កីឡា

Man United កំពុងពិចារណា ក្នុងការផ្ទេរយក Rabiot ពី Juve

បណ្ដាញសារព័ត៌មាននានា បានរាយការណ៍ថា ក្រុមបិសាចក្រហម Manchester United កំពុងពិចារណាដំណើរការចរចា ដើម្បីចុះហត្ថលេខាយកខ្សែបម្រើសញ្ជាតិបារាំង Adrien Rabiot ពីក្រុមសេះបង្កង់ Juventus នៅរដូវក្តៅនេះ។

នាពេលនេះ ក្រុមបិសាចក្រហម កំពុងតែស្វែងរកខ្សែបម្រើការពារម្នាក់ ដើម្បីដោះស្រាយបញ្ហា ដោយគ្រូបង្វឹកថ្មីលោក Erik ten Hag ចង់បានកីឡាករ Frenkie de Jong ពីក្លិប Barcelona មករួមក្រុមខ្លាំងបំផុត ហើយតែងតែមានព័ត៌មានពាក់ព័ន្ធគ្នារហូត តែវាហាក់បីដូចជាក្រុមយក្សនៅទឹកដី Old Trafford ចាំបាច់ត្រូវផ្លាស់ប្តូរគោលដៅរបស់ខ្លួនហើយ បន្ទាប់ពីលោក Joan Laporta បានបញ្ជាក់ថា ខ្សែបម្រើសញ្ជាតិហូឡង់ចង់បន្តស្នាក់នៅក្លិប។

យ៉ាងណាក្ដី បន្ទាប់ពីក្រុម Man United ចាញ់ក្រុម Brighton ក្នុងលទ្ធផល ២-១ នៅផ្ទះខ្លួនឯង ក្នុងការប្រកួត នៅក្របខ័ណ្ឌ Premier League កាលពីយប់ថ្ងៃអាទិត្យ ក៏បាននាំឱ្យ អ្នកចាត់ការសញ្ជាតិហូឡង់ ត្រូវប្រញាប់ប្រញាល់ស្វែងរកខ្សែបម្រើការពារថ្មីមកចូលរួមក្រុមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្រោយកីឡាករទាំង ២ Fred និង Scott McTominay ម្នាក់ៗ ធ្វើបានលទ្ធផលគួរជាទីខកចិត្ត និងត្រូវបានរិះគន់យ៉ាងខ្លាំង។

ដោយសារហេតុផលនេះ ក៏ធ្វើឱ្យមានសេចក្ដីរាយការណ៍ចុងក្រោយថា ក្រុម Man United កំពុងតែពិចារណាលើការផ្ទេរយកកីឡាករ Rabiot ដែលនៅសល់កុងត្រាតែ ១ឆ្នាំទៀតជាមួយក្រុមសេះបង្កង់ តែបញ្ហាគឺការយល់ព្រម ចំពោះលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយភ្នាក់ងាររបស់កីឡាកររូបនេះ ដែលជាម្តាយរបស់គេផ្ទាល់តែម្ដង។

សម្រាប់កីឡាករ Rabiot ដែលមានវ័យ ២៧ឆ្នាំ បានចូលលេង ក្នុងជម្រើសដំបូងចំនួន ២៨ ហ្គេម ឱ្យក្រុម Juve កាលពីរដូវកាលមុន តែក្នុងរដូវកាល ២០២២-២០២៣ ស្ថានភាពរបស់គេកាន់តែមានភាពមិនច្បាស់លាស់ បន្ទាប់ពីក្រុមទើបតែយកបានតារាឆ្នើមសញ្ជាតិបារាំង Paul Pogba មកក្រុមម្តងទៀត ហើយលើសពីនេះ ក្នុងតំណែងនោះ រូបគេក៏ត្រូវប្រជែងជាមួយទាំង Manuel Locatelli និង Dennis Zakaria៕