កីឡា

Fofana សម្លឹងដល់ការឈ្នះជើងឯក ក្រោយចូលរួមជាមួយតោខៀវ

កីឡាករ Wesley Fofana បានកំណត់គោលដៅរបស់ខ្លួនលើការឈ្នះជើងឯក បន្ទាប់ពីបានចូលរួមជាមួយក្លិប Chelsea ដោយការចាកចេញពីក្លិប Leicester City ក្នុងតម្លៃ ៧០លានផោន (៨១លានដុល្លារ)។

ក្រុមតោខៀវ បានផ្ដល់ជូនខ្សែការពារកណ្តាលដ៏ឆ្នើមរូបនេះនូវកិច្ចសន្យារយៈពេលវែងដល់ទៅ ៧ឆ្នាំ បន្ទាប់ពីចំណាយពេលចរចាយ៉ាងយូរ ហើយកីឡាករ Fofana វ័យ ២១ឆ្នាំ បានបង្ហាញពីបំណងប្រាថ្នារបស់ខ្លួន ក្នុងការប្រជែង ដើម្បីឈ្នះពានរង្វាន់ ដែលជាហេតុផលចម្បង នៅពីក្រោយការសម្រេចចិត្តផ្លាស់មកកាន់ទឹកដី Stamford Bridge។

ក្រោយមានការផ្ទេរជាផ្លូវការកើតឡើង រូបគេបាននិយាយថា៖ «២ថ្ងៃចុងក្រោយនេះ គឺជាថ្ងៃដ៏ធំសម្រាប់ខ្ញុំ ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំបានហ្វឹកហាត់ នៅព្រឹកនេះជាមួយក្រុម ហើយវាជាក្តីសុបិន សម្រាប់ខ្ញុំ។ ខ្ញុំពិតជារំភើបណាស់ ក្នុងការចាប់ផ្តើមធ្វើការប្រកួត សម្រាប់អ្នកគាំទ្រ និងក្លិបថ្មីនេះ»។

«ខ្ញុំមកទីនេះដើម្បីឈ្នះពានរង្វាន់ ដូចជា Champions League, Premier League, FA Cup, Carabao Cup និងអ្វីគ្រប់យ៉ាង។ ខ្ញុំមកទីនេះ ដើម្បីជ័យជម្នះ ហើយក្លិបត្រូវបានសាងសង់ឡើង ដើម្បីឈ្នះពានរង្វាន់ ដូច្នេះខ្ញុំនៅទីនេះដើម្បីបន្តសម្រេចរឿងទាំងនោះ»។ នេះជាសម្ដីបន្ថែមរបស់កីឡាករ Fofana។

មុននឹងមានការចែកផ្លូវគ្នាននេះ កីឡាករ Fofana បានបង្ហាញខ្លួនចំនួន ៥២លើក ក្នុងការចំណាយពេល ២ឆ្នាំជាមួយក្រុមរហស្សនាម «Foxes» (កញ្ជ្រោង) តែត្រូវបានឱ្យទៅហ្វឹកហាត់ជាមួយក្រុមអាយុក្រោម ២៣ឆ្នាំ និងដកឈ្មោះចេញក្រុម សម្រាប់ ២ប្រកួតចុងក្រោយ ខណៈដែលរូបគេព្យាយាមជំរុញឱ្យមានការផ្ទេរចេញពីក្លិប។

រូបគេបានក្លាយជាកីឡាករចំណូលថ្មីទី ៧ របស់ក្លិប Chelsea នៅរដូវក្តៅនេះ ហើយនឹងផ្តល់ឱ្យគ្រូបង្វឹក លោក Thomas Tuchel នូវកម្លាំងបន្ថែមដែលត្រូវការជាខ្លាំង ក្នុងតំបន់ការពារកណ្ដាល។ កីឡាករ Fofana អាចនឹងបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមតោខៀវ Chelsea នាថ្ងៃសៅរ៍នេះ ក្នុងជំនួបជាមួយក្រុមគូប្រជែងក្រុងឡុងដ៍ West Ham United នៅកីឡដ្ឋាន Stamford Bridge៕