កីឡា

World Cup នៅកាតា នឹង​ចាប់​ផ្ដើមលឿនមុន ១ថ្ងៃ

ការប្រកួតបើកឆាក ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំនេះ រវាងក្រុម​ម្ចាស់ផ្ទះកាតា និងអេក្វាទ័រ នឹងត្រូវធ្វើឡើងលឿន​ ១ថ្ងៃ នា​ថ្ងៃទី២០ ខែវិច្ឆិកា​។ នេះបើតាមប្រភពពីអ្នក​រៀប​ចំ​ World Cup ដែល​បានប្រាប់មក​បណ្ដាញ​សារព័ត៌មាន​ធំ​ៗ កាលពីថ្ងៃពុធ។

ការផ្លាស់ប្តូរ ដែលគួរតែត្រូវបានអនុម័តដោយក្រុមប្រឹក្សារបស់​សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ (FIFA) នៅ​មុនការរាប់ថយក្រោយ ១០០ថ្ងៃ ចាប់ផ្តើមនៅសប្តាហ៍នេះ នឹងរក្សាប្រពៃណី (ទម្លាប់) នៃការប្រកួតដំបូង ដែលមានប្រទេសម្ចាស់ផ្ទះដដែល​។

ក្រោមការរៀបចំដែលមានស្រាប់ ក្រុម​ជម្រើស​ជាតិសេណេហ្គាល់ និងហូឡង់ នឹងត្រូវ​លេង​ហ្គេមបើក​ឆាក​នេះនៅថ្ងៃទី​២១ ខែ​វិច្ឆិកា ដោយ​តាម​មក​ដោយ​ការប្រកួតបើកជាផ្លូវការ រវាងក្រុម​ម្ចាស់​ផ្ទះ​កាតា និងអេក្វាទ័រ នៅពេល​បន្ទាប់នា​ថ្ងៃនោះ។

ប្រភពពីអ្នក​រៀប​ចំ​ World Cup បាននិយាយថា ការបញ្ជាក់អះអាង​ពីការកែប្រែនេះ ត្រូវបានរំពឹងថា នឹងមាន​ឆាប់ៗនេះ ខណៈ​ដែល FIFA និងគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍​ដ៏​ធំ​នេះរបស់​ប្រទេសកាតា បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វី​ទេ​។

«មានការពិភាក្សា និងការព្រមព្រៀងគ្នា រវាងក្រុមទាំង២ រៀងៗខ្លួន ហើយមានការស្នើសុំពី CONMEBOL  ដែលជាសហព័ន្ធអាម៉េរិកខាងត្បូង (អាម៉េរិក​ឡាទីន)»។ នេះបើ​តាម​ប្រភពមួយពី​អ្នករៀប​ចំ World Cup ដែល​​បានប្រាប់មក​ AFP ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ខណៈ​មិន​មាន​ការ​ប្រកាស​ជាផ្លូវ​ការ​ពី​ការ​សម្រេច​នេះ។​

ប្រភពនោះ​បានបន្ថែមថា៖ «​យើងចង់ធ្វើតាមប្រពៃណី (ទម្លាប់) ដែលក្រុម​ម្ចាស់ជើងឯក ឬក្រុម​ប្រទេសម្ចាស់ផ្ទះ ត្រូវ​មាន​វត្តមានសម្រាប់​ការប្រកួតបើកឆាក»។

សម្រាប់អ្នកគាំទ្រ ដែលមានសំបុត្រសម្រាប់ការប្រកួតថ្ងៃទី​២១ ខែវិច្ឆិកា ការរំខាន ឬការ​មាន​បញ្ហា​ណាមួយ នឹងត្រូវបានដោះស្រាយ ដូច្នេះផលប៉ះពាល់គឺតិចតួចទេ​។ នេះ​បើ​តាម​ប្រភពមួយ​​ផ្សេង​ទៀតពី​អ្នក​រៀប​ចំ​ការប្រកួតប្រជែង​នេះ៕