កីឡា

Aubameyang រងរបួសថ្គាម ក្នុងហេតុការណ៍ប្លន់ ក្នុងផ្ទះ

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុមអ្នកមានបុណ្យ Barcelona បាននិយាយកាលពីថ្ងៃពុធថា បានរងរបួសថ្គាម អំឡុងពេលមានការប្លន់ប្រដាប់អាវុធដោយហិង្សា នៅក្នុងផ្ទះរបស់ខ្លួន តែរូបគេរំពឹងថា នឹងជាសះស្បើយ ក្នុងពេលឆាប់ៗនេះ។

ក្រោយមានហេតុការណ៍នោះ កីឡាករ Aubameyang បានសរសេរ នៅលើបណ្ដាញសង្គម Twitter ថា៖ «កាលពីយប់ថ្ងៃអាទិត្យ មនុស្សកំសាកដ៏ឃោរឃៅប៉ុន្មាននាក់ បានចូលផ្ទះរបស់យើង ហើយបានគំរាមគ្រួសារ និងកូនៗរបស់ខ្ញុំ ដោយគ្រាន់តែលួចរបស់របរខ្លះ។ ពួកគេបានធ្វើឱ្យខ្ញុំរបួសថ្គាម តែខ្ញុំនឹងបានជាសះស្បើយវិញក្នុងពេលឆាប់ៗនេះ ហើយសូមអរគុណដល់ព្រះជាម្ចាស់ ដែលគ្មាននរណាម្នាក់រងគ្រោះថ្នាក់ដល់រាងកាយនោះទេ»។

«អារម្មណ៍ដែលយើងលែងមានសុវត្ថិភាព នៅក្នុងផ្ទះរបស់យើង គឺពិបាកយល់ និងពណ៌នាណាស់ តែក្នុងនាមគ្រួសារមួយ យើងនឹងជម្នះលើបញ្ហានេះឱ្យបាន ហើយឈរឲ្យបានរឹងមាំជាងពេលណាៗទាំងអស់»។ នេះជាការសរសររៀបរាប់បន្ថែមរបស់កីឡាករវ័យ ៣៣ឆ្នាំ។

យ៉ាងហោចណាស់ មានបុរស ៤នាក់ បានលួចចូលផ្ទះរបស់កីឡាករ Aubameyang នៅក្រុង Castelldefels ក្បែរៗក្រុង Barcelona។ ពួកគេបានចូលទៅក្នុងផ្ទះតាមសួនច្បារ ហើយបានភ្ជង់គំរាមកីឡាករ និងប្រពន្ធរបស់គេ ដោយកាំភ្លើង និងដំបងដែក ហើយវាយបុរសជាប្ដី។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីបណ្ដាញសារព័ត៌មាន នៅអេស្ប៉ាញ។

យោងតាមរបាយការណ៍ ចោរទាំងនោះបានរត់គេចខ្លួនតាមរថយន្ត បន្ទាប់ពីបង្ខំឱ្យអតីតកីឡាករជម្រើសជាតិហ្គាបុងបើកទូសុវត្ថិភាព ហើយយកគ្រឿងអលង្ការ នៅខាងក្នុង។ ហេតុការណ៍នេះ ក៏កើតឡើង ចំពេលដែលកីឡាករ Aubameyang ត្រូវបានផ្សារភ្ជាប់ជាមួយនឹងព័ត៌មាននៃការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ បន្ទាប់ពីមានការចាប់អារម្មណ៍ពីក្លិប Chelsea។

កាលពីដើមខែនេះ ប៉ូលិសក៏បានរកឃើញនាឡិការបស់ Robert Lewandowski ដែលជាខ្សែប្រយុទ្ធរបស់ក្រុម Barcelona ម្នាក់ផ្សេងទៀត ក្រោយត្រូវបានលួច នៅពេលកីឡាកររូបនេះ ដើរចុះហត្ថលេខាឱ្យអ្នកគាំទ្រ មុនពេលចូលហ្វឹកហាត់៕