ឋ និងមិនទាន់មានអ្វីដែលគួរឱ្យព្រួយ​បារម្ភ​នៅឡើយទេ។ទឹកក៏មិនទាន់ដល់កម្រិតត្រូវប្រកាសអាសន្ននោះដែរ ។ទោះយ៉ាងណា រដ្ឋបាលក្រុងបានត្រៀមកម្លាំងប្រុងជើងការរួចជាស្រេចហើយ។

អភិបាលក្រុងប៉ោយប៉ែត រួមដំណើរជាមួយ មន្ត្រីរដ្ឋបាល-ក្រុងសង្កាត់-ភូមិ កងកម្លាំងប្រដាប់អាវុធ បានចុះពិនិត្យមើលស្ថានភាពទឹកដែលកំពុងហក់ឡើង។ក្នុងនោះទឹកអូរព្រំដែនប៉ែកខាងជើងច្រកព្រំដែន​អន្តរជាតិប៉ោយប៉ែត បានច្រាលមកលើផ្លូវដោយអន្លើ៕

ដោយ៖វិចិត្រ