សេដ្ឋកិច្ច

កម្ពុជា ចិន ចុះ​កិច្ចព្រមព្រៀង​នាំចេញ​ផលិតផល​សំបុក​ត្រចៀកកាំ​ទៅ​ចិន​និងបង្កើតរោងចក្រកែច្នៃនៅកម្ពុជា

​ភ្នំពេញ​៖​កម្ពុជា​និង​ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​នាំចេញ​ផលិតផល​សំបុក​ត្រចៀកកាំ​ទៅ​ចិន​និង​ការបង្កើត​រោងចក្រ​កែច្នៃ​ទឹកមាត់​ត្រចៀកកាំ​នៅ​កម្ពុជា​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​

​អនុស្សរណៈ​យោគយល់​គ្នា​(MOU)​ស្តីពី​”​ការនាំចេញ​ផលិតផល​សំបុក​ត្រចៀកកាំ​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​” រវាង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​និង​មជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ​បាន​ត្រូវ​ចុះហត្ថលេខា​កាលពី​រសៀល​ថ្ងៃទី​៨​ខែសីហា​នៅ​ទីស្តីការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ។

​​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ព្រមជាមួយ​ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ និង​មន្ត្រី​ជំនាញ​មួយចំនួនទៀត​ក៏បាន​អញ្ជើញ​ចូលរួម​ជា​សាក្សី​ផងដែរ​។

ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោកនាយក​មជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង សហ ការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​ក្នុងការ​ជំរុញ លើកទឹកចិត្ត​និង​គាំទ្រ​ផលិតផល​កសិកម្ម​ថ្មី​មួយទៀត​គឺ​ការបើក​ទីផ្សារ​ទឹកមាត់​ត្រចៀកកាំ​កម្ពុជា​ឲ្យ​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​នាពេល​អនាគត​ដ៏​ខ្លី​។ ឯកឧត្តម បាន​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​នៃ​ការខិត​ខំ​ប្រឹង ប្រែង​របស់​ភាគី​ទាំងពីរ ដែល​ឈាន​មកដល់​ការចុះហត្ថលេខា​លើ​ឯកសារ MOU នាពេលនេះ​។​

ឯកឧត្តម​បានលើកឡើង​ថា៖​ទឹកមាត់​ត្រចៀក​កម្ម​កម្ពុជា​កន្លង​មក​ ផលិត​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក និង​ មានការ​នាំចេញ​ក្នុង​បរិ​មា​ណ​​​តិច​តូចនិង​ក្រៅផ្លូវការ​។ ​MOUនេះ​នឹង​ជួយ​បើក​ទីផ្សារ​ចិន​ដែល​ជាទី​ផ្សារធំជាងគេ​ឲ្យ​ទទួលយក​ផលិតផល​មួយ​នេះ​ជា​ផ្លូវការ ធានា​បាន​នូវ​ស្តង់ដា​ផលិត គុណភាព​ផលិតផលនិង​សុវត្ថិភាព​សម្រាប់​សុខភាព​សាធារណ​:​ឆ្លើយតប​តាម​លក្ខ​ខណ្ឌ​តម្រូវ​ភូតគាម​អនា​ម័​យ​នៃ​អគ្គនាយកដ្ឋាន​គយ​ចិន​។

​ឯកឧត្តម​បញ្ជាក់​បន្ថែមថា​ផលិតកម្ម​ទឹកមាត់​ត្រចៀកកាំ (​ការចិញ្ចឹម​) ការប្រមូល​ផល ការកែច្នៃ ក៏​នឹង​ត្រូវបាន​លើកកម្ពស់ ឆ្លើយតបបាន​តាម​សេចក្តីត្រូវការ​ទី​សារ​ចិន តាមរយ​:​ការលើកកម្ពស់​គុណភាព​ផលិតនិង​កែច្នៃ​ស្រម​តាម​មតិ​របស់លោក​ប្រធាន​មជ្ឈមណ្ឌល​បានលើក​ឡើង​ថា​មជ្ឈមណ្ឌល​នឹង​បង្កើត​រោងចក្រ​កែច្នៃ​ទឹកមាត់​ត្រចៀកកាំ​នៅ​កម្ពុជា​នាពេល​អាន​គ​ត​ដ៏​ខ្លី​។

ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​សាទរ និង​បង្ហាញ​ឆន្ទ​:​គាំទ្រ​លើ​ដំណើរការ​នៃ​ការអនុវត្ត​ខ្លឹមសារ MOU របស់​ភាគី​ទាំងពីរ រួមជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុងនោះ​ក៏មាន​អ្នក​ចិញ្ចឹម​ផងដែរ​។

​យោង​លើ​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​កិ​សកម្ម បាន​ឲ្យ​ដឹងថា​តាម​ស្ថិតិ​របស់​រដ្ឋបាល​ព្រៃឈើ​ក្នុង​ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស​មាន​ផ្ទះ​ត្រចៀកកាំ​ចំនួន​៨៧២​ផ្ទះ និង​អាច​ផ្តល់​ផល​ចន្លោះ​ពី​១​តោន​-១,៥​តោន​/​ខែ​។ សំបុក​ត្រចៀកកាំ​ទើប​ប្រមូល មានតម្លៃ​ចាប់ពី​៧០០-៩០០​ដុល្លារ​/​គ​ក្រ និង​សំបុក​ត្រចៀកកាំ​ដែល​អាច​បរិភោគបាន មានតម្លៃ​ចាប់ពី ១ ៥០០-២ ០០០​ដុល្លារ​/​គ​ក្រ​។

​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ អគ្គនាយកដ្ឋាន​កសិក​ម្ម​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​មជ្ឈមណ្ឌល Cambodia  ​Commercial Center ដែលជា​តំណាង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ប្រចាំ​ទី​ក្រុង Xiamen នៃ​ខេត្ត Fujian​។​មជ្ឈមណ្ឌល​នេះ​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន Southeast Yandu (Xiamen) Industrial Development Co., Ltd រៀបចំ​ផែនការ​វិនិយោគ​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រមូល​ទិញ និង​កែច្នៃ​សំបុក​ត្រចៀកកាំ​នៅ​កម្ពុជា​ដើម្បី​នាំចេញ​ទៅ​ប្រទេស​ចិន និង​មានបំណង​ផ្តល់​កិច្ច​សហការ​ជួយ​កម្ពុជា​ក្នុងការ​រៀបចំ​ឯកសារ​ចរចា​បើក​ទីផ្សារ​នេះរួមទាំង​ធ្វើជា​អន្ធ​ការី​សម្របសម្រួល​ការងារ​នេះ​ជាមួយGACCផងដែរ​៕ដោយៈសិរីមតី​