កីឡា

បិសាចក្រហមចេញដំណើរជាមួយគ្រូបង្វឹកថ្មី ដោយបរាជ័យ

ក្រុមបិសាចក្រហម Manchester United បានរងបរាជ័យ ដោយសារក្រុមភ្ញៀវ Brighton ក្នុងលទ្ធផល ២-១ ក្រោមការដឹកនាំ ក្នុងការប្រកួតផ្លូវការដំបូងរបស់លោក Erik ten Hag កាលពីថ្ងៃអាទិត្យ។

វាជាភាពផ្ទុយគ្នានៃក្លិបយក្ស ២ នៅក្រុង Manchester ក្នុងរដូវកាលថ្មីៗនេះ ដោយក្រុមមេឃខៀវ Manchester City ចេញដំណើរ ដោយជ័យជម្នះយ៉ាងត្រចះត្រចង់ ខណៈដែលក្រុម Man United ទទួលបាននូវលទ្ធផលដ៏ជូរចត់មួយផ្សេងទៀត ក្នុងហ្គេមដំបូងរបស់ខ្លួន ក៏ដូចជាការបំពេញតួនាទីលើកទី ១ របស់គ្រូបង្វឹកថ្មី លោក Ten Hag។

ស៊ុបភើស្តារ Cristiano Ronaldo បានចាប់ផ្តើមរដូវកលថ្មី ក្នុងនាមជាកីឡាករបម្រុង សម្រាប់ក្រុមបិសាចក្រហម ដោយសារតែមិនបានហ្វឹកហាត់គ្រប់គ្រាន មុនបើករដូវកាល ដោយខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ ត្រូវបានរាយការណ៍ថាចង់ចាកចេញពីទឹកដី Old Trafford ដើម្បីមានឱកាសទៅចូលរួមជាមួយក្រុម ដែលបានសិទ្ធិទៅលេង នៅក្របខ័ណ្ឌ Champions League នារដូវកាលនេះ។

២គ្រាប់ ក្នុងរយៈពេលប្រមាណ ៩នាទី នៅវគ្គទី ១ ដែលស៊ុតបញ្ចូលទី ដោយកីឡាករ Pascal Gross មិនត្រឹមតែបានជួយដណ្ដើជ័យជម្នះឱ្យក្រុមភ្ញៀវ Brighton ប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យអ្នកចាត់ការក្រុម Man United លោក Ten Hag ចេញដំណើរជាមួយនឹងអារម្មណ៍ខកចិត្តទៀតផង។

ទោះបីជាកីឡាករ Ronaldo ត្រូវបានទទួលស្វាគមន៍ជាមួយនឹងសំឡេងទះដៃពីអ្នកគាំទ្រ ដែលមានការខកចិត្តក៏ដោយ ក៏រូបគេមិនអាចជួយបដិសេធជ័យជម្នះរបស់ក្រុម Brighton ដែលជាលើកដំបូង នៅកីឡដ្ឋាន Old Trafford នេះ។

ប្រធានក្រុម Man Utd កីឡាករ Harry Maguire បាននិយាយថា៖ «វាអាចជាការចាប់ផ្តើមដ៏អាក្រក់បំផុត ដែលត្រូវនាំមុខ ២-០ នៅពាក់កណ្តាលវគ្គទី ១ នៅទឹកដី Old Trafford។ វា (ទម្រង់លេង) មិនល្អគ្រប់គ្រាន់នោះទេ។ យើងបានធ្វើការសម្រុក និងរកបាន ១គ្រាប់មកវិញ ហើយយើងមានឱកាសតាមស្មើ តែគួរឱ្យសោកស្ដាយ យើងសម្រេចមិនបាន។ វាគឺជាការចាប់ផ្តើមដ៏អាក្រក់ សម្រាប់យើង»៕