ព័ត៌មានជាតិ

អាស៊ានព្រួយបារម្ភចំពោះការគំរាមកំហែងដល់បេតិកភណ្ឌនៅតំបន់អាស៊ីអាគ្នេយ៍

សៀមរាប៖ក្រុមប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ ដែលហៅកាត់ថា(ASEAN)បានសំដែងការព្រួយបារម្ភចំពោះការគំរាមកំហែងនៃការជួញដូរវត្ថុបុរាណដែលជាសម្បត្ដិបេតិកភណ្ឌនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ននេះ។

ការព្រួយបារម្ភរបស់ប្រទេសសមាជិកសមាគមអាស៊ាននេះ បានបង្ហាញឡើងនៅក្នុងពេលជួបប្រជុំ រដ្ឋមន្ត្រីក្រសួងវប្បធម៌ ដែលកម្ពុជាធ្វើជាម្ចាស់នៃផ្ទះសន្និសីទអន្ដរជាតិស្ដីពីការការពារនិងទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ក្នុងតំបន់អាស៊ាន ដោយមានកិច្ចសហការជាមួយអង្គការ Antiquities Coalition នៃសហរដ្ឋ អាមេរិក នៅខេត្ដសៀមរាបចាប់ពីថ្ងៃទី៥-រហូតដល់៨ខែកញ្ញា ឆ្នាំ២០២២។

សេចក្ដីប្រកាសព័ត៌មាននៃសន្និសីទអន្ដរជាតិស្ដីពីការការពារនិងទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ក្នុងតំបន់អាស៊ាន បានឱ្យដឹងថាតំបន់អាស៊ាន កំពុងទទួលរងការគំរាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែប ក្នុងសហគមន៍ និងសេដ្ឋកិច្ចជាតិ ដែលជាបញ្ហាសំខាន់ចំពោះប្រជាជននៅទូទាំងតំបន់អាស៊ីអគ្នេយ៍។

សេចក្ដីប្រកាសព័ត៌មានដដែល ឱ្យដឹងទៀតថាក្រុមអ្នកជំនាញចម្រុះ នឹងរួមគ្នារៀបចំបង្កើតនូវវិធានការដ៏ជាក់លាក់មួយ ដើម្បីការពារកេរមតក នៅក្នុងតំបន់សម្រាប់ទុកឱ្យមនុស្សជំនាន់ក្រោយ និងស្វែងរករតនសម្បត្តិជាតិរបស់អាស៊ានដែលបានបាត់បង់ឱ្យវិលត្រឡប់មកវិញ។

អាស៊ាន កំពុងដើរតួនាទីដ៏សំខាន់ក្នុងការជំរុញឱ្យសារមន្ទីរ និងអ្នកប្រមូលសមុច្ច័យឯកជននានា ពិចារណាឡើងវិញនូវការប្រមូលនិងការទិញ ឬការទទួលយកវត្ថុបុរាណ។សេចក្ដីប្រកាសព័ត៌មានអាស៊ាន បានបន្ថែមថាពេលបច្ចុប្បន្ន កម្ពុជាកំពុងធ្វើយុទ្ធនាការសកល ដើម្បីស្វែងរករតនសម្បត្តិជាតិនានារបស់ខ្លួនដែលបានបាត់បង់ឱ្យវិលត្រឡប់មកមាតុភូមិវិញ។

រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ កម្ពុជាលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ត្រៀមខ្លួននឹងធ្វើជាប្រធាននៃកិច្ចប្រជុំពេញអង្គអន្តរជាតិ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវប្បធម៌ មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)នៅថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០២២ខាងមុខ ។ វេទិកាជាប្រវត្តិសាស្ត្រនេះ នឹងផ្ដល់ឱកាសក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាកាន់តែប្រសើរថែមទៀតរវាងប្រទេសសមាជិកអាស៊ាននិងប្រទេសជាដៃគូអន្តរជាតិសំខាន់ៗ មកពីអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីពិភាក្សាលើមធ្យោបាយនានាក្នុងក្របខណ្ឌអាស៊ាន សំដៅទប់ទល់នឹងបញ្ហាឆ្លងកាត់ព្រំដែននេះ។

ក្នុងអំឡុងសង្គ្រាមច្រើនទសវត្សកន្លងមក សម្បត្តិវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា ជាច្រើនត្រូវបានគេលួចនាំចេញដោយ ខុសច្បាប់ ដោយមានការដាក់លក់ក្នុងទីផ្សារសិល្បៈអន្តរជាតិ ប៉ុន្ដែក្នុងពេលដែលកម្ពុជាមានសន្ដិភាពយ៉ាងពេញលេញនេះ  រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងធ្វើការជាមួយបណ្តាប្រទេសនានាក្នុងការកាត់ បន្ថយអំពើចោរកម្ម ការជួញដូរវត្ថុបុរាណគួរឱ្យកត់សម្គាល់ ហើយជាបន្តបន្ទាប់ គឺបាននាំយកវត្ថុសម្បត្តិវប្បធ៌ម៌របស់កម្ពុជាទាំងនោះវិលត្រឡប់មកមាតុភូមិវិញជាហូរហែ។

កាលពីពេលថ្មីៗ កម្ពុជាទទួលបានមកវិញនូវវត្ថុសិល្បៈដ៏ល្អឯកចំនួន ៣០រូប ក្នុងនោះមានរូប ចម្លាក់ព្រះគណេសនិងព្រះស្កន្ទគង់លើសត្វក្ងោក ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ សហរដ្ឋអាមេរិក។ ស្នាដៃចម្លាក់ដ៏ល្អឯកទាំងពីរនេះ មានប្រភពមកពីតំបន់ ប្រាសាទកោះកេរ ដែលជារាជធានីនៃអាណាចក្រខ្មែរបុរាណក្នុងសតវត្សរ៍ទី១០នៃគ.ស។កន្លងកកម្ពុជា បានទាមទារមកវិញនូវសម្បត្តិវប្បធម៌ជាតិជាច្រើន ឱ្យបញ្ជូនត្រឡប់ពីបរទេសវិញ៕