កីឡា

Mendy របស់ Man City ឡើង​សវនាការពីបទចាប់​រំលោភ និង​រំលោភបំពាន​ផ្លូវភេទ

កីឡាករ Benjamin Mendy របស់ក្រុម​មេឃខៀវ Manchester City និងជម្រើស​ជាតិបារាំង កាលពីថ្ងៃពុធ បានចាប់ផ្តើមឡើង​សវនាការ សម្រាប់​ការចោទពីបទចាប់រំលោភ និងរំលោភបំពានផ្លូវភេទលើ​នារី ៧​នាក់ ដែលអាចធ្វើ​ឱ្យ​អាជីពបាល់ទាត់របស់គេនឹង ត្រូវបញ្ចប់ ក្នុងពន្ធនាគារ ប្រសិនបើត្រូវបានកាត់ទោស​ថាពិត​ជា​ខុស​មែន​។

Mendy វ័យ ២៨ឆ្នាំ បានមកដល់តុលាការ Chester Crown ដែល​មាន​ទីតាំង​នៅភាគពាយព្យនៃប្រទេសអង់គ្លេស ជាមួ​យ​នឹង​សម្លៀក​បំពាក់ឈុតពណ៌ខៀវចាស់ និង​ក្រវាត់ក ដើម្បី​ប្រឈម​នឹង​បទ​ចោទចាប់រំលោភចំនួន ៨ករណី ១ករណី​ពី​បទ​រំលោភបំពានផ្លូវភេទ និង ១ករណី​ទៀតពី​បទប៉ុនប៉ងចាប់រំលោភ ដែល​ពាក់​ព័ន្ធនឹងស្ត្រីវ័យក្មេងចំនួន ៧នាក់។

ដោយ​មាន​អមអ្នកបកប្រែ​ នៅ​ឯ​រង្វង់​ក្រចកសេះ កីឡាករបារាំងបាននិយាយជាភាសា អង់គ្លេសដើម្បីបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន។ កីឡាកររូប​នេះបាន​ផ្ដល់​ចម្លើយ​​​ថា ​មិន​បាន​ប្រព្រឹត្តខុស​នោះ​ឡើយ ​កាល​ពី​​ខែ​ឧសភា ​ចំពោះ​ការ​ចោទ​ ៩​ករណី ​ហើយ​ក៏​បដិសេធ​ថា គ្មាន​កំហុស​​ដែរ​ កាលពី​ថ្ងៃ​ពុធ ​ចំពោះ​បទ​ចោទ​រំលោភ​ជា​បន្តបន្ទាប់​ ដែល​មិន​ទាន់​នាំរូប​គេ​មក​កាត់​ទោស​តាម​ច្បាប់។

បទល្មើសទាំងអស់ត្រូវបានគេនិយាយថា បានកើតឡើងក្នុង​ផ្ទះរបស់ Mendy នៅ​ប្រទេស​អង់គ្លេស ចន្លោះខែតុលា ឆ្នាំ​២០១៨ និងខែសីហា ឆ្នាំមុន។ រូប​គេ​កំពុង​ស្ថិត​ក្នុង​ការ​ជំនុំ​ជម្រះ​ចំពោះ​មុខ​គណៈវិនិច្ឆ័យ ​រួម​ជាមួយ​​ចុង​ចោទម្នាក់ទៀត​ Louis Saha Matturie វ័យ ៤០ឆ្នាំ ​ដែល​បាន​អះអាង​​ថា ​មិន​មាន​កំហុស​​ដែរ។

ចុងចោទទាំង​២ កំពុងនៅក្រៅឃុំ ដោយកីឡាករ Mendy ត្រូវ​ស្ថិតក្រោមអ្វីដែលចៅក្រម ពីមុនហៅថា លក្ខខណ្ឌ «តឹងរ៉ឹង» ក្នុង​នោះ​រួមទាំងការដក​ហូតលិខិតឆ្លងដែនរបស់គេ​ផង​ដែរ។ សវនាការ​នេះនឹង​មាន​រយៈពេល ១៥សប្តាហ៍​ ដោយ​អយ្យការ​គ្រោង​នឹង​បើក​សំណុំរឿង​នេះ ​នៅ​ថ្ងៃ​ចន្ទ​។

កីឡាករ Mendy បានចូលរួមជាមួយក្រុម Man City ដែល​ជា​ម្ចាស់ជើងឯកក្រប​ខ័ណ្ឌ Premier League ដោយ​ការ​ចាក​ចេញ​ពីក្រុម Monaco របស់បារាំង ក្នុងឆ្នាំ​២០១៧។ រូប​គេ​បានចូល​លេង ៧៥ដងឱ្យ​ក្លិបយក្ស នៅ​ក្រុង Manchester មុន​នឹង​​ត្រូវ​បានក្រុម​មេឃខៀវ ព្យួរ​ការងារ​ បន្ទាប់​ពី​ត្រូវ​ប៉ូលិស​ចោទ​ប្រកាន់​កាល​ពី​ខែ​សីហា៕