កីឡា

Antony ជា​កីឡាករប្រេស៊ីល​ទី១ ដែល​ស៊ុត​បញ្ចូលទីនៅថ្ងៃបង្ហាញខ្លួនដំបូងឱ្យ Man United

Antony បង្ហាញ​ឱ្យ​ឃើញ​នូវ​​ទម្រង់លេង​​យ៉ាង​ល្អអស្ចារ្យ ​​ដោយ​ការ​ស៊ុត​បញ្ចូល​ទី ១គ្រាប់ ក្នុង​ជ័យជម្នះ ៣-១ របស់​ក្រុម​បិសាចក្រហម Manchester United លើ​ក្រុមកាំភ្លើង​ធំ Arsenal កាលពីថ្ងៃអាទិត្យ ដែល​គ្រាប់​បាល់​នេះបាន​ធ្វើ​ឱ្យ​រូប​គេក្លាយជាកីឡាករសញ្ជាតិប្រេស៊ីលដំបូងគេបង្អស់ដែលរក​គ្រាប់​បាល់​បាននៅ​ថ្ងៃ​បង្ហាញ​ខ្លួន​ដំបូងឱ្យ​ក្លិប នៅ​ក្របខ័ណ្ឌ​ Premier League។

ខ្សែបម្រើស្លាប ដែលបានមកដល់ដោយ​ការ​ធ្វើដំណើរ​ពី​ក្លិប Ajax ក្នុងកិច្ចព្រមព្រៀងតម្លៃ ៨១,៣លានផោន (៩៤,២៥លានដុល្លារ) បានរត់​ទៅ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ស្អាត​ពី​ការបញ្ជូនរបស់​ខ្សែប្រយុទ្ធ Marcus Rashford ដោយ​នោះ​​ជា​គ្រាប់​បាល់​ជួយ​ឱ្យ​ក្រុម Man United បើក​ការនាំមុខក្នុង​ការ​ប្រកួត នៅកីឡដ្ឋាន Old Trafford។

Antony បានក្លាយជាកីឡាករប្រេស៊ីលទី៩ ដែលបានបង្ហាញខ្លួនឱ្យក្រុម Man United នៅ Premier League ហើយ​ដោយ​មាន​វ័យ ២២ឆ្នាំ និង ១៩២ថ្ងៃ គ្រាប់បាល់នេះធ្វើឱ្យគាត់ក្លាយជាកីឡាករប្រេស៊ីល​ក្មេងជាងគេបំផុត ដែលអាចរកគ្រាប់បាល់បាននៅថ្ងៃបង្ហាញ​ខ្លួន​ដំបូង ក្នុង​ក្របខ័ណ្ឌ Premier League សម្រាប់ក្រុមណាមួយ។

Casemiro បានក្លាយជាកីឡាករប្រេស៊ីលទី៨ ដែលលេចមុខក្នុង​សម្លៀកបំពាក់​របស់​ក្រុម​បិសាចក្រហម ក្នុងការប្រកួតកាលពីខែមុន បន្ទាប់ពីចូលរួម ដោយ​ការ​ចាក​ចេញ​ពី​ក្រុម Real Madrid តែ​ខ្សែបម្រើរូបនេះនៅតែទន្ទឹង​រង់ចាំ ក្នុង​ការបាន​ចូល​លេង​ជម្រើស​ដំបូង សម្រាប់ក្លិប​។

Antony គឺជាការ​បន្ថែម​កីឡាករ​ចំណូល​ថ្មី​ដ៏​ថ្លៃបំផុតរបស់ក្រុម Man United ក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅ​ដ៏មមាញឹករបស់​ខ្លួន ដោយរួម​បញ្ចូល​ជាមួយ​កីឡាករដូចជា Christian Eriksen, Tyrell Malacia, Lisandro Martinez, Casemiro និង Martin Dubravka ក្នុងការផ្លាស់​មក​កាន់​ទឹក​ដី Old Trafford៕