កីឡា

Shakhtar របស់អ៊ុយក្រែន ទៅយកជ័យជម្នះដល់ផ្ទះរបស់ Leipzig

ក្រុម Shakhtar Donetsk របស់អ៊ុយក្រែន ដណ្ដើមបានជ័យជម្នះដ៏គួរឱ្យចងចាំ ក្នុងលទ្ធផល ៤-១ ក្នុងការប្រកួត នៅក្របខ័ណ្ឌ Champions League លើក្រុម RB Leipzig របស់ប្រទេសអាល្លឺម៉ង់ កាលពីយប់ថ្ងៃអង្គារ។

គ្រូបង្វឹករបស់ក្រុម Shakhtar លោក Igor Jovicevic បានឧទ្ទិសជ័យជម្នះនេះដល់ប្រទេស និងប្រជាជនអ៊ុយក្រែន ហើយអ្នកចាត់ការក្រុមសញ្ជាតិក្រូអាតស៊ី បានប្រាប់បណ្ដាញសារព័ត៌មាន DAZN ថា៖ «យើងទទួលខុសត្រូវ ចំពោះប្រទេសរបស់យើង និងចំពោះក្លិបរបស់យើង»។

ក្រុម Shakhtar ដែលមិនបានលេងក្នុងទីក្រុងរបស់ពួកគេសោះ តាំងពីឆ្នាំ២០១៤ មកនោះ មិនមានការប្រកួតណាមួយឡើយនៅឆ្នាំនេះ រហូតដល់ថ្ងៃទី២៣ ខែសីហា ដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយក្លិបបានបាត់បង់កីឡាករសំខាន់ៗជាច្រើននាក់ ចាប់តាំងពីសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) អនុញ្ញាតឱ្យកីឡាករបរទេស និងគ្រូបង្វឹកព្យួរកិច្ចសន្យារបស់ពួកគេ និងចាកចេញពីក្លិបបាន។

តែយ៉ាងណាក្ដី ពួកគេមិនបានបាត់បង់ស្មារតី ក្នុងនាមជាក្រុមមួយនោះឡើយ ជាក់ស្ដែង ក្នុងហ្គេម កាលពីយប់មិញនេះ ទោះបីជាខ្លួនជាក្រុមភ្ញៀវក៏ដោយ ក៏ពួកគេលេងដោយទំនុកចិត្ត ដោយនៅនាទីទី១៦ ក៏មានឱកាសបើកការនាំមុខ មុននឹងត្រូវក្រុមម្ចាស់ផ្ទះតាមស្មើវិញ នៅនាទីទី៥៧។

តែក្រោយមក ក្រុមដែលទៅពីប្រទេសហែកហួរដោយសង្គ្រាមឈ្លានពាននេះ ក៏បានស៊ុតបញ្ចូលទី ៣គ្រាប់ផ្ទួនៗ នៅនាទីទី៥៨ ៧៦ និង៨៥ ដោយជោគជ័យនេះ នាំឱ្យក្រុម Shakhtar ឈរលេខ ១ បណ្ដោះអាសន្ន ក្នុងពូល F ដោយមាន ៣ពិន្ទុស្មើជាមួយក្រុមលេខ ២ Real Madrid ដែលយកឈ្នះ Celtic ៣-០។

ក្រោយចប់ការប្រកួត ប្រធានក្រុមកីឡាករ Taras Stepanenko បានប្រាប់គេហទំព័រ uefa.com ថា៖ “ខ្ញុំមិនអាចធ្វើការស្រមៃដល់ហ្គេមបែបនេះ ក្នុងសុបិនដ៏សែនអាក្រក់បំផុតរបស់ខ្ញុំបាននោះឡើយ។ ខ្ញុំបាននៅជាមួយក្លិបអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ នេះគឺជាក្រុមថ្មី ហើយកីឡាករវ័យក្មេងទាំងនេះ មកពីសាលាបាល់ទាត់ថ្នាលរបស់ក្លិប Shakhtar។ ពួកគេមានស្មារតីរបស់ក្រុម Shakhtar ហើយនេះពិតជាជួយពួកយើងបានយ៉ាងច្រើន»៕