កីឡា

លោក Klopp និយាយថា ក្រុមហង្សក្រហម ត្រូវ​តែពង្រឹងខ្លួន​ឯងឡើងវិញ

អ្នកចាត់ការក្រុមលោក Jurgen Klopp បាននិយាយថា ក្រុមហង្សក្រហម Liverpool របស់​លោក ត្រូវតែសាង ឬ​ពង្រឹង​ខ្លួន​ឯងឡើងវិញ បន្ទាប់ពីមាន​ការចាប់ផ្តើមរដូវកាលមិនល្អ ដែល​ត្រូវមក​បូក​បន្ថែមទៀត​​ជាមួយនឹង​ការបរាជ័យ ៤-១ ក្រោមដៃរបស់ក្រុមម្ចាស់​ផ្ទះ Napoli ក្នុងការប្រកួតបើកឆាក នៅ​ក្របខ័ណ្ឌ Champions League កាលពីយប់​ថ្ងៃពុធ។

ទំហំនៃការបរាជ័យនេះ គឺ​ស្មើនឹងភាព​អាក្រក់បំផុតមិនធ្លាប់មានរបស់​ក្រុម​ Liverpool នៅ Champions League ហើយអាចនឹង​ធ្ងន់ធ្ងរជាងនេះទៅទៀត ប្រសិនបើអ្នក​ចាំទី Alisson Becker មិនអាចសង្គ្រោះបាល់ប៉េណាល់ទីក្នុងវគ្គ​ទី១ ពីការ​ស៊ុត​របស់​កីឡាករ Victor Osimhen ទេ​នោះ។

កីឡាករ Piotr Zielinski ស៊ុតបញ្ចូលទី ២គ្រាប់ ទាំងវគ្គទី ១ និង​ទី ២ រួម​ជាមួយ​នឹង​គ្រាប់​បាល់ពីកីឡាករ Andre-Frank Zambo Anguissa និង Giovanni Simeone បាន​ជួយ​ឱ្យ​ក្រុមរបស់​អ៊ីតាលីនាំមុខ ៤-០ មុន​នឹង​កីឡាករ Luis Diaz កាត់​បន្ថយ​បាន ១គ្រាប់​ នៅដើម​វគ្គ​ទី ២ តែ​យ៉ាង​ណា ក្រុម​របស់​លោក Klopp នៅ​តែ​វិល​ទៅ​អង់គ្លេសវិញ ជាមួយ​នឹង​ការ​ខកចិត្ត​យ៉ាង​ធំ​ធេង​។

ក្រុមហង្សក្រហមបានឈ្នះតែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោមហ្គេមបើកឆាកចំនួន ៧លើករបស់ពួកគេ នៅរដូវកាល​ថ្មី​នេះ ហើយ​កំពុង​ឈរនៅលេខ ៧ ក្នុងតារាង​ពិន្ទុ​របស់​ក្របខ័ណ្ឌ Premier League ដោយមាន​គម្លាត ៦ពិន្ទុ​ពីក្រោម​ក្រុម​ឈរ នៅកំពូល​តារាង​។

លោក Klopp បានប្រាប់ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ BT Sport ថា៖ «វាហាក់ដូចជាយើងត្រូវតែ​ប្រឹង​ប្រែង​ពង្រឹង​ខ្លួនឯង​ឡើងវិញ។ មានការ​ខ្វះខាតនូវ​ចំណុច​ជាច្រើន។ ផ្នែកដ៏​រីករាយ គឺយើងត្រូវសម្រេច​វា​ឱ្យ​បាន​នៅពាក់កណ្តាលរដូវកាលនៃ Premier League និងយុទ្ធនាការ នៅ Champions League»។

«ក្នុងរយៈពេល ៣ថ្ងៃ យើងត្រូវ​ប្រកួតជាមួយក្រុម Wolves ហើយនៅពេលដែលពួកគេ បានឃើញការប្រកួតនៅយប់នេះ ពួកគេមិនអាច​ទប់សំណើច​បានទេ ហើយគិតថា នេះ​ជាចង្វាក់ពេលវេលាដ៏ល្អឥតខ្ចោះ សម្រាប់​ពួក​គេ​។ ខ្ញុំគិតថា វាជាពេលវេលាដ៏ល្អឥតខ្ចោះមែន តែយើងត្រូវព្យាយាមស្វែងរកឱ្យ​ឃើញ​នូវ​ការរៀបចំ ដើម្បី​ធ្វើ​ឱ្យ​កាន់តែប្រសើរឡើងគ្រប់យ៉ាង»។ លោក​ Klopp បាន​បន្ថែម៕