កីឡា

Haaland ផ្ដល់សញ្ញាថា គ្រាប់បាល់នឹងមានច្រើនទៀត Manchester City

កីឡាករ Erling Haaland បាននិយាយថា រូបគេទើបតែចាប់ផ្តើមប៉ុណ្ណោះទេ បន្ទាប់ពីស៊ុតបញ្ចូលទីបាន ២គ្រាប់ នៅថ្ងៃបង្ហាញខ្លួនលើកដំបូង ក្នុងការប្រកួត នៅក្របខ័ណ្ឌ Premier League ខណៈដែលក្រុមមេឃខៀវ Manchester City ចេញដំណើរការពារតំណែងជើងឯក ដោយមានជ័យជម្នះ ២-០ នៅផ្ទះរបស់ក្រុម West Ham United កាលពីថ្ងៃអាទិត្យ។

ខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះ មានឱកាសរកបានគ្រាប់ដំបូង ដោយការទាត់បាល់ប៉េណាល់ទី ហើយបន្ទាប់មកស៊ុតសម្រេចគ្រាប់ទី ២ ពេលខ្សែបម្រើ Kevin De Bruyne បញ្ចូនបាល់កាត់តម្រង់មក ដោយគ្រាប់បាល់នេះ ធ្វើឱ្យរូបគេក្លាយជាកីឡាករដំបូងគេបង្អស់របស់ក្រុម Man City ដែលទម្លុះសំណាញ់ទីបាន ២ដង ក្នុងហ្គេមដំបូងរបស់ខ្លួន ចាប់តាំងពីអតីតកីឡាករ Sergio Aguero ធ្លាប់ធ្វើបាន។

ក្រោយការប្រកួតបញ្ចប់ កីឡាករ Haaland បាននិយាយថា៖ «វាគឺទាក់ទងនឹងលទ្ធផល ដែលយើងធ្វើជារៀងរាល់ថ្ងៃ ក្នុងការហ្វឹកហាត់។ វា (គ្រាប់បាល់) នឹងកើតមានកាន់តែច្រើនទៀត ដូច្នេះ ខ្ញុំមិនបារម្ភទេ។ វាអាចមានច្រើនជាងនេះទៀត»។

គ្រប់គ្នាបានមើលឃើញថា កីឡាករ Haaland គឺជាអ្នកមកស្នងតំណែងរបស់ Aguero ដែលជាអ្នករកគ្រាប់បាល់នាំមុខគេគ្រប់កាលរបស់ក្លិបយក្ស នៅក្រុង Manchester នេះ។

កូនក្រុមរបស់លោក Pep Guardiola បានឈ្នះពានរង្វាន់ នៅ Premier League ២រដូវកាលកន្លងមកនេះ ភាគច្រើនលេងដោយគ្មានខ្សែប្រយុទ្ធកណ្តាលនោះឡើយ ហើយគ្រូបង្វឹករបស់ ក្រុម Man City មានក្ដីរីករាយ ដែលការផ្ទេរយកកីឡាករ Haaland ទទួលបានផលយ៉ាងឆាប់រហ័សហួសពីការស្មាន។

«Erling (Haaland) គឺជាអ្នកបញ្ចប់ដ៏ពូកែម្នាក់ ហើយរូបគេកំពុងសម្របខ្លួនបានយ៉ាងល្អឥតខ្ចោះ។ រូបគេមានទម្រង់ល្អណាស់។ ខ្ញុំមិនអាចបង្រៀនគេឱ្យរកគ្រាប់បាល់នោះទេ ហើយរូបគេគ្រាន់តែត្រូវការការលេងដោយមានអារម្មណ៍ធូរស្រាលប៉ុណ្ណោះ»។ នេះជាការលើកឡើងរបស់គ្រូបង្វឹកក្រុមមេឃខៀវ លោក Guardiola៕