ព័ត៌មានជាតិ

ភូមិអភិវឌ្ឍន៍រុនតាឯកជាក្តីសង្ឃឹមរបស់អ្នកផ្លាស់ប្ដូរចេញពីតំបន់រមណីយដ្ឋានអង្គរ

ហេដ្ឋារចនាសម្ព័ន្ធថ្មី លើផ្ទៃទំហំប្រមាណ១០៤៦ហិកតា នៅតំបន់រុនតាឯក ឃុំរុនតាឯក នៃស្រុកបន្ទាស្រី នឹងក្លាយទៅជាភូមិអភិវឌ្ឍន៍ដ៏សំបូរបែប ដែលពុំធ្លាប់មាន សម្រាប់ត្រៀមទទួលប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ។

បច្ចុប្បន្នកងវិស្វកម្ម សម្ដេចតេជោ ក្រោមការរៀបចំដោយក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហា​សំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតក្រោមការ គ្រប់គ្រងរបស់អាជ្ញាធរជាតិ​អប្សរាកំពុងប្រើគ្រឿងចក្រជាច្រើនគ្រឿង ឈូសឆាយសំអាតផ្ទៃដី។ ក្នុងនោះគឺធ្វើផ្លូវធំទូលាយ រៀបចំប្រព័ន្ធផ្លូវទឹក ព្រមទាំងបែងចែងដីជាផ្នែកៗ ហើយដាក់លេខសំគាល់ ដើម្បីរង់ចាំប្រជាពលរដ្ឋ ដែលបានចាប់ឆ្នោតទទួលយកដីរួចហើយ អាច ទៅពិនិត្យនិងស្វែងរកប្លង់ដីរបស់ខ្លួនបាន។

តាមការរៀបចំហេដ្ឋារចនាសម្ព័ន្ធគឺ បែងចែកផ្ទៃដីចំនួន៦០០៥ឡូតិ៍ ដោយក្នុងគំរោងមានទាំងសាលារៀន ចាប់តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ វិទ្យាល័យ មានមណ្ឌលសុខភាព មានគំរោងរៀបចំទីផ្សារ ទីអារាមសម្រាប់ព្រះសង្ឃ  ព្រមទាំងអគាររដ្ឋបាលផងនោះ  អាចឱ្យជឿជាក់បានថាអនាគត រុនតាឯកនឹងក្លាយទៅជាភូមិអភិវឌ្ឍន៍និងជាទីប្រជុំជនថ្មីមួយដែលពុំធ្លាប់មានពីមុនមក។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលទទួលបន្ទុករៀបចំប្លង់​ហេដ្ឋារចនាសម្ព័ន្ធទីនោះ ឯកឧត្តម លី រស្មី បានឲ្យដឹងថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ​នៅរុនតាឯកនោះ គឺបានគិតគូរយ៉ាងសំខាន់ទៅលើ ការកសាងសាលារៀន មណ្ឌលសុខភាព ទីវត្តអារាម ព្រមទាំងអគារដ្ឋបាល និងវិស័យសំខាន់ៗជាច្រើនទៀតដូចជាគំរោងដាំដើមឈើហូបផ្លែអមតាមដងផ្លូវ​តាំងពីច្រកចូល រហូតទៅដល់ក្នុងតំបន់ទាំងមូល ដើម្បលើកសម្រស់និងលំអភូមិ ឱ្យក្លាយទៅជាភូមិ​គំរូមួយដែលពុំធ្លាប់មានពីមុនឡើយ។

ឯកឧត្តម លី រស្មី បានឱ្យដឹងទៀតថា៖តាមការរំពឹងទុកភូមិអភិវឌ្ឍន៍រុនតាឯកនឹងក្លាយ ទៅជាភូមិអភិវឌ្ឍន៍គំរូមួយ នៅពេលអនាគត ដោយសារតែភូមិនោះ មានប្រជាពលរដ្ឋរស់នៅ​ស្រាប់មួយផ្នែក និងមួយផ្នែកទៀតជាភូមិធម្មជាតិរុនតាឯក។ ចំណែកធម្មជាតិនៅទីនោះ​ក៏មានភាពស្រស់បំព្រងមានការទាក់ទាញ រួមទាំងនៅក្បែរនោះមានបឹងបុរាណសក្តិសិទ្ធិមួយ និងមានបឹងជលា ដែលមានទឹកថ្លាខៀវស្រងាត់ប្រៀបបាននិងទឹកសមុទ្រផងនោះ ពិតជាអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចង់ទៅទស្សនានិងចេញចូលមិនដាច់។

មានប្រជាពលរដ្ឋជាច្រើន ដែលស្ម័គ្រចិត្តផ្លាស់ប្ដូរលំនៅដ្ឋានចេញពីតំបន់អង្គរ ដោយបានចាប់ឆ្នោត​ទទួលយកដីថ្មីទំហំ២០គុណ៣០ម៉ែត្ររួចហើយនោះ បាននាំគ្នាជាបន្តបន្ទាប់ទៅពិនិត្យ​មើលទីតាំងដី​របស់ពួកគាត់។

ភាគច្រើននៃប្រជាពលរដ្ឋដែលបានទីឃើញកន្លែង ដែលពួកគាត់ត្រូវទៅតាំងទីលំនៅថ្មីនោះ គឺសំដែងការពេញចិត្តនិងក្តីរីករាយ ដោយពួកគាត់យល់ថាពិតជាតំបន់ ដែលគួរឱ្យចង់រស់នៅមែន។

ភូមិអភិវឌ្ឍន៍រុនតាឯក ស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រភាគឦសានពីទីរួមខេត្តសៀមរាប។ ស្ថានភាពភូមិសាស្រ្តនៅទីនោះ ពិតជាមានសក្តានុពលសម្រាប់អនាគត ពីព្រោះតែនៅជុំវិញទីនោះ មិនឆ្ងាយប៉ុន្មាន សុទ្ធតែជាកន្លែងដែលអាចទាក់ទងនិងការរកចំណូលសេដ្ឋកិច្ច សម្រាប់គ្រួសារបាន ដូចជានៅប៉ែកខាងកើតមិនឆ្ងាយប៉ុន្មាន គឺជារមណីយទេសចរណ៍ធម្មជាតិបឹងត្រាវកុដិ និងតំបន់ព្រលានយន្តហោះអន្តរជាតិថ្មីនាទឹកដីឃុំតាយ៉ែកស្រុកសូទ្រនិគម។ចំណែកនៅប៉ែកខាងជើង មិនឆ្ងាយប៉ុន្មានគឺជាតំបន់ទេចរណ៍ភ្នំគូលែន ហើយនៅជុំវិញតំបន់រុនតាឯកទាំងមូល គឺសុទ្ធតែជាតំបន់បៃតង តំបន់កសិកម្ម ដែលអាចធ្វើឱ្យអ្នកចូលចិត្តដាំដុះ និងចិញ្ចឹមសត្វគឺមានភាព​ងាយស្រួល ចំណែក ឯអ្នកចង់ប្រកបរបររកស៊ីក៏អាចរកចំណូល​បានក្នុងទីប្រជុំជនថ្មី ហើយអ្នកដែល​ចង់បំរើសេវាកម្មទេសចរណ៍ក៏មានសក្តានុពលយ៉ាងច្រើនលើមុខរបរHome stay ដែរ៕