កីឡា

Chelsea ពង្រឹង​តំបន់​ប្រយុទ្ធ ដោយ​យក Aubameyang ​រួម​ការងារ​ជាមួយ Tuchel ម្ដងទៀត

Chelsea បាន​ទុក​ឱ្យ​រាង​យឺតពេល​បន្តិចក្នុង​ការ​បង្កើន​ជម្រើសនៅតំបន់​ប្រយុទ្ធ​របស់​ខ្លួន ដោយ​​ទាក់ទាញ​កីឡាករ Pierre-Emerick Aubameyang ឱ្យ​ព្រម​ត្រឡប់​មក​កាន់​ក្របខ័ណ្ឌ Premier League វិញ។

ក្រុមតោខៀវ បានប្រកាសពីការវិលត្រឡប់របស់ខ្សែប្រយុទ្ធ Aubameyang មកកាន់​ការ​ប្រកួតបាល់ទាត់អង់គ្លេស ស្ទើរតែ​ជិត ៩០នាទី បន្ទាប់ពីទីផ្សារដោះដូរកីឡាករ រដូវក្ដៅនេះ បានបិទបញ្ចប់។

កីឡាករ Aubameyang វ័យ ៣៣ឆ្នាំ បាននិយាយក្រោយ​ការ​ផ្ទេរនេះ​ថា៖ «ខ្ញុំពិតជា​រីករាយណាស់។ វាជាកិត្តិយសមួយ ដែលបានក្លាយជាផ្នែកមួយនៃក្រុមនេះ ហើយខ្ញុំមិនអាច​ទន្ទឹងរង់ចាំក្នុង​ការចាប់ផ្តើមនោះទេ។ ខ្ញុំ​មាន​កិច្ចការខ្លះដែល​មិន​ទាន់​បញ្ចប់​សព្វគ្រប់ ​ជាមួយ Premier League ដូច្នេះ ​វា​ជា​ការ​ល្អ​ក្នុង​ការ​ត្រឡប់​មក​វិញ ​ហើយ​ពិត​ជា​គួរ​ឱ្យ​រំភើបណាស់»។

អតីតកីឡាករជម្រើសជាតិហ្គាបុង បានចូលរួមជាមួយក្រុម​អ្នកមាន​បុណ្យ Barcelona កាលពីដើមឆ្នាំនេះ បន្ទាប់ពីក្លិប Arsenal បានលុបចោលកិច្ចសន្យាជាមួយ​​រូប​គេ តែក្លិបយក្សរបស់អេស្ប៉ាញ បានចំណាយ​ប្រាក់ ចំពេលមានការបញ្ហាផ្នែកហិរញ្ញវត្ថុ។

គេជឿថា ក្លិប Chelsea បាន​ចំណាយត្រឹមតែជាង ១០លានផោន (១១,៥៤លានដុល្លារ) ដើម្បីនាំ​យក​អតីតប្រធានក្រុមកាំភ្លើងធំមក​រួម​ការងារម្ដង​ទៀត​ជាមួយ​គ្រូបង្វឹក លោក Thomas Tuchel ដែលធ្លាប់ជា​គ្រូ និងសិស្ស កាល​នៅ​ក្លិប Borussia Dortmund ហើយកីឡាករ Aubameyang ត្រូវបានគេរំពឹងថា នឹងក្លាយជាចំណុចស្នូលនៃ​ប្រព័ន្ធប្រយុទ្ធថ្មីនៅទឹកដី Stamford Bridge នៅពេលរូបគេជាសះស្បើយពីរបួសថ្គាមបាក់។

ក្រុមតោខៀវ រក​បានត្រឹមតែ ៧ពិន្ទុប៉ុណ្ណោះពីការប្រកួតបើកឆាក នៅ Premier League ៥លើករបស់ពួកគេ ហើយកីឡាករ Raheem Sterling គឺជាខ្សែប្រយុទ្ធតែម្នាក់គត់ ដែល​មាន​ឈ្មោះក្នុង​បញ្ជី​អ្នក​ស៊ុត​បញ្ចូល​ទីរបស់​ក្លិប សម្រាប់រដូវកាលនេះ៕