កីឡា

Leipzig ចែក​ផ្លូវ​ជាមួយ Tedesco ក្រោយ​ត្រូវ Shakhtar បំបាក់​ដល់ផ្ទះ

លោក Domenico Tedesco ត្រូវបានបញ្ចប់តួនាទី​ជា​គ្រូបង្វឹក​ក្នុង​ក្រុម RB Leipzig របស់អាល្លឺម៉ង់ហើយ កាលពីថ្ងៃពុធ ពោល​គឺ ១ថ្ងៃបន្ទាប់ពីការ​រង​បរាជ័យ​យ៉ាង​អាម៉ាស់ ក្នុង​លទ្ធផល ៤-១ ដោយសារក្រុម Shakhtar Donetsk របស់អ៊ុយក្រែន ក្នុងការប្រកួតបើកឆាក នៅក្របខ័ណ្ឌ Champions League របស់ពួកគេ។

វាកើតឡើងប៉ុន្មានខែ បន្ទាប់ពីលោក Tedesco បានដឹកនាំក្រុម Leipzig ឱ្យឈ្នះពានរង្វាន់ ក្នុង​កម្មវិធី German Cup តែ​មាន​ការចាប់ផ្តើមដ៏គួរឱ្យបារម្ភក្នុងយុទ្ធនាការ នៅលីគ​របស់ពួកគេ ដោយ​ដណ្ដើម​បាន​តែ ៥ពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួន ៥លើក ក្នុងក្របខ័ណ្ឌ Bundesliga។

ក្លិបបានបង្ហោះសារនៅ​លើ​បណ្ដាញសង្គម Twitter របស់​ខ្លួន​ថា៖ «ក្លិប RB Leipzig បានចែកផ្លូវជាមួយលោក Domenico Tedesco ដោយ​មាន​ប្រសិទ្ធភាព​​ភ្លាមៗ»។

សូម្បីតែមុនមាន​ការ​រង​ភាព​អាម៉ាស់​នេះ កាលពីថ្ងៃអង្គារ ក៏មានពាក្យចចាមអារ៉ាមថា ក្លិប Leipzig បានមាន​ពាក់​ព័ន្ធ​នឹង​អតីតគ្រូបង្វឹករបស់​ក្រុម Borussia Dortmund លោក Marco Rose រួច​ហើយ។ លោក Rose ដែល​មាន​កំណើតនៅ​ក្រុង Leipzig នេះ​តែម្ដង បានឈ្នះពានរង្វាន់លីគ​កំពូល​របស់​ប្រទេសអូទ្រីសចំនួន ២​ដង​ ជាមួយក្លិប Red Bull Salzburg។

បុរស​សញ្ជាតិអ៊ីតាលី លោក Tedesco អាយុ ៣៦ឆ្នាំ ទើប​បានចូលកាន់តំណែងកាលពីខែធ្នូមុន នៅពេលដែលក្លិប Leipzig បញ្ចប់​តំណែង​របស់​គ្រូបង្វឹក​សញ្ជាតិអាម៉េរិក លោក Jesse Marsch បន្ទាប់ពីមាន​លទ្ធផលមិនល្អ ដែលធ្វើឱ្យពួកគេឈរនៅលេខ ១១ ក្នុងតារាងពិន្ទុ ដោយមានគម្លាត​ដល់​ទៅ ៧ពិន្ទុពីការបាន​សិទ្ធិទៅ​លេងនៅ Champions League។

នាយកប្រតិបត្តិក្លិប Leipzig លោក Oliver Mintzlaff បាននិយាយកាលពីថ្ងៃពុធថា៖ «ការសម្រេចចិត្តដើម្បីដោះលែង​លោក Domenico Tedesco គឺពិបាកណាស់សម្រាប់ពួកយើង។ យើងបានមាន​ពាក់កណ្តាលរដូវកាលដ៏ជោគជ័យជាមួយលោក Domenico កាលពីឆ្នាំមុន។យើងសោកស្តាយ ដែលពេលនេះពួកយើងបែកគ្នា ហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Domenico Tedesco និងក្រុមការងាររបស់គាត់ សម្រាប់ការបំពេញតួនាទីបាន​យ៉ាង​ល្អ»៕