កីឡា

Chelsea ដាក់​គោល​ដៅ​យក Potter មក​ជំនួស​កៅអី​របស់ Tuchel ​​

ក្លិប Chelsea បានទាក់ទង​ទៅ​ក្លិប​រួម​លីគ Brighton ដើម្បី​សុំ​ពិភាក្សា​ជាមួយ​លោក Graham Potter បន្ទាប់ពីបាន​បញ្ចប់​តួនាទី​គ្រូបង្វឹក​របស់លោក Thomas Tuchel ក្រោយការ​រង​បរាជ័យក្នុងលទ្ធផល ១-០ កាលពីយប់ថ្ងៃអង្គារ នៅឯទឹកដីរបស់​ក្រុម Dinamo Zagreb ក្នុងការ​ប្រកួតនៅក្របខ័ណ្ឌ Champions League។

លោក Potter គឺជាជម្រើសដំបូងរបស់ក្រុម​តោខៀវ Chelsea តែលោក Mauricio Pochettino និងលោក Zinedine Zidane ដែលអ្នកទាំង២ នៅទំនេរពីការងារ ក៏ស្ថិតក្នុងបញ្ជីឈ្មោះ​អ្នកដែល​ត្រូវ​មក​ជំនួស​លោក Tuchel ដែរ។ លោក Potter មាន​តម្លៃ​ផ្ដាច់​កុង​ត្រា ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​នឹង​ថយចុះ​ជា​រៀងរាល់ឆ្នាំ និង​​បច្ចុប្បន្ន​​ប្រហែលជា​ ១៦លាន​ផោន (ជាង ១៨លានដុល្លារ)។

ការចាកចេញរបស់លោក Tuchel កើត​ឡើងបន្ទាប់ពីមាន​ការចាប់ផ្តើមរដូវកាលដ៏គួរខកចិត្ត ដោយក្លិបក៏បាន​ប្រកួត​ចាញ់ទាំងក្រុម Leeds និង Southampton នៅ Premier League ផង ហើយក៏​ត្រៀម​នឹង​កើត​ឡើងប​ន្ទាប់ពីទំនាក់ទំនងរបស់លោក Tuchel ជាមួយម្ចាស់​ក្លិបរួម លោក Todd Boehly មានភាពរកាំរកូស ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅដ៏ច្របូកច្របល់ដោយ​បញ្ហានេះ រហូត​នាំ​ឱ្យ​អ្នក​ទាំង ២ ស្ទើរ​តែ​ឈប់​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នាទៀត​ផង​​។

ក្លិប Chelsea បានចំណាយនូវ​ទឹក​ប្រាក់​ជាកំណត់ត្រា ២៦៦លានផោន (៣០៦លានដុល្លារ) ក្នុងទីផ្សារ​ដោះដូរ​កីឡាករនេះ ដើម្បីនាំយក Wesley Fofana, Marc Cucurella, Raheem Sterling, Kalidou Koulibaly, Carney Chukwuemeka និង Pierre-Emerick Aubameyang ក្នុងចំណោមកីឡាករ​ដទៃផ្សេងទៀត។ នោះបានបង្កើនសម្ពាធលើលោក Tuchel តែមិនមែនការចុះ​ហត្ថលេខា​ទាំងអស់ ជា​ការ​សម្រេច​របស់គាត់​នោះទេ ដោយ​មានករណីជាច្រើន​ផ្សេង​ទៀត ដែល​ម្ចាស់​ក្លិប ព្យាយាមយក​កីឡាករ​ផ្ទុយ​ពី​ការ​ចង់​បាន​របស់​គាត់​។

ឧទាហរណ៍ជាក់ស្ដែងមួយ គឺករណីរបស់កីឡាករ​ Anthony Gordon ដែលលោក Tuchel មិនចង់បាន។ អ្នកវិភាគទិន្នន័យរបស់លោក Boehly បានជំរុញឱ្យទិញ​យក​ខ្សែបម្រើរបស់ក្លិប Everton រូប​នេះ បន្ទាប់ពីមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះទម្រង់លេង​ខ្លះ​ៗ​របស់គេ តែ​លោក Tuchel មានអារម្មណ៍ថា គាត់មានកីឡាករច្រើនពេកហើយក្នុង​តំណែង​នេះ ហើយសមត្ថភាព​របស់​កីឡាកររូប​នោះ នៅ​មិនទាន់​គ្រប់គ្រាន់ឱ្យ​គាត់អាចពឹងពាក់បាននោះ​ឡើយ​៕