កីឡា

Guardiola ថា Haaland អាចនឹងក្លាយជាវីរបុរសរបស់ Man City

លោក Pep Guardiola ហ៊ាននិយាយ ឬហ៊ានភ្នាល់ថា កីឡាករ Erling Haaland នឹងក្លាយជាវីរបុរសរបស់ក្លិប Manchester City បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិន័រវែសរូបនេះ ធ្វើបានហ៊ែតទ្រិក (ស៊ុត ៣គ្រាប់) ២លើកបន្តបន្ទាប់គ្នា ដែលជាចំណែកយ៉ាងធំធេង ក្នុងការជួយឱ្យក្រុមមេឃខៀវបំបាក់ក្រុម Nottingham Forest ៦-០ កាលពីយប់ថ្ងៃពុធ។

កីឡាករ Haaland បានធ្វើឱ្យក្រុម Forest វង្វែងវង្វាន់ ជាមួយនឹងគ្រាប់បាល់ ៣គ្រាប់ ក្នុងរយៈពេល ២៦នាទី ក្នុងវគ្គទី ១ សម្រាប់ការប្រកួត នៅកីឡដ្ឋាន Etihad នេះ ពោលគឺត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរូបគេបានស៊ុតបញ្ចូលទី ៣គ្រាប់ដែរទល់នឹងក្រុម Crystal Palace។

កីឡាករវ័យ ២២ឆ្នាំ គឺជាកីឡាករដំបូងគេ ក្នុងយុគសម័យរបស់ក្របខ័ណ្ឌ Premier League ដែលបានទម្លុះសំណាញ់ទីដល់ទៅ ៩ដង ក្នុងចំណោមការបង្ហាញខ្លួន ៥លើកដំបូងរបស់ខ្លួននៅក្នុងការប្រកួត ដោយបំបែកកំណត់ត្រារួមរបស់លោក Sergio Aguero ដែលជាអតីតកីឡាករដាយដលរបស់ក្រុម Man City និងលោក Micky Quinn។

កីឡាករ Haaland នៅមានដំណើរផ្លូវវែងឆ្ងាយទៀត ដើម្បីតាមទាន់លោក Aguero ដែលជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រារបស់ក្លិប Man City តែលោក Guardiola មានទំនុកចិត្តថា កីឡាករចំណូលថ្មី ដែលចេញពីក្លិប Borussia Dortmund រូបនេះ អាចសរសេរខ្លួនឯងចូលទៅក្នុងសៀវភៅកំណត់ត្រារបស់ក្លិបបាន។

លោក Guardiola បាននិយាយថា៖ «Sergio (Aguero) គឺជាវីរបុរស។ គ្មាននរណាម្នាក់អាចបំបែកទីតាំងរបស់គេ ក្នុងបេះដូងរបស់អ្នកគាំទ្រក្រុម Man City បានឡើយ ដោយការស៊ុតបញ្ចូលទីគ្រាប់បាល់ដ៏សំខាន់បំផុត ក្នុងប្រវត្តិសាស្រ្តសម័យទំនើបនេះ»។

«កីឡាករ Erling (Haaland) មានគុណភាពនោះ។ វាមិនពាក់ព័ន្ធនឹងរូបគេ ឬ Sergio នោះទេ។ អ្វីដែល Sergio បានធ្វើ គឺអស្ចារ្យណាស់។ ប៉ុន្តែ Erling មានទេពកោសល្យនេះ។ នៅពេលដែលក្លិប Man City ទិញ Erling មនុស្សគ្រប់គ្នាបាននិយាយអំពីអ្វីដែលរូបគេបានធ្វើពីអតីតកាល។ អ្វីដែលយើងចង់ធ្វើ គឺការជួយជំរុញរូបគេ។ សង្ឃឹមថា រូបគេអាចរីករាយ ហើយស៊ុតបញ្ចូលទីឱ្យបានច្រើនគ្រាប់បន្ថែមទៀត»។ លោក Guardiola បានបន្ថែម។

ជាមួយនឹងរូបភាពនេះ កីឡាករ Haaland គឺជាអ្នកមានសិទ្ធិខ្ពស់រួចហើយ ក្នុងការបញ្ចប់រដូវកាល នៅ Premier League ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ តែលោក Guardiola ទទូចថា ការជួយក្រុម Man City ឱ្យរក្សាតំណែងជើងឯក នឹងមានន័យជាងខ្សែប្រយុទ្ធរូបនេះ សម្រេចសមិទ្ធផលផ្ទាល់ខ្លួន៕