កីឡា

Alisson ថា Liverpool កំពុង​ប្រសើរឡើង ទោះ​ចាប់ផ្ដើម​រាងទ្រេតទ្រោត

អ្នក​ចាំទី Alisson Becker ជឿជាក់ថា ក្រុម Liverpool របស់​ខ្លួនកំពុងតែមានភាពប្រសើរឡើងបន្តិចម្ដង​ៗ បើទោះបីជាមាន​នូវ​ការ​ចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុត នៅក្របខ័ណ្ឌ Premier League ក្រោមការដឹកនាំរបស់លោក Jurgen Klopp ក៏ដោយ ខណៈ​ដែល​ក្រុមហង្សក្រហម បានបញ្ចប់ក្នុងលទ្ធផលស្មើជាមួយ​ក្រុម Everton ក្នុង​ជំនួប Merseyside Derby។

បន្ទាប់ពីបាត់បង់ឱកាសជាច្រើន ក្នុងលទ្ធផល ០-០ ពី​ការ​ប្រកួត នៅកីឡដ្ឋាន Goodison Park កាលពីថ្ងៃសៅរ៍ ក្រុម Liverpool ទទួលបានត្រឹមតែ ៩​ពិន្ទុប៉ុណ្ណោះពីការប្រកួត ៦​លើក​ដំបូងនៃរដូវកាល​ថ្មី ដែលជាចំនួនសរុប​ទាបបំផុត គិត​ចាប់តាំងពីពួក​គេដណ្តើមបានត្រឹម​ ៨ពិន្ទុ ក្រោមការដឹកនាំរបស់លោក Brendan Rodgers ក្នុងរដូវកាល ២០១៥-២០១៦។

ហ្គេមទី​២៥  នៅ Premier League របស់ក្រុម Liverpool ក្នុង​ឆ្នាំ២០២២ ក៏ជាលើកទី១ ដែរ ដែលពួកគេមិន​អាច​ទម្លុះសំណាញ់ទីបាន ដោយទាំង​កីឡាករ Mohamed Salah និង Luis Diaz បានស៊ុត​ត្រឹម​បុក​របារទី ខណៈ​ដែលការ​ស៊ុត​ផ្សេង​ៗទៀត មិនអាច​​រួច​ផុត​ពី​ដៃ​​​អ្នកចាំទី Jordan Pickford របស់​ក្រុម Everton។

ក្រោយ​ចប់​ការ​ប្រកួត អ្នក​ចាំទី​របស់​ក្រុម​ហង្សក្រហម Alisson ដែល​បាន​ជួយ​សង្គ្រោះ​បាល់​យ៉ាង​ច្រើនក្នុង​ហ្គេម​នេះដែរ បាន​និយាយប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា៖ «យើងពិតជាផ្តោតលើការទទួលបានជ័យជម្នះមកវិញ។ វាពិតជាសំខាន់ណាស់ ដែលយើងបាន​ឈ្នះការប្រកួតចុងក្រោយ (ពេលលេងទល់នឹង Newcastle United កាលពីថ្ងៃពុធ)»។

«មិនមែនចេះតែទទួលបានលទ្ធផលដែលអ្នកចង់បាននោះទេ តែអ្នកត្រូវតប្រឹង​តស៊ូ ដើម្បីសម្រេច​លទ្ធផលនោះ។ អ្នកត្រូវតែមានភាពស៊ីចង្វាក់គ្នា ក្នុងការលេងរបស់អ្នក ហើយពួកយើងនឹងទៅដល់គោល​ដៅ។ យើង​កំពុង​​ប្រសើរ​ឡើង​ៗ បើ​មើល​ពី​ការ​ប្រកួត​ចុង​ក្រោយ​របស់យើង ដោយ​រៀង​រាល់ហ្គេម ​​យើង​កំពុង​ប្រសើរ​ម្ដងបន្តិច​ៗ»។ កីឡាករ Alisson បាន​បន្ត​។

នៅពេលសួរថា តើក្រុម​ Liverpool ធ្វើបានល្អគ្រប់គ្រាន់ ដើម្បីយកឈ្នះលើក្រុម Everton ដែរឬទេ កីឡាករអន្តរជាតិប្រេស៊ីលបានឆ្លើយ​តប​ថា៖ «យើងមិនទទួល​បាន​ជ័យ​ជម្នះ ដូច្នេះចម្លើយគឺអត់​ទេ។ តែ​យ៉ាង​ណា យើង​ធ្វើ​បាន​ល្អ​គួរ​សម​ដែរ​»។

ក្រុម Liverpool នឹងបង្វែរការចាប់អារម្មណ៍របស់ខ្លួនទៅក្របខ័ណ្ឌ Champions League វិញ នៅពេលដែលពួកគេត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់​ក្រុម​ Napoli នាយប់​ថ្ងៃពុធ មុនពេលបើក​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួនទទួលក្រុម Wolverhampton Wanderers ក្នុងការប្រកួត​បន្ទាប់​របស់​ពួកគេនៅ Premier League នាថ្ងៃសៅរ៍៕