កីឡា

Benfica ប៉ះ Kyiv ខណៈ Eindhoven ជួប Rangers ក្នុង​វគ្គ Play-off ចុង​ក្រោយ​នៅអឺរ៉ុប

អតីតក្រុម​ជើងឯកអឺរ៉ុប ២សម័យកាល Benfica នឹងត្រូវ​ប្រកួតជាមួយក្រុម Dynamo Kyiv របស់អ៊ុយក្រែន ខណៈក្រុម​ PSV Eindhoven របស់លោក Ruud van Nistelrooy នឹងត្រូវ​ជួបជាមួយក្រុម Glasgow Rangers បន្ទាប់ពីក្រុម​ទាំងអស់នេះ ដណ្ដើម​បាន​សិទ្ធិ សម្រាប់ការប្រកួតវគ្គជម្រុះ (Play-off) ជុំចុងក្រោយនៃក្របខ័ណ្ឌ Champions League កាល​ពី​ថ្ងៃអង្គារ។

ខ្សែប្រយុទ្ធ Luuk De Jong រកបានគ្រាប់ជ័យជម្នះនៅនាទីទី១០៩ ខណៈដែលក្រុម PSV Eindhoven វាយបកយកឈ្នះក្រុម​ Monaco ៣-២ ក្នុងម៉ោងបន្ថែមពិសេស ១៥នាទី ២ដង នៅ​ទឹក​ដី​ខ្លួន​ឯង ដែល​ជា​លទ្ធផល​ធ្វើ​ឱ្យ​ក្រុម​របស់​ប្រទេសហូឡង់ ឆ្លងទៅ​វគ្គ​បន្ត​ជាមួយ​នឹង​គ្រាប់​បាល់​សរុប​ទាំង ២ជើងច្រើន​ជាង​ក្រុម​ទៅ​ពី​បារាំង ៤-៣។

ចំណែក​ក្រុម Benfica បានយកឈ្នះ Mitjylland ៣-១ ដើម្បី​​ឱ្យ​លទ្ធផល​សរុប​ទាំង ២ជើង គឺ ៧-២ ហើយ​គ្រាប់បាល់​ ដែល​ធ្វើ​ឱ្យ​ក្រុម​របស់​ព័រទុយហ្គាល់​មាន​ជ័យជម្នះ​លើ​ក្រុម​របស់​ប្រទេស​ដាណឺម៉ាក ស៊ុត​បញ្ចូល​ទីដោយ​កីឡាករ Enzo Fernandez, Henrique Araujo និង Diogo Goncalves។

នៅឯ​ប្រទេសស្កុតឡេនវិញ គ្រាប់​បាល់​ចុង​ក្រោយ​របស់​កីឡាករ Malik Tillman បានជួយ​បង្កើត​នូវ​លទ្ធផល​វាយបក​យ៉ាង​អស្ចារ្យ ខណៈ​ពេល​ដែល​​ក្រុម​ Rangers បាន​បំបាក់​ក្រុម Union Saint-Gilloise ៣-០។ ក្រុមទៅ​ពី​ប្រទេស​បែលហ្ស៊ិក បាន​ឈ្នះ ២-០ កាល​ពីជើង​ទី ១។

កីឡាករ Kostiantyn Vivcharenko និង Viktor Tsygankov បានជួយ​ឱ្យ​ក្រុម​ Dynamo Kiyv របស់​អ៊ុយ​ក្រែន ឆ្លង​ផុតក្រុម​របស់អូទ្រីស Sturm Graz ជាមួយ​នឹង​ជ័យជម្នះ​ទាំង ២​ជើង ៣-១ បន្ទាប់​ពី​ក្រុម​ទាំង ២ តទល់​គ្នា​យ៉ាង​ស្វិត​ស្វាញ ពេល​ការ​ប្រកួត ត្រូវ​តដល់ម៉ោង​បន្ថែម​ពិសេស។

ក្រុម Dynamo បានជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងតារាង​ពិន្ទុរបស់​ក្របខ័ណ្ឌ Premier League របស់អ៊ុយក្រែន នៅពេលដែលប្រទេស​រុស្ស៊ីបានឈ្លានពានប្រទេសនេះ កាលពីដើមឆ្នាំនេះ។

ការប្រកួតជើងទី ១ នៃវគ្គ Play-off ចុង​ក្រោយនេះ នឹង​ធ្វើឡើងនៅថ្ងៃទី ១៦-១៧ ខែសីហា ហើយ​ការប្រកួតត្រឡប់មកវិញនៅ​ ១សប្តាហ៍បន្ទាប់៕