កីឡា

កំណត់ត្រាចំនួន ៥ នៅ Premier League រង់ចាំ Haaland បំបែក

បង្ហាញកំណត់ត្រា នៅ​ក្របខ័ណ្ឌ Premier League ចំនួន ៥ ទាំង​របស់​កីឡាករ កាល​ពី​អតីត និង​បច្ចុប្បន្ន ​ដូចជា Alan Shearer, Sergio Aguero និង Mohamed Salah ដែលកំពុងរង់ចាំឱ្យ​កីឡាករ Erling Haaland របស់ក្លិប Manchester City ធ្វើការបំបែក បន្ទាប់​ពីបង្ហាញខ្លួន ក្នុងរដូវកាលដំបូងបាន​យ៉ាង​ត្រចះត្រចង់។

Erling Haaland ដែល​ជា​ខ្សែប្រយុទ្ធថ្មីរបស់ក្រុម Manchester City បានស៊ុតបញ្ចូលទីដល់​ទៅ ១០គ្រាប់​  ក្នុងការបង្ហាញខ្លួនត្រឹមតែ ៦លើក​ប៉ុណ្ណោះ នៅ​ក្របខ័ណ្ឌ Premier League បន្ទាប់ពីទម្លុះសំណាញ់​ទីបាន ១គ្រាប់ទៀត ក្នុងការប្រកួតដែល​ក្រុមមេឃខៀវ ស្មើជាមួយក្រុម​ម្ចាស់ផ្ទះ Aston Villa ១-១  កាលពីថ្ងៃសៅរ៍ទី​៣ ខែកញ្ញា។

ខ្សែប្រយុទ្ធជម្រើសជាតិន័រវែស សម្រេច​បានកំណត់ត្រា ក្នុង​ការ​ស៊ុត​បានរហូត​ ១០គ្រាប់លឿនបំផុត នៅក្របខ័ណ្ឌកំពូលរបស់​អង់គ្លេស ក្នុងរយៈពេល ៣០ឆ្នាំ ដោយ​ស្មើ​គ្នា​នឹងចំនួនរបស់​លោក Micky Quinn ដែល​ធ្វើបានឱ្យ​ក្រុម Coventry City កាល​ពី​ខែធ្នូ ឆ្នាំ១៩៩២។

ទោះយ៉ាងណាក៏ដោយ នៅ​មានកំណត់ត្រាផ្សេងទៀត នៅ Premier League ដែល Haaland ទំនងជានឹងបំបែកបាន​ តួយ៉ាងដូច ៥ ខាង​ក្រោម​នេះ៖

១-ស៊ុត​បញ្ចូលទីបានច្រើនបំផុត ក្នុង ១រដូវកាល តាំងពីប្រើប្រព័ន្ធប្រកួត ៣៨ហ្គេម ក្នុង១​រដូវកាល

កីឡាករដែលកាន់កំណត់ត្រានេះ គឺខ្សែបម្រើស្លាប Mohamed Salah របស់ក្រុមហង្សក្រហម Liverpool ដោយស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុត ក្នុងរដូវកាល ២០១៧-២០១៨ រហូតដល់​ទៅ​ចំនួន ៣២គ្រាប់។

២-មធ្យមភាគ​ស៊ុត​បញ្ចូល​ទីល្អបំផុត គិត​ជា​នាទី

Sergio Aguero ដែល​ជា​អតីតខ្សែប្រយុទ្ធក្រុម Man City គ្រង​កំណត់ត្រានេះ បន្ទាប់ពីមាន​មធ្យមភាគ​ស៊ុត​បញ្ចូលទីបាន នៅ​រៀងរាល់ ១០៨នាទី រហូត​ម​ដល់​ពេល​នេះ កីឡាករ Haaland រកគ្រាប់​បាល់បានជាមធ្យមភាគ​​រៀងរាល់ត្រឹម​តែ ៤៣នាទីប៉ុណ្ណោះ។

៣-ធ្វើ​ហ៊ែតទ្រិក (ស៊ុត ៣គ្រាប់) ច្រើនជាងគេបំផុត នៅ Premier League

កីឡាករដែលកាន់កំណត់ត្រាហ៊ែតទ្រិក​ជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រ Premier League គឺនៅ​តែ​ជា​ Aguero ដោយ​សម្រេច​បាន​សរុបចំនួន ១២លើក តែ​ប្រសិនបើ​គិត​​ត្រឹម​ ១​រដូវកាល​វិញ គឺ Alan Shearer ដែល​ជា​អតីតខ្សែប្រយុទ្ធរបស់ក្រុម Blackburn Rovers ជាមួយ​នឹង​ចំនួន ៥ដងក្នុងរដូវកាល ១៩៩៥-១៩៩៦ ចំណែក​ឯ Haaland បង្ហាញ​ខ្លួន​ត្រឹម​តែ ​៦​ហ្គេម​ ធ្វើបាន​ហើយ ​២​ហ៊ែតទ្រិក។

៤-អ្នក​ស៊ុតបញ្ចូលទីបាន​ច្រើនជាងចំនួនហ្គេម​

រហូត​មកទល់ពេលនេះ គ្មានកីឡាករ​ណា​ម្នាក់ស៊ុតបញ្ចូលទីបានដល​ទៅ ៣៨គ្រាប់ នៅ Premier League ក្នុង ១រដូវកាល ស្មើនឹងចំនួនការប្រកួតនោះទេ ខណៈដែល Haaland ចូល​លេងបានត្រឹមតែ ៦ប្រកួតប៉ុណ្ណោះ ក៏​រក​បាន ១០គ្រាប់ទៅហើយ ដែលផ្តល់ឱកាសខ្ពស់បំផុតឱ្យ​រូប​គេ ក្នុងការក្លាយជាកីឡាករដំបូង ដែលរកគ្រាប់បាល់បាន​លើស ៣៨គ្រាប់ ក្នុងរដូវកាលតែមួយ។

៥-អ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុត​គ្រប់កាល នៅ Premier League

ស្ថិតិ ឬកំណត់​ត្រា​នេះ អាចប្រើ​ពេលរាប់ឆ្នាំ ដើម្បីសម្រេចបាន បន្ទាប់​ពី​អ្នកស៊ុតបញ្ចូលទីច្រើន​ជាងគេ​គ្រប់កាល នៅ​ Premier League រហូតមកដល់ពេលនេះ គឺ Alan Shearer ដែលបំប៉ោង​សំណាញ់​ទី​រួច​ហើយបាន​ចំនួន ២៦០គ្រាប់ ដូច្នេះ កីឡាករ Haaland នៅសល់ ២៥១ គ្រាប់​ទៀត ទើប​បំបែកចំនួន​នេះ​បាន​៕