ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋរស់នៅក្នុងតំបន់អង្គរ អាចជួសជុលផ្ទះនិងសង់សំណង់តូចតាច១៨៩សំណើ

សៀមរាប៖ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា នៅតែបង្ហាញកង្វល់ថា បើទោះបីជាច្បាប់បានហាមឃាត់មិនឱ្យមានការសាងសង់សំណង់ថ្មីៗនិងមិនឱ្យមានការលក់ដូរដីទៅឱ្យអ្នកចំណូលថ្មីក៏ដោយ ក៏បច្ចុប្បន្ននេះការប្រកាសលក់ដីក្នុងតំបន់ការពារ​របស់រមណីយដ្ឋានអង្គរតាមបណ្ដាញសង្គម(Face Book)និងដាក់ស្លាក(លក់ដី)នៅតែមានជាច្រើនករណី។

ក្រុមមេធាវីនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានថ្លែងបញ្ជាក់កាលពីថ្ងៃទី១ ខែសីហាកន្លងទៅថា​តំបន់អង្គរ នៅក្នុងខេត្តសៀមរាប ត្រូវបានកំណត់ជាតំបន់រមណីយដ្ឋានវប្បធម៌ ដែលត្រូវការពារជាពិសេសតំបន់១និងតំបន់២ ជាចំណុចពិសេសនិងសំខាន់ជាងគេ ដ្បិតជាតំបន់ស្នូលប្រាសាទនិងបុរាណវិទ្យា។

លោកមេធាវី ស៊ន់ សុជាតិ បានពន្យល់ថា ការប្រើប្រាស់ដីធ្លីក្នុងតំបន់១និងតំបន់២​នៃរមណីយដ្ឋានអង្គរ គឺអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលមានលំនៅនិងជាអ្នកដែលរស់នៅ​យូរលង់មកហើយ អាចបន្តរស់នៅបាន តែពុំមានសិទ្ធិលក់ដូរទេ។ ករណីផ្ទះសម្បែង​ទ្រុឌទ្រោម ម្ចាស់ផ្ទះអាចស្នើសុំជួសជុល រុះរើ ឬសាងសង់ថ្មីបាន ហើយក៏មានករណីចាំបាច់​ដោះស្រាយជីវភាព ពួកគេក៏អាចលក់ដូរឱ្យអ្នកភូមិផងជាមួយគ្នាបាន តែហាមសម្រាប់​ការលក់ឱ្យអ្នកចំណូលថ្មី។

របាយការណ៍នៅក្នុងខែកក្កដាឆ្នាំ២០២២ ឱ្យដឹងថា មានប្រជាពលរដ្ឋដែលរស់នៅ​ក្នុងស្រុកនិងក្រុងចំនួន៥ ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរបានដាក់ពាក្យ​ស្នើសុំជួសជុលផ្ទះ រួមទាំងសង់សំណង់តូចតាចចំនួន២៤៥សំណើ។នៅក្នុងសំណើជាង២៤០នោះ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានចុះផ្សព្វផ្សាយអប់រំនិងពិនិត្យ ដោយបានសម្រេចអនុញ្ញាតឱ្យពលរដ្ឋនៅក្នុងតំបន់អង្គរ អាចជួសជុលផ្ទះ និងសង់សំណង់ស្រាលចំនួន១៨៩សំណើ។ការអនុញ្ញាតឱ្យជួសជុលនិងសង់សំណង់ស្រាលនោះ  រួមមាននៅស្រុកប្រាសាទបាគង​បានចំនួន១៨សំណើ ស្រុកអង្គរធំចំនួន០៣សំណើ ស្រុកពួកចំនួន១៨សំណើ ក្រុងសៀមរាបចំនួន៧៥សំណើនិងស្រុកបន្ទាយស្រី៧៥សំណើ។

រាល់ការដែលប្រជាពលរដ្ឋដាក់ពាក្យសុំច្បាប់ទៅអាជ្ញាធរអប្សរា ដើម្បីជួសជុលផ្ទះចាស់​ឬក៏សាងសង់សំណង់តូចតាចនោះ  គឺពុំមានការតម្រូវឱ្យបង់ប្រាក់ទេ៕