កីឡា

Everton យក​កីឡាករសញ្ជាតិបែលហ្ស៊ិក Onana ពី Lille

ក្លិប Everton បានឈាន​ដល់​កិច្ច​ព្រម​ព្រម​ចុះ​ហត្ថលេខាផ្ទេរ​យក​កីឡាករអន្តរជាតិ​បែលហ្ស៊ិក Amadou Onana ក្នុងតម្លៃមិនបញ្ចេញឱ្យ​ដឹង ពីក្លិប Lille របស់​បារាំង​។ នេះ​បើ​តាមការ​ប្រកាស​របស់​ក្លិបនៅ​ក្របខ័ណ្ឌ Premier League អង់គ្លេស កាលពីថ្ងៃអង្គារ។

ខ្សែបម្រើវ័យ ២០ឆ្នាំរូបនេះ បានយល់ព្រមរួម​រស់ជាមួយ​ក្លិប​នៅទឹក​ដី​ Goodison Park ក្នុង​កិច្ចសន្យារយៈពេល ៥ឆ្នាំ ហើយក្លាយជាកីឡាករចំណូល​ថ្មី​របស់ក្រុម Toffees (ស្ករតាំងម៉ែ) ក្នុង​ទីផ្សារដោះដូរកីឡាករនាពេល​នេះ បន្ទាប់ពីកីឡាករ James Tarkowski, Ruben Vinagre, Conor Coady និង Dwight McNeil។

កីឡាករ Onana បានប្រាប់គេហទំព័រផ្លូវការរបស់ក្រុម នៅ​តំបន់ Merseyside ថា៖ «វាមានអារម្មណ៍អស្ចារ្យ​ណាស់ក្នុងការបាន​ចូលរួមជាមួយក្លិប Everton។ ខ្ញុំដឹងច្បាស់​ថា នេះ​ជាក្លិបដ៏​ធំមួយ ដែលជាក្លិប​មួយក្នុងចំណោម​ក្លិប​ដ៏​ធំ​បំផុតនៅ​ប្រទេសអង់គ្លេស។ វាជាអ្វីដែលខ្ញុំចង់ក្លាយជាផ្នែកមួយ​នៃ​ក្លិប​ អស់រយៈពេលជាច្រើនឆ្នាំមក​ហើយ​»។

ជាមួយ​គ្នា​នេះ កីឡាករ Onana បាននិយាយថា ការទាក់ទាញ​មួយ​ផ្សេងទៀត ដែល​នាំ​ឱ្យ​រូប​គេ​ផ្លាស់មក​កីឡដ្ឋាន Goodison Park គឺឱកាសដែល​បាន​រួម​ការងារ​ជាមួយអ្នកចាត់ការរបស់ក្រុម Everton លោក Frank Lampard ដែលជាអតីតខ្សែបម្រើរបស់ក្រុម​ Chelsea និងជម្រើស​ជាតិ​អង់គ្លេស។

«គាត់ (Lampard ) បានលេងបាល់​ទាត់ក្នុង​កម្រិតខ្ពស់បំផុត ឈ្នះអ្វីៗជាច្រើន និងជាខ្សែបម្រើផងដែរ។ វាមានន័យណាស់ ដែល​មាន​ការ​ចាប់អារម្មណ៍ពីគាត់ ហើយខ្ញុំគិតថា គាត់អាចបង្រៀនខ្ញុំនូវ​រឿងជាច្រើន»​។ នេះ​ជាការ​បន្ថែម​របស់​កីឡាករ Onana ដែល​មាន​កំណើត​ដើមនៅឯ​ប្រទេស​សេណេហ្គាល់៕