កីឡា

អ្នកគាំទ្រម្នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ក្រោយការប៉ះទង្គិចគ្នា ក្នុងហ្គេម រវាង Nice និង Cologne

ការប៉ះទង្គិចគ្នាដោយហិង្សា ដែលបណ្ដាលឱ្យអ្នកគាំទ្រម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បានធ្វើឱ្យការប្រកួត នៅក្របខ័ណ្ឌ Europa Conference League កាលពីថ្ងៃព្រហស្បតិ៍ រវាងទីក្រុមម្ចាស់ផ្ទះ Nice និងក្រុម Cologne នៅភាគខាងត្បូងប្រទេសបារាំង ត្រូវពន្យារពេល។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរ ក្នុងតំបន់។

ការប្រកួតនៅក្នុងកីឡដ្ឋាន Allianz របស់ក្រុម Nice នឹងត្រូវចាប់ផ្តើមនៅម៉ោង ១៨:៤៥ (ម៉ោង ២:៤៥ នៅកម្ពុជា) តែត្រូវបានពន្យារពេលរហូតដល់ទៅជិត ១ម៉ោង បន្ទាប់ពីការប៉ះទង្គិចគ្នា បានផ្ទុះឡើងនៅទីលានប្រកួត រវាងអ្នកគាំទ្រនៃក្រុមរបស់បារាំង និងក្រុមអាល្លឺម៉ង់ ដែលជាគូប្រជែងនឹងគ្នា។

«UEFA (សហព័ន្ធបាល់ទាត់អឺរ៉ុប) និងអាជ្ញាធរក្នុងតំបន់បានសម្រេចចិត្តពន្យារពេលការប្រកួតដល់ម៉ោង ៧:៤០យប់ (ម៉ោង ៣:៤០ នៅកម្ពុជា)»។ នេះជាការឱ្យដឹងពីអ្នកប្រកាសប្រចាំកីឡដ្ឋាន ដោយបានព្រមានផងដែរថា ការប្រកួតនេះប្រឈមនឹងការលុបចោល ក្នុងករណីមានហេតុការណ៍បែបនេះកើ់តឡើងទៀត។

អ្នកគាំទ្រចំនួន ១១នាក់ ត្រូវបានរាយការណ៍ថា បានរងរបួស ក្នុងនោះអ្នកគាំទ្រទៅពី អាល្លឺម៉ង់ម្នាក់ ត្រូវសម្រាកនៅមន្ទីរពេទ្យ ដោយមានស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីធ្លាក់ ពេលកំពុងមានភាពចលាចល។

លោក Benoît Huber ប្រធានការិយាល័យនៃតំបន់ Alpes-Maritimes បាននិយាយប្រាប់ AFP ថា៖ «បុរសនោះបានធ្លាក់ពីរយៈកម្ពស់ ៥ម៉ែត្រ រវាងកន្លែងអង្គុយជាន់ទី ១ និងទី២។ ឥឡូវនេះ ស្ថានការណ៍ បានស្ងប់ស្ងាត់វិលទៅរកសភាពដើមវិញហើយ»។

ក្លិបទាំង២ កំពុងលេងក្នុងជុំទី១ នៃការប្រកួត នៅ Europa League Conference ប្រចាំពូល D ដែលជាក្របខ័ណ្ឌកម្រិតទាបជាងគេបំផុត ក្នុងចំណោមការប្រកួតប្រជែងបាល់ទាត់ទាំង៣ របស់ទ្វីបអឺរ៉ុប។ យ៉ាងណាក្ដី ការប្រកួតក៏ត្រូវបានរៀបចំរហូតដល់ចប់ចុងចប់ដើម ដោយក្រុមទាំង ២ ស្មើគ្នា ១-១៕