កីឡា

Isco យល់ព្រមចុះហត្ថលេខាជាមួយ sevilla រយៈពេល ២ឆ្នាំ

ខ្សែបម្រើ Isco របស់ក្រុមអធិរាជស Real Madrid បានយល់ព្រម ក្នុងការផ្ទេរដោយឥតតម្លៃខ្លួនទៅក្លិប Sevilla ក្រោមកិច្ចសន្យារយៈពេល ២ឆ្នាំ ដោយត្រូវឆ្លងកាត់ការពិនិត្យសុខភាព នៅថ្ងៃចន្ទ។

ក្លិប Sevilla បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា កីឡាករ Isco នឹងចូលរួមជាមួយក្លិប ដោយការចាកចេញពីក្លិបរួមលីគ Real Madrid បន្ទាប់ពីកិច្ចសន្យារបស់គេជាមួយក្លិបយក្សក្រុងម៉ាឌ្រីដ  ផុតកំណត់នៅរដូវក្តៅនេះ ហើយនឹងកាន់ដងប៉ាកកាចុះហត្ថលេខាជាផ្លូវការ បន្ទាប់ពីឆ្លងកាត់ដំណើរការពិនិត្យសុខភាពរួចរាល់។

«ក្លិប Sevilla បានឈានដល់កិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខាយកកីឡាករ Isco ហើយរូបគេនឹងទទួលការពិនិត្យសុខភាពនៅថ្ងៃចន្ទ។ ប្រសិនបើអ្វីៗដំណើរការល្អនោះ រូបគេនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ឆ្នាំ»។ នេះជាការប្រកាសរបស់ក្លិប Sevilla។

ការផ្ទេរនេះ នឹងនាំឱ្យកីឡាករវ័យ ៣០ឆ្នាំ ក្លាយជាសមាជិកនៃក្រុមរបស់អ្នកចាត់ការ លោក Julen Lopetegui ដែលនឹងជាការរួមការងារជាមួយគ្នាលើកទី ៣ ដោយអ្នកទាំង២ ធ្លាប់បានធ្វើជាគ្រូ និងសិស្ស កាលនៅទឹកដី Santiago Bernabeu និងក្រុមជម្រើសជាតិអេស្ប៉ាញ៕