កីឡា

Ten Hag ប្រាប់​ថា លោក​នឹង​ជា​មិត្តផង និងជា​​គ្រូផង​របស់ Ronaldo ​

លោក Erik ten Hag បានប្តេជ្ញានឹងផ្តល់ដល់ស៊ុបភើស្តារ Cristiano Ronaldo ទាំង​ការ​គាំទ្រ និង​ពេលវេលាដែលរូប​គេត្រូវការ ដើម្បីធ្វើ​យ៉ាងណាមាន​លទ្ធភាព​រួម​ជាមួយមិត្តរួមក្រុម Manchester United ដទៃ​ទៀត​របស់ខ្លួន​។

កីឡាករ Ronaldo បានអវត្តមាន​ភាគច្រើនក្នុង​​ការ​ប្រកួត​ត្រៀម​រដូវកាល និង​បានស្នើសុំ​ចាកចេញពីក្លិបនៅរដូវក្តៅនេះ តែ​បានក្លាយ​ជាផ្នែកមួយនៃក្រុមទាំង ៦ហ្គេម នៅក្របខ័ណ្ឌ Premier League ក្រោមការដឹកនាំរបស់លោក Ten Hag ដោយបាន​ចូល​លេងជា​កីឡាករ​ជម្រើស​ដំបូង ១ដង និងជា​កីឡាករ​បម្រុង ៥ដង។

ដោយ​ទីផ្សារដោះដូរកីឡាករនា​ពេលនេះ ត្រូវបាន​បិទហើយ ហើយកីឡាករ Ronaldo ត្រូវ​បង្ខំចិត្តឱ្យរក្សាការផ្តោតអារម្មណ៍របស់ខ្លួន​តែជាមួយក្រុម Man United នោះ លោក Ten Hag បានប្តេជ្ញាថា នឹងធ្វើអ្វីដែលគាត់អាចធ្វើទៅបាន ដើម្បីជួយឱ្យកីឡាករវ័យ ៣៧ឆ្នាំរូបនេះ ត្រឡប់មករក​ទម្រង់ល្អបំផុតរបស់ខ្លួន​វិញ។

លោក Ten Hag បាននិយាយមុនការទទួលបានជ័យជម្នះ ៣-១ លើក្រុមកាំភ្លើង​ធំ Arsenal កាលពីថ្ងៃអាទិត្យថា៖ «ខ្ញុំនឹងក្លាយជាមិត្តរបស់គេ ហើយពេលខ្លះខ្ញុំនឹងក្លាយជាគ្រូរបស់គេ។ វាអាស្រ័យលើស្ថានភាព។ ដូចដែលយើងទាំងអស់គ្នាដឹងថា រូប​គេ​អវត្តមានក្នុង​ការប្រកួត​ត្រៀម​រដូវកាល ហើយអ្នកមិនអាចខកខានក្នុង​ការ​ប្រកួត​បែប​នេះ​នោះ​ទេ​»។

«វាគឺជាការ​ប្រកួតមូលដ្ឋាន និងជាពិសេសក្នុងហ្គេមដែលយើងលេង ពោល​​វិធីសាស្ត្រនៃការលេង។ យើងលេងតាម​វិធី​មួយប្រភេទផ្សេងទៀត បើប្រៀបធៀបទៅនឹងឆ្នាំមុន។ វាអាស្រ័យលើតម្រូវការ ការ​រួម​សហការ និងតំណែងជាក់លាក់ ទាំងក្នុង និងក្រៅទីតាំង ដែល​ត្រូវ​ឈរ ហើយរឿងមួយទៀត គឺកាយ​សម្បទា (រឹង​មាំ ១០០% ឬអត់)»។ លោក Ten Hag បាន​បន្ត​។

លោក Ten Hag បានបញ្ជាក់អះអាង​ថា Ronaldo ក៏ដូចកីឡាករគ្រប់រូបក្នុងក្រុមដែរ នឹងត្រូវការពេលវេលាដើម្បីកែសម្រួលទម្រង់ ដោយទទួលស្គាល់ថា ខ្សែប្រយុទ្ធរូប​នេះនៅពីក្រោយកីឡាករ​ដទៃ​ទៀត​ក្នុង​ក្រុម ដោយសារការចូល​លេង​ត្រៀម​រដូវកាល​របស់គេ​តិច​ពេក​។

ក្លិប​ធំ​ៗ​មួយចំនួនជុំវិញពិភពលោក ត្រូវបានភ្ជាប់​ទំនាក់​ទំនងជាមួយកីឡាករ Ronaldo តែភាគច្រើននៃពួកគេ បានចេញបដិសេធជា​សាធារណៈ ក្នុង​ការចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូប​នេះ ក្នុង​នោះ​រួមមាន​ទាំង​ក្លិប Bayern Munich, Atletico Madrid ហើយ​ថ្មីៗនេះ ក្លិប Napoli។

កុងត្រាបច្ចុប្បន្នរបស់កីឡាករ Ronaldo មាន​សុពលភាព រហូតដល់ចប់រដូវកាលនេះ បើទោះបីជា​មាន​ជម្រើសដើម្បី​ឱ្យ​ក្រុម​ Man United បន្តកុងត្រានោះរយៈពេល ១២ខែបន្ថែមទៀតក៏ដោយ៕