កីឡា

Man United ឱ្យ Ronaldo រកទម្រង់លេងខ្លួនវិញ ទល់នឹងក្រុមនៅលីគមិនមែនអាជីព

ក្រុមបិសាចក្រហម Manchester United បានឱ្យខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo លេងជាកីឡាករជម្រើសដំបូង ក្នុងការប្រកួតមិត្តភាពបិទទ្វារ (អត់មានអ្នកគាំទ្រ) ទល់នឹងក្រុម Halifax Town របស់លីគមិនមែនអាជីព កាលពីថ្ងៃចន្ទ ដោយសង្ឃឹមថា ស៊ុបភើស្តាររូបនេះ នឹងអាចរកឃើញទម្រង់លេងរបស់ខ្លួនយ៉ាងពេញលេញឡើងវិញ។

កីឡាករ Ronaldo លេងបានតែ ៤៥នាទីប៉ុណ្ណោះ ក្នុងការប្រកួតកម្ដៅសាច់ដុំ មុនបើករដូវកាល ពេលស្មើ ១-១ នៅផ្ទះខ្លួនឯង ជាមួយក្រុម Rayo Vallecano ហើយរូបគេមានឈ្មោះត្រឹមរកីឡាករបម្រុងប៉ុណ្ណោះ ក្នុងហ្គេមបើករដូវកាល ដែលរងបរាជ័យ ២-១ ដោយសារក្រុមភ្ញៀវ Brighton នៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយត្រូវបានដូរចូលនៅនាទីទី៥៣ ខណៈគ្រូបង្វឹកសញ្ជាតិហូឡង់លោក Erik Ten Hag បានឱ្យហេតុផលថា កីឡាករ ដែលជាម៉ាស៊ីនរកគ្រាប់រូបនេះ មិនទាន់ប្រសើរពេញលេញនៅឡើយទេ។

កាសែត The Sun បានរាយការណ៍ថា បិសាចក្រហមបានរៀបចំការប្រកួតពិសេសមួយជាមួយក្រុម Halifax កាលពីថ្ងៃចន្ទ នៅឯ Carrington ដែលជាកន្លែងហ្វឹកហាត់របស់ក្រុម ដោយឱ្យកីឡាករជម្រើសជាតិព័រទុយហ្គាល់ Ronaldo លេងក្នុងជម្រើសដំបូង ដើម្បីត្រៀមបង្ហាញខ្លួន ក្នុងចំណោមកីឡាករ ១១នាក់ដំបូង សម្រាប់ការប្រកួតបន្ទាប់ទល់នឹងក្រុម Brentford នៅថ្ងៃទី១៣ ខែសីហា។

យ៉ាងណាមិញ ក្រៅពី Ronaldo កីឡាកររបស់ក្រុម Man United ជាច្រើនរូបទៀត ក៏ត្រូវបានបញ្ជូនចូលក្នុងការប្រកួតនេះដែរ ក្នុងនោះមានខ្សែការពារ Aaron Wan-Bissaka, Eric Bailly, Raphael Varane និង Tyrell Malacia ខណៈកីឡាករ Tom Heaton ជាអ្នកការពារសំណាញ់ទី។

កីឡាករវ័យក្មេង James Garner និង Alejandro Garnacho ក៏មានឈ្មោះលេងទល់នឹងក្រុមមកពី National League នេះផងដែរ។ បើយោងតាមកាសែត The Daily Mail ក្រុមបិសាចក្រហម បានយកឈ្នះ ៥-១៕