ចំណេះដឹង

បុណ្យសែនលោកខែ ជាប្រពៃណីរបស់ជនជាតិចិនដែលមានប្រវត្តិយូរលង់ហើយ

ថ្ងៃបុណ្យសែន លោក ខែ ដែលជាប្រពៃណីចិននៅឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២២។ វាជាពិធីបុណ្យមួយរបស់ជនចិន ដែលតែងតែប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី ១៥ កើត ឬ ថ្ងៃពេញបូណ៌មី នៃខែទី ៨ របស់ប្រតិទិន ចិន ដែលត្រូវនឹងខែ កញ្ញា ឬ ខែតុលា នៃ ប្រតិទិនសូរិយគតិ។

ក្នុងថ្ងៃបុណ្យប្រពៃណីរបស់ជនជាតិចិនមួយនេះ តែងរៀបចំពិធីឆ្លងដោយការនាំយកនំនែក ផ្លែឈើ នានាច្រើនប្រភេទទុកសែននាពេលយប់។

នៅក្នុងប្រទេស សិង្ហបុរី ឬ ប្រទេសវៀតណាម បានចាត់ទុកជាថ្ងៃបុណ្យធំ ដោយតែងស្វាគមន៍ដោយ ការលម្អទៅដោយគោមភ្លើងព៌ណក្រហម យ៉ាងស្រស់ស្អាតនាពេលរាត្រី។ក្រៅពីនេះក៏មានលម្អ ទៅដោយ ផ្លែឈើ នំនែក  និង ការតុបតែងដ៏ឆើតឆាយ ដែលបានឃើញហើយគួររំភើបរីករាយ។

ចំណែកនៅប្រទេសកម្ពុជាបុណ្យប្រពៃណីមួយនេះបងប្អូនសែស្រឡាយចិន តែងប្រារព្ធធ្វើឡើង យ៉ាងខ្ជាប់ខ្ជួនទៅតាមលទ្ធភាពនៃជីវភាពរបស់ពួកគេរៀងៗខ្លួន។

ចាប់ពីចុងសប្តាហ៍មុនគេឃើញអ្នកលក់ដូរនំសម្រាប់រដូវសែនព្រះខែបានលក់តាមដងផ្លូវជាបន្តបន្ទាប់ដើម្បីទុកលក់ឱ្យអតិថិជនរបស់ខ្លួនផងដែរ។

បើតាមដំណើររឿងព្រេងនិទានទេវកថារបស់ជនជាតិ ចិន   បានតំណាលថា ពិធីថ្ងៃសែនបុណ្យ សែនព្រះខែ ត្រូវបានធ្វើតាំងពីសម័យកាលរាជវង្ស យាន ( ១៦០០-១០៤៦ ឆ្នាំ មុន គ.ស ) មកម្ល៉េះ ។សម្រាប់រឿងរាវទាក់ទិននឹងប្រវត្តិនៃពិធីបុណ្យសែនព្រះខែ នេះបានតំណាលថា អស់កាលជាយូរមកហើយ ឋានមនុស្ស បានរងវិបត្តិ ដ៏ធំមួយ គឺនៅលើមេឃមានព្រះអាទិត្យរហូត ដល់ទៅ ១០ ដួង បណ្តាលអោយផែនដីក្តៅខ្លាំង រាំងស្ងួតហួតហែងគ្មានភ្លៀងធ្លាក់ ពិបាកដល់ការរស់នៅទាំងមនុស្ស សត្វ និង រុក្ខជាតិ លើភពផែនដី ។ មនុសុ្ស សត្វ និង រុក្ខជាតិ ក៏បានស្លាប់ជាបន្តបន្ទាប់ ដោយសារក្តៅផង ខ្វះទឹក និង អាហារផង ។

ចំណេរកាលពេលនោះ ក៏បានលេចចេញនូវវត្តមានបុរសក្លាហានម្នាក់ដែលមាន ឈ្មោះថា Hou Yi ។ Hou Yi គឺជាអ្នកជំនាញខាងបាញ់ធ្នូ ហើយធ្នូរបស់គាត់មានអនុភាពខ្លាំងក្លា លើសអស់ធ្នូរបស់មនុស្ស ក្នុងលោក ហើយក៏លើសអស់ធ្នូនៅឋានទេវលោកទៀតផង ។

កាលនោះ Hou Yi បានសម្រេចចិត្តជួយ ប្រជាជន ទាំងអស់ ដោយវិធី បាញ់ព្រួញទម្លាក់ព្រះអាទិត្យ ទាំងនោះ ។ ទាំងមនុស្ស ទាំងទេវតា យល់ថា វាប្រហែលជារឿងមួយដែលមិនអាចនឹងទៅ រួចឡើយ ប៉ុន្តែដោយសារគ្មានជម្រើសផ្សេង ជនគ្រប់គ្នា ក៏បានព្រមឱ្យគាត់សាកល្បងមើល ។ ពេលនោះ Hou Yi បានឡើងទៅលើភ្នំដែលមានកម្ពស់ខ្ពស់ជាងគេ ដែលគាត់បានរកឃើញ ហើយគាត់ ក៏បានចាប់ផ្តើមបាញ់ទម្លាក់ព្រះអាទិត្យ ម្តង មួយដួងៗរហូតទាល់តែអស់ព្រះអាទិត្យ ចំនួន ៩ ដួង ដោយគាត់ទុកតែព្រះអាទិត្យមួយដួងប៉ុណ្ណោះសម្រាប់បំភ្លឺ និងផ្តល់ភាពកក់ក្តៅ ដល់មនុស្សសត្វ និង រុក្ខជាតិលើភពផែនដី ។

ពេលនោះហើយ ដែល Hou Yi បានក្លាយជាវិរៈបុរសរបស់មនុស្សលើភពផែនដី ហើយក៏ទទួល បានការកោតសរសើរពីទេវតាផងដែរ ។ Hou Yi ក៏ទទួលបានការអញ្ជើញរបស់ស្តេចឱ្យ ទៅកាន់ព្រះរាជវាំង ដើម្បី ទទួលបាននូវរង្វាន់យ៉ាងពិសេសមួយ ។ រង្វាន់ដ៏ពិសេសនោះ គឺជា ទឹកម្យ៉ាង ដែលអាចអោយ Hou Yi ហោះហើរទៅកាន់ឋានលើ និង មានជីវិតអមតៈ ។ទោះបីយ៉ាងណា គឺទឹកនោះមានតែមួយដប ហើយសម្រាប់តែមនុស្សម្នាក់ប៉ុណ្ណោះ ។ Hou Yi ស្រឡាញ់នាងឆាងអ៊ើ( Chang’e ) ដែលជាភរិយារបស់គាត់ណាស់ មិនចង់រស់នៅអមតៈ ឬទៅរស់នៅឋាន ទេវលោកដោយគ្មានភរិយារបស់គាត់ឡើយ ទើបគាត់មិនបានទទួលទានទឹកថ្នាំពិសេស នោះឡើយ ក៏ឱ្យ Chang’e យកទឹកទិពនោះទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព។

ចំណេរកាលក្រោយមក Hou Yi មានសិស្សម្នាក់ឈ្មោះថា Peng Meng ដែលជាមនុស្សលោភលន់ ក៏បានរៀបចំគម្រោងការលួចយកទឹកទិព្វនោះ។

ថ្ងៃមូយ Hou Yi បានចេញទៅបរបាញ់សត្វបាត់ Peng Meng បានទៅផ្ទះរបស់ Hou Yi ហើយយកដាវទៅគំរាម Chang’e ឱ្យប្រគល់ទឹកថ្នាំទិព្វនោះទៅឱ្យខ្លួន។  ដោយដឹងថាមិនអាច យកឈ្នះ Peng Meng បាន នាងក៏ផឹកទឹកថ្នាំទិព្វនោះអស់ ដើម្បីការពារវាកុំឱ្យធ្លាក់ក្នុងកណ្តាប់ ដៃរបស់ Peng Meng ។ នៅពេលដែល Hou Yi ត្រឡប់មកដល់ផ្ទះវិញ អ្វីៗបានយឺតពេលអស់ ទៅហើយ គឺគាត់បានត្រឹមតែឃើញ ប្រពន្ធជាទីស្រឡាញ់របស់ខ្លួនហោះទៅឋានព្រះចន្ទ បាត់ទៅហើយ។ Hou Yi ខូចចិត្តស្ទើរគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ពីព្រោះគាត់បានបាត់ បង់ប្រពន្ធជាទីស្រឡាញ់រៀងរហូត ។ ចាប់ពីពេលនោះមក នៅពេលដែលព្រះចន្ទពេញវង្ស Hou Yi តែងតែសម្លឹងមើលព្រះចន្ទ និង នឹកដល់ Chang’e របស់គាត់ជានិច្ច ។

ដោយសារអាណិតអាសូរដល់ Hou Yi ដែលជាអ្នកមានគុណរបស់ពួកគេ ប្រជាជនចិនក៏បាននាំគ្នា ធ្វើពិធីបុណ្យសែនព្រះខែ នៅរាល់យប់ថ្ងៃពេញបូណ៌មី ចាប់ពី ពេលនោះរហូតមកដល់ពេលបច្ចុប្បន្ន៕

ស្រាវជ្រាវនិងចងក្រងដោយ៖ ឧត្តម