សេដ្ឋកិច្ច

ក្រុមហ៊ុនជាង៥០មកពីប្រទេសចំនួន១០ សុំវិនិយោគបង្កើតរោងចក្រកែច្នៃសំរាមទៅជាថាមពល

ភ្នំពេញ៖ក្រុមហ៊ុនជាង៥០ មកពីប្រទេសចំនួ១០ បានចាប់អារម្មណ៍ទៅលើគម្រោងបង្កើតរោងចក្រកែច្នៃសំរាមទៅជាថាមពលនៅកម្ពុជា។ក្រុមហ៊ុនទាំងនោះរួមមានមក​ពីប្រទេសអឺរ៉ុប អូស្រ្តាលី ឥណ្ឌានិងពីសហរដ្ឋអាមរិកដែលសុទ្ធតែជាក្រុមហ៊ុនធំៗមានបទពិសោធន៍ខ្ពស់ ។

នេះបើតាមការឱ្យដឹងរបស់លោក ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផល​សម្រេច​​បានរយៈពេល៥ឆ្នាំកន្លង មក របស់ក្រសួងបរិស្ថាន”នាព្រឹកថ្ងៃទី ៣០ ខែ សីហា ២០២២ ។

លោកហេង ណារ៉េត បានមានប្រសាសន៍ថា៖ក្រសួងរ៉ែនិងថាមពលជាប្រធានក្រុមការងារដើម្បីសិក្សាអំពីលទ្ធភាពនៃការបង្កើត​រោងចក្រ​​​បម្លែង​សំរាមទៅ ជាថាមពលនេះ។

លោកអនុរដ្ឋលេខាធិការបានថ្លែងឲ្យដឹងទៀតថា៖បន្ទាប់ពីក្រសួងបានធ្វើការប្រកាសរកក្រុមហ៊ុនចូលរួមក្នុងគម្រោងរោងចក្រកែច្នៃសំរាមទៅជថាមពល ក្នុងនោះជាមោទនភាពដែលយើងទទួលបានរហូតទៅដល់៥១ក្រុមហ៊ុនដែលមានជាង១០ប្រទេសបានដាក់ពាក្យ​មាន​តាំង​​​ពីអឺរ៉ុប តាំងពីអូស្ត្រាលីតាំងពីអាស៊ី ឥណ្ឌារហូតទៅដល់សហរដ្ឋអាមេរិកដែលគេសុទ្ធតែក្រុមហ៊ុនធំៗដែលគេមានបទ​ពិសោធន៍​ខាង​ផ្នែកហ្នឹង ។

លោកបានបន្តទៀតថា ៖ បច្ចុប្បន្នបន្ទាប់ពីធ្វើការជ្រើសរើសយើងបានឈានដល់ដំណាក់កាលទីពីរគឺយើងជ្រើសរើសបាន ២១ ក្រុមហ៊ុន​ចំរ៉ាញ់​ចេញពី ៥១ ក្រុមហ៊ុន ,ហើយនៅសល់២១ក្រុមហ៊ុនទៀតក្រសួងនឹងបន្តធ្វើការជ្រើសរើសក្រុមហ៊ុនណា​ដែលសមស្របនិង​វា​មិន​ត្រូវ​ការ​ឧបត្ថម្ភធន​ពីរដ្ឋាភិបាលខ្ពស់បន្តទៀត ។

បើតាមការ ពន្យល់របស់លោ ហេង ណារ៉េត នៅក្នុងការកែច្នៃសំរាមទៅជាថាមពលនេះ មានគម្រោងច្រើនហើយគម្រោង​ខ្លះមានតម្លៃ​ទាប​ និង គម្រោងខ្លះមានការចំណាយ ខ្ពស់ ដូចជាគម្រោងឡដុតសម្រាម បើយើងប្រើឡដុតក្នុងមួយតោនយើងត្រូវវិនិយោគអស់ ១០ ម៉ឺនដុល្លារហើយនៅភ្នំ ពេញមាន ៣០០០ តោនក្នុង១ថ្ងៃ ដូចនេះត្រូវការ ទុនប្រមាណជាង ២០០ លានដុល្លារសម្រាប់ការវិនិយោគឡដុត​សំរាម​,ហើយយើងត្រូវការទិញភ្លើងត្រឡប់មកវិញពីឡដុតសំរាមលើសពី ១០សេនក្នុង១គីឡូវ៉ាត់,មួយទៀត សំរាមដែលដឹកឱ្យ​រោងចក្រ​គេ​តម្រូវឲ្យបង់ថ្លៃដឹក ២០ ដុល្លារក្នុង១តោនទៀត បូកទាំងថ្លៃដឹក ថ្លៃឡដុត គឺ វាខ្ពស់ណាស់ ។

លោកបានពន្យល់ទៀតថាឥឡូវក្រុមហ៊ុនដឹកសំរាមដែលក្រសួងបានជួលមាន៣យើងបង់តែក្នុងរង្វង់ជាងមធ្យម១២ដុល្លារអាមេរិក​ប៉ុណ្ណោះ​​​។ ទាំងប្រមូល ដឹកជញ្ជូន ទាំងសំអាតផ្លូវតែ ១២ ដុល្លារទេ ។ហើយតម្លៃភ្លើងដែលលក់ភ្លើងត្រឡប់ទៅវិញលើសពីតម្លៃភ្លើងដែល​បង្កើតឡើងដោយវារីអគ្គិសនីនេះជាបញ្ហាដែលយើងគិតថាវាមិន ទាន់ជាជម្រើសរបស់យើងទេ។តែក៏អាចមានជម្រើសច្រើនទៀតដែល​មានតម្លៃថោកហើយបើសិនជាមានការខ្វះខាតត្រូវការឧប ត្ថម្ភធន់ពីរដ្ឋរាជរដ្ឋាភិបាលក្នុងកម្រិតមួយតិចតួចយើងអាចធ្វើបានយើងនឹង​ជ្រើសរើស ។ តែជម្រើសឡដុតពីឥឡូវរហូត ដល់ ២០២៥ មិនមែនជាជម្រើសអាទិភាពនោះទេ ។

បើតាមរបាយការណ៍របស់ក្រសួងបរិស្ថានបច្ចុប្បន្ននេះកម្ពុជាបានបង្កើតសំណល់រឹង”សំរាម”ចំនួនជាង ១ ម៉ឺនតោនក្នុងមួយថ្ងៃនិង​ប្រមាណ​​ជាង ៤លាន តោនក្នុងមួយ ឆ្នាំក្នុងនោះសំណល់សរីរាង្គប្រមាណ ៦០ ភាគរយ,សំណល់ប្លាស្ទិកប្រហែល ២០ភាគរយ និង សំណល់ទូទៅ ១០ភាគរយ ។ យោងលើកំណើនការបង្កើតសំរាមតាមទីក្រុង ស្រុកមានចន្លោះពី១០ ទៅ ១២ ភាគរយក្នុងមួយឆ្នាំ ។ ក្នុងសំណល់ ១០០ ភាគរយមានសំណល់ប្រមាណជាង ៥០ ភាគរយប៉ុណ្ណោះត្រូវបានប្រមូលចាក់ក្នុងទីលានក្រៅពី នោះត្រូវបាន​បោះចោលនៅតាមតំបន់ផ្សេងៗឬចាក់ចូលក្នុងប្រភពទឹកនិងការដុតកម្ទេចចោល ៕ដោយៈផាវី