ព័ត៌មានជាតិ

វិទ្យាស្ថាន LSi Business School និង ក្រុមហ៊ុន ERA Real Estate Cambodia សហការផ្តល់អាហារូបករណ៍

ភ្នំពេញ៖វិទ្យាស្ថាន អិលស៊ី ប៊ីស៊ីនីស ស្គូល (LSi Business School)និងក្រុមហ៊ុន ERA Real Estate Cambodia  នៅរសៀលថ្ងៃទី៨ខែសីហាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការស្តីពីការ ផ្តល់អាហារូបករណ៍រួមគ្នា១០០% ដល់យុវជន និងអ្នកសិក្សាគ្រប់មជ្ឈដ្ឋានទាំងអស់ ដែលមានបំណងបន្តការសិក្សានៅវិទ្យាស្ថាន LSi Business School សម្រាប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររងជាលក្ខណៈអន្តរជាតិលើឯកទេសគ្រប់គ្រងសហគ្រាសខ្នាតតូច និងមធ្យម (SME Management)។

លោក ហែម បូណារិន នាយកវិទ្យាស្ថាន LSi Business School បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សំខាន់នៃកម្មវិធីរបស់យើងនៅថ្ងៃនេះ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការដើម្បីក្នុងគោលបំណង ១-ផ្តល់ឱកាសដល់អ្នកសិក្សាគ្រប់មជ្ឈដ្ឋានដែលមានសញ្ញាបត្របាក់ឌុប និងប្អូនៗដែលកំពុងត្រៀមប្រឡងយកសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុននេះ ដែលមានសមត្ថភាពក្នុងការបំពេញការសិក្សាក្នុងជំនាញគ្រប់គ្រងសហគ្រាសខ្នាតតូច និងមធ្យម (SME Management) ដែលសិក្សាជាភាសាអង់គ្លេស។ ២- ផ្តល់ឱកាសដល់និស្សិតក្នុងការចុះហាត់ការងារ និងមានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុន។ ៣- បង្ហាញអំពីកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំឯកជន និងក្រុមហ៊ុនឯកជនក្នុងការធ្វើសិក្ខារួមគ្នាដើម្បីជាប្រយោជន៍ដល់និស្សិត និងអ្នកជំនួញគ្រប់រូប។ ៤- ជាគោលការណ៍គឺអ្នកសិក្សា ឬនិស្សិតអាចប្រើប្រាស់ទិន្នន័យពីក្រុមហ៊ុនដើម្បីគាំទ្រការសិក្សារបស់និស្សិតក្នុងការស្រាវជ្រាវលើកិច្ចការផ្សេងៗ។

លោកបានបន្ថែមថា៖ ការបង្រៀននៅវិទ្យាស្ថាន LSi (អិល ស៊ី) Business School ក្នុងកម្មវិធីសិក្សា គឺតម្រូវឲ្យមានសាស្រ្តាចារ្យជាជនជាតិខ្មែរ និងបរទេសដែលមានបទពិសោធន៍បង្រៀនខ្ពស់។ កម្មវិធីសិក្សានេះមានលក្ខណៈពិសេសប្លែកជាច្រើន ដើម្បីធានាថាវានឹងផ្តល់នូវជំនាញការងារជាក់ស្តែង។ សមាសធាតុដែលត្រូវការនៃកម្មវិធីសិក្សារួមមានការ៖ សិក្សាពីគម្រោងផែនការធ្វើជំនួញ ដំណើរទស្សនកិច្ចសិក្សាក្រៅប្រទេស និងការអភិវឌ្ឍផែនការអាជីវកម្ម ហើយសកម្មភាពសិក្សា១/៤ នៃកម្មវិធីសិក្សាតម្រូវឲ្យនិស្សិតធ្វើការអនុវត្ត ជាក់ស្ដែងដែលហៅថា Project-based assignments។

សូមបញ្ជាក់ផងដែរថា៖ ជាមួយគ្នានេះ វិទ្យាស្ថាន LSi Business School នឹងចាប់ផ្តើមដំណើរការវគ្គសិក្សាថ្មីទាំងពីរកម្មវិធីសិក្សាព្រមគ្នានៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង និងថ្នាក់ក្រោយឧត្តមសិក្សាផងដែរ គឺ បរិញ្ញាបត្រជាន់ខ្ពស់ E-MBA in SME Leadership។

ERA Real Estate Cambodia គឺជាក្រុមហ៊ុនអចលនទ្រព្យលំដាប់កំពូលកម្រិតពិភពលោកដែលបង្កើតឡើងនៅសហរដ្ឋអាមេរិក។ បច្ចុប្បន្នក្រុមហ៊ុនមានការិយាល័យចំនួន ២២០០ ការិយាល័យ នៅ ៣៧ ប្រទេសទូទាំងពិភពលោក និងមានសមាជិកភ្នាក់ងារអចលនទ្រព្យសរុបប្រមាណ ៣៩០០០នាក់។ ក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia ជាក្រុមហ៊ុនមានឯកទេសប្រកបដោយវិជ្ជាជីវៈក្នុងការបម្រើសេវាកម្មជាភ្នាក់ងារទិញលក់និងធ្វើទីផ្សារ សម្រាប់គម្រោងខុនដូរ និងអគារពាណិជ្ជកម្មខ្នាតធំនៅកម្ពុជា៕