កីឡា

Pacquiao សម្លឺងដល់ការឡើងសង្វៀនម្ដងទៀត ក្នុងប្រកួត នៅអារ៉ាប៊ីសាអ៊ូឌីត

លោក Manny Pacquiao ដែលបានចូលនិវត្តន៍ពីកីឡាប្រដាល់កាលពីឆ្នាំមុន ដើម្បីទៅប្រកួតប្រជែងតំណែងប្រធានាធិបតីហ្វីលីពីន បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារថា គាត់កំពុងពិចារណាឡើងសង្វៀនជាថ្មីម្ដងទៀត ក្នុងការប្រកួតបែបកម្សាន្តសប្បុរសធម៌ នៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងខែមករា។

អតីតជើងឯកពិភពលោកវ័យ ៤៣ឆ្នាំរូបនេះ នឹងជួបពិភាក្សា ជុំវិញលទ្ធភាពនៃការប្រកួតជាមួយនឹងអតីតគូបដិបក្ខសញ្ជាតិបារាំង Jaber Zayani ក្នុងទីក្រុងរីយ៉ាដ។

«យើងនឹងគ្រាន់តែចាប់ផ្តើមពិភាក្សាគ្នា»។ នេះជាសម្ដីរបស់លោក Pacquiao ដែលពីមុនបដិសេធ ក្នុងការវិលមករកការប្រកួតប្រដាល់អាជីពវិញ ដោយនិយាយតាមរយៈទូរសព្ទពីទីក្រុងកំណើតរបស់គាត់ General Santos ជាកន្លែងដែលគាត់កំពុងរៀបចំឱ្យមានការប្រកួតសប្បុរសធម៌ទល់នឹងម្ចាស់ឆាណែលយូធូបរបស់កូរ៉េខាងត្បូង។

លោក Pacquiao បានបញ្ចប់អាជីពប្រដាល់រយៈពេល ២៦ឆ្នាំរបស់គាត់ជាមួយនឹងការចាញ់ពិន្ទុអ្នកប្រដាល់សញ្ជាតិគុយបា Yordenis Ugas ក្នុងខែសីហា ឆ្នាំ២០២១ ហើយក៏ដូចគ្នាដែរអតីតសមាជិកព្រឹទ្ធសភារូបនេះ កាលពីដើមឆ្នាំនេះ បានបរាជ័យ ក្នុងការប្រជែងតំណែងប្រធានាធិបតី ក្នុងប្រទេសរបស់គាត់។

លោក Pacquiao បានលើកឡើងពីការប្រកួតសប្បុរសធម៌របស់គាត់ជាមួយនឹងអ្នកប្រយុទ្ធយុទ្ធគុនចម្រុះ DK Yoo ដែលម្ចាស់ឆាណែលយូធូប នាថ្ងៃទី១០ ខែខាងមុខនេះ នៅទីក្រុងសេអ៊ូល ដោយនិយាយថា៖ «ខ្ញុំនឹងត្រៀមខ្លួនឱ្យដូចគ្នានឹងកាលដែលខ្ញុំហ្វឹកហាត់ សម្រាប់ការប្រកួតពិតប្រាកដ អ៊ីចឹង»។

Yoo មានអ្នកចុចជាវ (Subscriber) ច្រើនជាង ៦៥ ០០០០នាក់ នៅលើឆាណែលយូធូប ជាកន្លែងដែលរូបគេបានផ្សព្វផ្សាយទម្រង់ក្បាច់គុន ដោយខ្លួនឯង ដែលហៅថា «របៀប ឬវិធីប្រយុទ្ធ ក្នុងសង្គ្រាម»៕