កីឡា

Werner ចេញពីតោខៀវ ហើយ​ត្រឡប់​ទៅ Leipzig វិញ

ក្លិប RB Leipzig បាន​ឱ្យ​ដឹងកាលពីថ្ងៃអង្គារថា ក្លិប​បានចុះហត្ថលេខាផ្ទេរ​យក​អតីតខ្សែប្រយុទ្ធ Timo Werner ពីក្លិប Chelsea ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំ ដែល​នេះ​មាន​ន័យ​ថា កីឡាករ​សញ្ជាតិអាល្លឺម៉ង់នឹង​ត្រូវ​បញ្ចប់​រយៈ​ពេលដ៏​លំបាក ២រដូវកាល នៅ​ក្លិប​យក្សអង់គ្លេស ជាមួយ​នឹង​ការ​ស៊ុតបញ្ចូលទីបាន​ ១០គ្រាប់ ពី​ការបង្ហាញខ្លួន ៥៦​ដង នៅក្របខ័ណ្ឌ Premier League។

យោងតាមសេចក្ដី​រាយការណ៍​នានា ក្លិប​នៅ​ក្របខ័ណ្ឌ Bundesliga បានចំណាយ ២៥លានផោន (៣០,២លានដុល្លារ) សម្រាប់កីឡាករវ័យ ២៦ឆ្នាំ ដែល​ជា​អ្នក​ស៊ុតបញ្ចូលទីកំណត់ត្រារបស់​ក្លិប កាល​ពី​មុន​។

កីឡាករ Werner បាននិយាយនៅ​ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុម Leipzig ថា៖ «ខ្ញុំរីករាយណាស់ដែលអាចមក​លេងឱ្យក្រុម RB Leipzig ម្តងទៀត។ ខ្ញុំមានពេលវេលាដ៏អស្ចារ្យនៅទីនេះចន្លោះឆ្នាំ​២០១៦ និង​២០២០ នៅពេលដែលពួក​យើងធ្វើបានយ៉ាងអស្ចារ្យ ក្នុងនាមជាក្រុម​ចំណូលថ្មីរបស់​លីគ​»​។

កាលពីព្រឹកថ្ងៃអង្គារ កីឡាករដែល​បង្ហាញ​ខ្លួនជា​អន្តរជាតិ ៥៣​ដងរូបនេះ បានប្រកាសពីការចាកចេញរបស់ខ្លួន​ពីកីឡដ្ឋាន Stamford Bridge ជាកន្លែងដែលរូប​គេ​បានឈ្នះពានរង្វាន់ នៅ​ក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ២០២១ ប៉ុន្តែបានជួប​ការលំបាកក្នុងការរកឱ្យ​ឃើញ​នូវ​ទម្រង់ដ៏​ល្អ ដើម្បី​បាន​ចូល​លេង​ជាប់​លាប់​។

«​ថ្ងៃនេះ ជាថ្ងៃបញ្ចប់នៃការធ្វើដំណើររបស់ខ្ញុំជាមួយក្លិប​ Chelsea។ ខ្ញុំ​អរគុណ​ណាស់ ​សម្រាប់​ពេល​វេលា​ដែល​ខ្ញុំ​បាន​ចំណាយ​នៅជាមួយ​​ក្លិបដ៏​​ពិសេស​នេះ»។ នេះ​ជាការរៀប​រាប់​របស់​កីឡាករ Werner នៅ​លើ​បណ្ដាញ​សង្គម​។

ការប្រកួតទី២ របស់ក្រុម​ Leipzig នៅ Bundesliga រដូវកាល​ថ្មី​នេះ គឺនៅថ្ងៃសៅរ៍ ដោយ​ត្រូវ​តទល់​នឹង​ក្រុម Cologne នៅ​ផ្ទះ​ខ្លួន​ឯង ហើយបន្ទាប់​មក​ត្រូវត្រៀម​ខ្លួនសម្រាប់​ការប្រកួត​ប្រជែងនៅ​ក្របខ័ណ្ឌ Champions League​៕