កីឡា

Sanches ចេញពី Lille មកតាមលោក Galtier នៅ PSG

ក្លិប Paris Saint-Germain (PSG) បានបញ្ចប់ការចុះហត្ថលេខាយកខ្សែបម្រើ Renato Sanches ពីក្លិប Lille ដែលជាគូប្រជែង នៅក្របខ័ណ្ឌ Ligue 1 ហើយ កាលពីថ្ងៃពុធ ដោយផ្ដល់កិច្ចសន្យារយៈពេល ៥ឆ្នាំ តែមិនបង្ហាញតម្លៃឱ្យដឹងនោះទេ ហើយនេះមានន័យថា ខ្សែបម្រើរូបនេះ នឹងត្រូវបានរួមការងារម្ដងទៀតជាមួយលោក Christophe Galtier ដែលទើបក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមអ្នកមាន នៅបារាំងនេះដែរ។

កីឡាករ Sanches ត្រូវបានផ្សារភ្ជាប់ជាមួយនឹងព័ត៌មាន ក្នុងការផ្លាស់ទៅចូលរួមជាមួយក្រុមជើងឯក នៅក្របខ័ណ្ឌ Serie A អ៊ីតាលី គឺ AC Milan តែ PSG បានលេចមុខមកជាក្រុម ដែលមានសិទ្ធិ ក្នុងការនាំយកកីឡាករវ័យ ២៤ឆ្នាំ ទៅរួមក្រុមវិញ។

កីឡាករអន្តរជាតិព័រទុយហ្គាល់ បានឈ្នះពានរង្វាន់របស់ Ligue 1 រដូវកាល ២០២០-២០២១ ពេលលេងក្រោមការដឹកនាំរបស់លោក Galtier នៅក្រុម Lille ជាកន្លែង ដែលរូបគេបានធ្វើដំណើរមក ដោយការចាកចេញពីក្លិបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងឆ្នាំ២០១៩។

ក្រោយបញ្ចប់ការផ្ទេរជាផ្លូវការ កីឡាករ Sanches បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិប PSG ថា៖ «ខ្ញុំពិតជារីករាយណាស់ ដែលបានមកដល់ទីនេះ ក្នុងក្រុងប៉ារីស។ ប៉ុន្មានថ្ងៃចុងក្រោយនេះពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ»។

«ខ្ញុំប្រាកដថា ខ្ញុំបានធ្វើការជ្រើសរើសយ៉ាងត្រឹមត្រូវ ដោយការចុះហត្ថលេខាជាមួយក្លិប។ ខ្ញុំបានជ្រើសរើស Paris Saint-Germain ព្រោះខ្ញុំគិតថា វាជាគម្រោងដ៏ល្អបំផុតសម្រាប់ខ្ញុំ។ ការស្នាក់នៅ ក្នុងប្រទេសបារាំងមានសារសំខាន់សម្រាប់ខ្ញុំ ព្រោះខ្ញុំស្គាល់លីគនេះរួចហើយ»។ នេះជាការនិយាយបន្តរបស់កីឡាករ Sanches។

អតីតកីឡាកររបស់ក្រុម Benfica រូបនេះ កំពុងរីករាយនឹងឱកាស ក្នុងការរួមការងារម្តងទៀតជាមួយលោក Galtier ដែលបានមកជំនួសតំណែងលោក Mauricio Pochettino កាលពីខែមុន។

កីឡាករ Sanches បានបន្ថែមថា៖ «ខ្ញុំស្គាល់គាត់ច្បាស់ណាស់។ គាត់ជាគ្រូបង្វឹកដ៏ល្អម្នាក់ ដែលបានជួយឱ្យខ្ញុំប្រសើរឡើងយ៉ាងច្រើន បន្ទាប់ពីខ្ញុំបានឈានជើងចូលមកក្របខ័ណ្ឌ Ligue 1។ យើងថែមទាំងអាចឈ្នះជើងឯកលីគ កាលនៅក្រុម Lille ជាមួយគ្នាទៀតផង»។

«ពួកយើងធ្វើការជាមួយគ្នាបានយ៉ាងល្អ ហើយខ្ញុំសប្បាយចិត្ត ដែលបានរួមការងារជាមួយគាត់ម្តងទៀត ក៏ដូចជាជាមួយបុគ្គលិកគ្រូបង្ហាត់របស់គាត់ផងដែរ។ ការធ្វើការជាមួយអ្នកគ្រប់គ្រងដែលអ្នកស្គាល់ច្បាស់ តែងតែធ្វើឱ្យអ្វីៗកាន់តែងាយស្រួល។ ការប្រាស្រ័យទាក់ទង រវាងពួកយើង គឺកាន់តែសាមញ្ញ»។ កីឡាករ Sanches បានបញ្ជាក់បន្ថែម។

ការមកដល់របស់កីឡាករ Sanches កើតឡើងជាមួយនឹងការរំពឹងថា ខ្សែបម្រើ Georginio Wijnaldum នឹងទៅចូលរួមជាមួយក្លិប Roma នៅអ៊ីតាលី ហើយ Idrissa Gueye កំពុងត្រូវបានចាប់អារម្មណ៍ដោយក្លិបចាស់របស់ខ្លួន គឺ Everton។ ក្រុម PSG ត្រូវចាប់ផ្តើមយុទ្ធនាការការពារតំណែងជើងឯក Ligue 1 របស់ខ្លួន ជាមួយនឹងការធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម Clermont នៅថ្ងៃសៅរ៍៕