សេដ្ឋកិច្ច

ឥណ្ឌា​រំពឹងថា​នឹងមាន​ពាណិជ្ជកម្ម​ទ្វេភាគី​តម្លៃ ៨-៩ ពាន់​លាន​ដុល្លារ​ជាមួយ​រុស្ស៊ី​និង​ស្រីលង្កា​

​រដ្ឋាភិបាល​ឥណ្ឌា រំពឹងថា​នឹងមាន​ពាណិជ្ជកម្ម​ទ្វេភាគី​តម្លៃ ៨​ទៅ​៩ ពាន់​លាន​ដុល្លារ​ជាមួយ​រុស្ស៊ី និង​ស្រីលង្កា ក្នុង​រយៈពេល​២​ខែ​ខាងមុខ​ទៀត​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​រដ្ឋលេខាធិការ​ពាណិជ្ជ​កម្ម​នៃ​រដ្ឋាភិបាល​ឥណ្ឌា​កាលពី​សប្តាហ៍​មុន​។​

​យោងតាម​ការចេញផ្សាយ​ដោយ​រ៉​យ​ទ័​រ ការបញ្ជាក់​នេះ​ត្រូវបាន​ប្រកាស​ដោយ​លោក B.V. R. Subrahmanyam រដ្ឋលេខាធិការ​ពាណិជ្ជ​កម្ម​ឥណ្ឌា​។ លោក​បាន​មានប្រសាសន៍ថា“​ខ្ញុំ​កំពុង​មើលឃើញ​ក្នុង​រយៈពេល​ពីរ​ខែ​ខាងមុខ​ទៀតពាណិជ្ជកម្ម​ពី ៨ ទៅ ៩ ពាន់​លាន​ដុល្លារ​​ជាមួយ​រុស្ស៊ី និង​ស្រីលង្កា​នឹងត្រូវ​កើតឡើង​”​។ មូលហេតុ​ដែល​ឥណ្ឌា​រំពឹង​ដូច្នេះ​ក៏​ដោយសារតែ​ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ថា​មាន​ឱន​ភាព​ពាណិជ្ជកម្ម​ចំនួន ៣១.០២ ពាន់​លាន​ដុល្លារ​នៅ​ខែកក្កដា ដែលជា​ចំនួន​ខ្ពស់​មួយ​កើនឡើង​បី​ដង​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ខែមិថុនា ពី​ព្រោះតែ​ការធ្លាក់ចុះ​នៃ​ការនាំចេញ មាន​ត្រឹមតែ​ការនាំ​ចូល​។ លោក Subrahmanyam បាន​បន្តថា រដ្ឋាភិបាល​កំពុងធ្វើកា​រ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ដើម្បី​ជំរុញ​ការនាំចេញ និង​ទូទាត់​ភាពទន់ខ្សោយ​តម្រូវការ​នៅក្នុង​ទីផ្សារ​មួយចំនួន​របស់ខ្លួន​។

​យោងតាម​ទិន្នន័យ​ពាណិជ្ជកម្ម​បឋម​ចុងក្រោយ​បំផុត ការនាំ​ចូល​របស់​ឥណ្ឌា​ពី​ប្រទេស​រុស្ស៊ី ភាគច្រើន​ជា​ប្រេង​ឆៅ​បាន​កើនឡើង​ជិត ៥ ដង​ដល់​ជាង ១៥ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ចុងខែ​កក្កដា​ធៀប​នឹង​ឆ្នាំមុន​ចាប់តាំងពី​ថ្ងៃទី ២៤ ខែកុម្ភៈ នៅពេលដែល​រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទៅលើ​អ៊ុយ​ក្រែ​ន​។ យ៉ាងណា​ចំពោះ​តួលេខ​ពាណិជ្ជកម្ម​ចុងក្រោយបង្អស់​រវាង​ឥណ្ឌា និង​ស្រីលង្កា មិន​ត្រូវបាន​រាយការណ៍​ភ្លាមៗ​នោះទេ ប៉ុន្តែ​ប្រទេស​ទាំងពីរ​ក៏​កំពុង​ស្ថិតក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​ដែរ​៕ដោយៈសុខ តុលា
​ប្រភព​៖ REUTERS
​វីដេអូ​៖ https://www.youtube.com/watch?v=uegIylltwuI