កីឡា

Liverpool ខ្ចីជើង Arthur ពី​ Juve នៅថ្ងៃចុងក្រោយ

កីឡាករ Arthur Melo បានប្តេជ្ញាថា រូប​គេនឹងប្រឹង​ប្រែង​ឱ្យ​អស់ពីលទ្ធភាព ក្នុង​សម្លៀក​បំពាក់​​របស់ក្រុមហង្សក្រហម Liverpool បន្ទាប់ពីចាកចេញ​ពី​ក្រុម​សេះបង្កង់ Juventus មក​រួមជាមួយក្រុមរបស់លោក Jurgen Klopp ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ១រដូវកាល។

ក្រុមហង្ស​ក្រហម​បាន​បញ្ជាក់​ពីការ​មក​ដល់​របស់​ខ្សែ​បម្រើសញ្ជាតិប្រេស៊ីល​វ័យ ២៦ឆ្នាំ ​ដោយ​មាន​រយៈ​ពេល​តែ​ ១​ម៉ោងប៉ុណ្ណោះ ​មុន​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នារដូវក្ដៅ​នេះត្រូវ​បាន​បិទ​បញ្ចប់​ជាផ្លូវការ។

កីឡាករ Arthur នឹងមក​ជួយលោក Klopp នៅតំបន់បម្រើកណ្ដាល បន្ទាប់ពីប្រធានក្រុម Jordan Henderson ដើរ​ខ្ញើចៗ​ចេញ​ពីទីលាន ពេល​ប៉ះក្រុម Newcastle ដោយ​ត្រូវ​ចូលរួម​ជាមួយ Thiago Alcantara, Naby Keita និង Alex Oxlade-Chamberlain ក្នុងបញ្ជីឈ្មោះ​របស់​កីឡាករ​រង​របួស​។

​ពាក់អាវដ៏អស្ចារ្យជាមួយនឹងផ្លាកសញ្ញាដ៏ល្បីល្បាញនេះ ដែលតំណាងឱ្យពិភព​បាល់ទាត់យ៉ាងច្រើន។ វាជាក្ដីសុបិនមួយ»។

«យើងបាននិយាយគ្នា​យ៉ាង​ច្រើន ហើយគំនិត និងចក្ខុវិស័យរបស់យើង គឺត្រូវគ្នា​ល្អ​ ដូច្នេះខ្ញុំប្រាកដថា វាជាជម្រើសដ៏ត្រឹមត្រូវ។ ខ្ញុំពិតជាសប្បាយចិត្ត និងទទួលបានការ​លើកទឹកចិត្តខ្ពស់ ដែល​ជួយ​បន្តក្តីសុបិនរបស់ខ្ញុំនៅលើទីលាន ហើយខ្ញុំនឹង​ប្រឹង​ប្រឹង​ឱ្យ​អស់​ពីលទ្ធភាព ក្នុង​សម្លៀកបំពាក់​របស់​ក្រុម Liverpool»។ កីឡាករ Arthur បាន​បន្ត​។

រូប​គេ​បាន​បន្ថែម​ថា​៖ «ក្លិប Liverpool មានប្រវត្តិដ៏អស្ចារ្យក្នុងវិស័យ​បាល់ទាត់។ ខ្ញុំបានលេងទល់​នឹងក្រុម Liverpool ខ្ញុំដឹងថា វាមានអារម្មណ៍យ៉ាងណា ក្នុងការនៅក្នុងកីឡដ្ឋាន ដែល​មាន​អ្នក​គាំទ្រនៅពីក្រោយពួកគេ។ ពីមុន ខ្ញុំ​លេង​ប្រឆាំង តែ​ឥឡូវនេះ​ខ្ញុំ​នៅ​ខាង​ពួកគេ ដូច្នេះ​ខ្ញុំ​ពិត​ជា​រំភើបណាស់។ នេះជាក្លិបដ៏ធំមួយ ដែលមានអ្នកចាត់ការ និងកីឡាករដ៏អស្ចារ្យ។ ដូចដែលខ្ញុំបាននិយាយពីមុនមក វាជាក្ដី​សុបិនក្នុង​ការ​បាន​មក​នៅទីនេះ»។

កីឡាករ Arthur បានមកដល់ទឹក​ដី Anfield បន្ទាប់ពីចំណាយ ២រដូវកាលជាមួយក្រុម Juve ដែលនៅទីនោះ រូប​គេបានបង្ហាញខ្លួនចំនួន ៦៣លើក និងស៊ុតបញ្ចូលទីបាន ១គ្រាប់ បន្ទាប់ពី​ផ្ទេរពីក្លិប Barcelona ក្នុងខែកញ្ញា ឆ្នាំ​២០២០។ ជាមួយ​គ្នា​នេះ ក្លិបយក្សអ៊ីតាលី ក៏​បានបញ្ជាក់ដែរ​ថា ក្រុម Liverpool មានជម្រើសក្នុង​ការ​ផ្ទេរ​ជាអចិន្ត្រៃយ៍នៅបញ្ចប់​រដូវកាលនេះ៕