កីឡា

Man City ឈានដល់ការព្រមព្រៀងផ្ទេរយក Gomez ក្នុងតម្លៃល្មមទទួលបាន

ក្រុមមេឃខៀវ Manchester City ដែលជាជើងឯកចាស់ នៅក្របខ័ណ្ឌ Premier League បានឈានដល់កិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខា ក្នុងការផ្ទេរយកខ្សែការពារឆ្វេង Sergio Gomez របស់ក្រុម Anderlecht មកកាន់ទឹកដី Etihad Stadium រួចរាល់ហើយ។ នេះបើយោងតាមបណ្ដាញសារព័ត៌មាន Sky Sports និង Independent កាលពីថ្ងៃព្រហស្បតិ៍។

ខ្សែការពារសញ្ជាតិអេស្ប៉ាញវ័យ ២១ឆ្នាំរូបនេះ នឹងចូលរួមជាមួយក្រុម Man City ក្នុងតម្លៃ ១១លានផោន (១៣,៤៥លានដុល្លារ) ហើយត្រូវកាន់ដងប៉ាកកាចុះហត្ថលេខា ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំ ឬរហូតដល់រដូវក្តៅ ឆ្នាំ២០២៦ ប្រសិនបើឆ្លងកាត់ដំណាក់កាលពិនិត្យសុខភាពរួចស្រេចគ្រប់យ៉ាង។

ក្លិប Man City ត្រូវការខ្សែការពារឆ្វេងថ្មី បន្ទាប់ពីអនុញ្ញាតឱ្យកីឡាករ Oleksandr Zinchenko ទៅចូលរួមជាមួយក្លិប Arsenal ដោយកាលមុននេះ មានបំណងចង់បាន Marc Cucurella តែត្រូវបានក្រុម Brighton បដិសេធ មុនពេលលក់កីឡាកររូបនេះទៅក្រុមតោខៀវ Chelsea ក្នុងតម្លៃខ្លួនបូកនឹងប្រាក់រង្វាន់លើកទឹកចិត្ត ៦២,៥លានផោន (ប្រមាណ ៧៦លានដុល្លារ)។

នាពេលនេះ មិនទាន់មានការបញ្ជាក់ថា ក្រុម Man City នឹងនាំយកកីឡាករ Gomez មកប្រើប្រាស់ក្នុងរដូវកាលនេះ ឬទុកឱ្យក្រុមដទៃខ្ចីជើងសិន ដោយសារក្រុមមេឃខៀវ ក៏នៅមានបំណងផ្ទេរយកខ្សែការពារឆ្វេង Raphael Guerreiro របស់ក្លិប Borussia Dortmund មករួមក្រុមបន្ថែមម្នាក់ទៀត។

កីឡាករ Guerrero វ័យ ២៨ឆ្នាំអាចលេង បានទាំងខ្សែការពារស្លាបឆ្វេង និងខ្សែបម្រើស្លាបឆ្វេង ដោយបានបង្ហាញខ្លួនចំនួន ១៨៩ប្រកួតឱ្យក្រុម Dortmund ក្នុងនោះស៊ុតបញ្ចូលទីបាន ៣៤គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ៣៧លើក ចាប់តាំងពីចូលរួមជាមួយក្រុមលំដាប់កំពូល នៅអាល្លឺម៉ង់ ក្នុងឆ្នាំ២០១៦ ដែលទម្រង់លេងនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចាត់ការក្រុម Man City គឺលោក Pep Guardiola៕