កីឡា

Nadal និយាយ​ថា មិន​ដឹងពេលណាត្រឡប់មកវិញទេ

កីឡាករវាយ​កូនបាល់អាជីព Rafael Nadal បានបញ្ជាក់ប្រាប់កាលពីថ្ងៃចន្ទថា រូប​គេមិនប្រាកដថា នៅពេលណានឹងត្រឡប់មកកាន់​ទីលានវិញនោះទេ បន្ទាប់ពីមិន​អាច​បន្ត​ដំណើរទៅមុខ ក្នុង​​ព្រឹត្តិការណ៍ US Open ២០២២ ក្រោយ​ចាញ់​​កីឡាករ​វ័យ​ក្មេង Frances Tiafoe ដែលនេះ​​ជាការ​ធ្លាក់លឿន​បំផុត គិត​ចាប់តាំងពីឆ្នាំ​២០១៦ មក​។

កីឡាករ Nadal ដែល​ជា​ម្ចាស់ពានរង្វាន់ ក្នុង​កម្មវិធី US Open នេះ ៤សម័យកាល និងដែលកំពុង​ប្រឹង​ប្រែងដណ្តើមឱ្យ​បាន​ជើងឯកលំដាប់ Grand Slam ជាលើកទី២៣ បានរង​បរាជ័យក្នុង​លទ្ធផល ៦-៤ ៤-៦ ៦-៤ និង ៦-៣ ក្នុងវគ្គ ១៦នាក់ចុងក្រោយ ក្រោម​ថ្វីដៃ​របស់​កីឡាករTiafoe ដែល​មានចំណាត់ថ្នាក់​លំដាប់ទី២៦ ពិភពលោក។

នេះ​ជាការចាញ់ ក្នុង​ប្រកួត Grand Slam លើកដំបូងរបស់​កីឡាករ Nadal ក្នុងឆ្នាំ​២០២២ បន្ទាប់ពីអាការឈឺពោះ បានបង្ខំឱ្យ​រូប​គេ​ចាក​ចេញ​ពី​ការប្រកួត នៅឯព្រឹត្តិការណ៍ Wimbledon ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយការបរាជ័យនេះ បានបញ្ចប់ការប្រកួត​លំដាប់​ Grand Slam ចំនួន ១៦ដងជាប់ៗគ្នា ដែលកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ យ៉ាងហោចណាស់ក៏បានឡើងដល់វគ្គ ៨នាក់​ចុងក្រោយដែរ។

Nadal បាន​និយាយ នៅឯ​សន្និសីទ​សារព័ត៌មាន​ថា​៖ «​ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​វិញ​។ ខ្ញុំ​ត្រូវ​ការពេលវេលាស្ដារ​ឡើងវិញ​។ ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​នៅ​ពេល​ណា​នោះ​ទេ។ ខ្ញុំនឹងព្យាយាមរៀប​ចំផ្លូវចិត្តឱ្យ​ប្រសើរ​វិញ។ នៅពេលដែលខ្ញុំមានអារម្មណ៍ថា ខ្ញុំនឹងត្រៀមខ្លួនរួចហើយ ដើម្បីប្រកួតប្រជែង ខ្ញុំនឹងលេច​មុខ​ម្ដង​ទៀត»។

«ឥឡូវនេះ ខ្ញុំត្រូវត្រលប់ទៅផ្ទះវិញ ខ្ញុំមានរឿងសំខាន់ៗ​ជាច្រើនជាងកីឡាវាយកូនបាល់ ដែល​ត្រូវ​ចូលរួម។ ការសម្រេចចិត្តនឹងត្រូវធ្វើឡើងដោយផ្អែកលើអ្វីគ្រប់យ៉ាង ដែលដំណើរការនៅក្នុងជីវិត​ផ្ទាល់ខ្លួនរបស់ខ្ញុំ ពោល​គឺអ្វីដែលកើតឡើងមុនពេលជីវិតអាជីពរបស់​ខ្ញុំ»។ នេះ​ជាការបន្ថែម​របស់​កីឡាករ Nadal៕