កីឡា

Bellerin ត្រឡប់ទៅក្លិបកំណើត ក្នុងលក្ខខណ្ឌឥតតម្លៃខ្លួន

កីឡាករ Hector Bellerin បានវិល​ត្រឡប់ទៅចូល​រួម​ជាមួយ​ក្លិបដើម​ដំបូងរបស់ខ្លួន​វិញ គឺអ្នក​មាន​បុណ្យ Barcelona ក្នុងនាមជាកីឡាករឥតគិតថ្លៃ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្លិប​ Arsenal បាន​ព្រមព្រៀងបញ្ចប់កិច្ចសន្យារបស់ខ្សែការពារស្តាំសញ្ជាតិអេស្ប៉ាញរូប​នេះ។

កីឡាករវ័យ ២៧ឆ្នាំ បានចូលរួមជាមួយ Barca ដែលជាក្លិបនៅ​ស្រុក​កំណើត នៅលើកទី ១ ពេលមានអាយុ ៨ឆ្នាំ តែបានផ្លាស់ទៅកាន់ក្លិប Arsenal នៅវ័យ ១៦ឆ្នាំ។

កីឡាករ Bellerin បានចូលលេងក្នុង​ការប្រកួតនៅក្របខ័ណ្ឌ Premier League ចំនួន ១៨៣ដង សម្រាប់ក្រុម​កាំភ្លើង​ធំ ដោយ​ក្នុង​នោះរួម​ចំណែក​ជួយ​ឱ្យ​ក្រុម​យក្ស​ក្រុង​ឡុងដ៍ឈ្នះពាន​ ក្នុង​កម្មវិធី FA Cup ៣ដង។ ជាមួយ​គ្នា​នេះ រូប​គេបានឈ្នះពាន Copa del Rey ពេល​ចូល​រួម​ជាមួយ​ក្រុម Real Betis ក្នុង​លក្ខខណ្ឌខ្ចីជើង កាល​ពីរដូវកាល​មុន។

កីឡាករ Bellerin នឹង​ជំនួសកន្លែង​របស់​កីឡាករសញ្ជាតិអាម៉េរិក Sergino Dest ដែលត្រូវ​បាន​ក្លិប​ Barca ឱ្យក្រុមនៅអ៊ីតាលី AC Milan ខ្ចីជើងកាលពីថ្ងៃព្រហស្បតិ៍ ដោយមាន​ជម្រើស​ទិញផ្ដាច់ ក្នុងតម្លៃ ២០លានអឺរ៉ូ ។

ក្លិប​ Barca មាន​ភាព​មមាញឹក​យ៉ាង​ខ្លាំង ក្នុង​ទីផ្សារដោះដូរ​កីឡាករនារដូវក្ដៅ​នេះ ដោយ​នៅមុន​នេះ បានចុះហត្ថលេខាជាមួយ​កីឡាករឥតតម្លៃខ្លួន Franck Kessie និង Andreas Christensen ព្រម​ទាំង​បានទិញយកកីឡាករ Raphinha, Robert Lewandowski និង Jules Kounde៕