កីឡា

Real ឈ្នះ Eintracht ២-០ ដើម្បី​តាមស្មើ​ការ​លើក​ពាន UEFA Super Cup ៥ដង

ក្រុមអធិរាជស Real Madrid ដែល​ជាម្ចាស់ជើងឯក​របស់​ក្របខ័ណ្ឌ Champions League បានយកឈ្នះក្រុម Eintracht Frankfurt ដែលជាម្ចាស់ជើងឯក​​ នៅ​ក្របខ័ណ្ឌ Europa League ក្នុងលទ្ធផល ២-០ កាលពីថ្ងៃពុធ ដើម្បីតាម​ស្មើការលើកពានរង្វាន់ ក្នុង​កម្មវិធី UEFA Super Cup ជាកំណត់​ត្រា ៥ដង​ ហើយ​ចាប់ផ្តើមរដូវកាលជាមួយនឹងការ​ឈ្នះ​ពានរង្វាន់មួយ។

២គ្រាប់​ ដែល​បាន​ជួយ​ឱ្យ​ក្រុម​យក្ស​អេស្ប៉ាញ​ មាន​ជ័យ​ជម្នះ​នោះ គឺ ១​គ្រាប់ក្នុងវគ្គ​ទី១ ពី​ខ្សែការពារ David Alaba និង ១គ្រាប់ទៀតពីខ្សែប្រយុទ្ធ Karim Benzema នៅនាទីទី៦៥ ដែលគ្រាប់​បាល់​នេះបានជួយឱ្យកីឡាករ​សញ្ជាតិបារាំង ឡើង​ទៅ​ឈរនៅលេខ ២ ក្នុងបញ្ជីអ្នក​ស៊ុតបញ្ចូលទីបាន​ច្រើន​ជាងគេគ្រប់កាល​របស់ក្លិប​ Real ជាមួយនឹងគ្រាប់បាល់ចំនួន ៣២៤គ្រាប់។

ទន្ទឹម​នឹង​នេះដែរ ជ័យ​ជម្នះ​ក៏​មាន​ន័យ​ថា ​លោក Carlo Ancelotti របស់ក្រុម Real ក្លាយ​ជា​គ្រូ​បង្វឹក​ដំបូង​គេ​បង្អស់ដែលដឹក​នាំ​ក្រុម​​លើក​ពាន​បាន​ចំនួន ៤។

ហើយ​ជាមួយ​គ្នា​នេះ អ្នកចាត់​ការ​សញ្ជាតិអ៊ីតាលី ដែលបានដាក់កីឡាករ​ជម្រើស​ដំបូងដូចគ្នានឹង​ជម្រើស ១១នាក់ ពេល​ឈ្នះ​ការ​ប្រកួតក្នុង​វគ្គផ្តាច់ព្រ័ត្រ នៅ Champions League នាក្រុងប៉ារីស កាលពីខែឧសភានោះ ក៏បាន​ពោល​សរសើរជាពិសេស ចំពោះកីឡាករប្រធានក្រុម Benzema ដែលជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ​នារដូវកាលមុន នៅ​អឺរ៉ុប​នេះ។

លោក Ancelotti បាន​និយាយ​ថា​៖ «រូប​គេ គឺ​​ជា​កីឡាករ​សំខាន់​ម្នាក់ ពោល​គឺ​​ជា​អ្នក​ដឹកនាំ​ក្រុម (នៅ​លើ​ទីលាន)។ ខណៈដែល​យើងបាន​មក​ឈរ​នៅទីនេះ ក៏​​ភាគច្រើនដោយសារ​តែគុណសម្បត្តិរបស់គេ គេស៊ុតបញ្ចូល​ទី​បានច្រើនគ្រាប់ គេបញ្ចប់រដូវកាលបានយ៉ាងល្អ គេស៊ុតបាន១គ្រាប់នៅថ្ងៃនេះ ហើយឥឡូវនេះគេនឹងឈ្នះពានរង្វាន់ Ballon d’Or»។

ការសម្រេចបាន​ជោគ​ជ័យ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Real ឡើង​ទៅ​ស្មើ​​ជាមួយ​ក្រុម AC Milan និង Barcelona ដែល​បាន​ឈ្នះ​ពានរង្វាន់ក្នុង​កម្មវិធី Super Cup ចំនួន​ ៥​ ​ដែរ៕