កីឡា

Reece James ចុះកុង​ត្រាថ្មី ដើម្បី​បន្តរស់ជាមួយ Chelsea យូរអង្វែងទៀត

ខ្សែការពារ Reece James របស់ក្លិប Chelsea និងក្រុម​ជម្រើសជាតិអង់គ្លេស បានចុះកិច្ចសន្យាថ្មី​រយៈពេល ៥ឆ្នាំទៀត​ ដែលមាន​ន័យ​ថា នឹងរក្សារូប​គេនៅទឹក​ដី Stamford Bridge រហូតដល់ឆ្នាំ២០២៧។ នេះបើយោងតាមការ​ប្រកាស​របស់​ក្លិបយក្ស នៅក្របខ័ណ្ឌ Premier League កាលពីថ្ងៃចន្ទ។

ខ្សែការពារស្លាបស្តាំវ័យ ២២ឆ្នាំរូបនេះ បង្ហាញខ្លួនបានចំនួន ១២៨ហ្គេមហើយ សម្រាប់ក្រុមតោខៀវ បន្ទាប់ពីមក​ចូល​រួម​ តាម​រយៈ​ការ​ឆ្លងកាត់សាលាបាល់​ទាត់​ថ្នាល​របស់​ក្លិបផ្ទាល់​តែម្ដង​។

កីឡាករ James បានប្រាប់ឱ្យ​ដឹង​តាម​រយៈវេបសាយផ្លូវការរបស់ក្លិប Chelsea ថា៖ «ខ្ញុំមាន​អារម្មណ៍​រំភើប​ណាស់​ជាមួយនឹងកិច្ចសន្យាថ្មីរបស់ខ្ញុំនេះ ហើយខ្ញុំសូមអរគុណ ចំពោះអ្នកគាំទ្រ ម្ចាស់ក្លិប​ថ្មី និងអ្នកពាក់ព័ន្ធ ក្នុងក្លិបទាំង​អស់​»។

«​ខ្ញុំពិត​ជា​ពិបាក​ ក្នុង​ការ​រង់ចាំមើលថា តើអនាគតនឹងទៅជាយ៉ាងណានោះ​ ហើយខ្ញុំប្រាកដថា យើងនឹងមានឱកាសឈ្នះពានរង្វាន់ជាច្រើនបន្ថែម​ទៀត​»។ កីឡាករ James បាននិយាយបន្ត​។

James បាន​បន្ថែមថា​៖ «ខ្ញុំធំធាត់​ឡើងជាមួយ​នឹងការ​​គាំទ្រចំពោះ​ក្លិបនេះ ហើយខ្ញុំបាននៅទីនេះតាំងពីខ្ញុំមាន​អាយុ ៦ឆ្នាំមកម្ល៉េះ។ ខ្ញុំបានព្រម​ព្រៀង​ចុះហត្ថលេខាក្នុង​កិច្ចសន្យា​ថ្មីមួយ ព្រោះនេះគឺជាក្លិបដែលខ្ញុំចង់នៅ។ យើងមានអនាគតដ៏ភ្លឺស្វាងនៅខាងមុខរបស់​យើង»​។

ប្រធានក្លិប Chelsea លោក Todd Boehly បាននិយាយក្រោយ​ការ​បន្ត​កុង​ត្រា​នេះ​ថា៖ «យើងពិតជា​រំភើបណាស់ ដែល​បាន​ផ្តល់ឱ្យកីឡាករ James នូវកិច្ចសន្យារយៈពេលវែងថ្មីមួយ ដើម្បី​ឱ្យ​រូប​គេបន្ត​ស្នាក់​នៅ​ក្លិប Chelsea។ រូប​គេ​គឺជាកីឡាករឆ្នើមម្នាក់ និងជាមនុស្ស​របស់ក្លិប Chelsea ដ៏​ពិតប្រាកដ»៕