កីឡា

Azpilicueta បញ្ចប់ការចរចាជាមួយ Barca ដោយបន្តកុងតា្រជាមួយ Chelsea

ខ្សែការពារ Cesar Azpilicueta បានបញ្ចប់ការរំពឹងទុក ដែលថា រូបគេនឹងអាចទៅចូលរួមជាមួយក្លិប Barcelona ដោយការចុះកិច្ចសន្យាថ្មីជាមួយក្រុមតោខៀវ Chelsea រហូតដល់ឆ្នាំ២០២៤។

កីឡាករ ដែលធ្វើតួនាទីជាប្រធានក្រុមយ៉ាងយូរនោះ នៅមានរយៈពេលមិនដល់ ១ឆ្នាំទៀតទេ ក្នុងកិច្ចសន្យាមុនរបស់ខ្លួន ជាមួយក្រុមតោខៀវ ហើយបានក្លាយជាគោលដៅរបស់ក្លិប Barca។

តែយ៉ាងណាក្ដី កីឡាករ Azpilicueta នឹងមិនត្រឡប់ទៅស្រុកកំណើតវិញទេ បន្ទាប់ពីខ្សែការពាររូបនេះ បានយល់ព្រមបន្តស្នាក់នៅទឹកដី Stamford Bridge យ៉ាងហោចណាស់ ២រដូវកាលទៀត។ កីឡាករវ័យ ៣២ឆ្នាំ បានមកចូលរួមជាមួយក្លិបយក្ស នៅក្រុងឡុងដ៍ ក្នុងខែសីហា ឆ្នាំ២០១២ ដោយការចាកចេញពីក្លិបនៅបារាំង Marseille ហើយបានឈ្នះគ្រប់ពានរង្វាន់សំខាន់ៗ ក្នុងរយៈពេល ១ទសវត្សរ៍របស់គេនេះ។

រូបគេបានឈ្នះពានរង្វាន់ នៅក្របខ័ណ្ឌ Premier League ២ដង, ពានក្នុងកម្មវិធី FA Cup និង League Cup ១ដង, ពាន នៅក្របខ័ណ្ឌ Champions League ១ដង, ពាន នៅក្របខ័ណ្ឌ Europa League ២ដង ព្រមទាំងពាន ក្នុងកម្មវិធី UEFA Super Cup និង FIFA Club World Cup ១លើកដូចគ្នា។

ក្រោយសម្រេចចិត្តបន្តកិច្ចសន្យាថ្មីនេះ កីឡាករប្រធានក្រុមរូបនេះ បាននិយាយថា៖ «ខ្ញុំពិតជារីករាយ ក្នុងការបន្តស្នាក់នៅក្លិប Chelsea ដែលប្រៀបដូចជាផ្ទះរបស់ខ្ញុំ។ វាមានរយៈពេលជិត ១០ឆ្នាំហើយ ចាប់តាំងពីខ្ញុំបានមកដល់ និងបានចូលរួមជាមួយក្លិបនេះ ដូច្នេះ ខ្ញុំពិតជាមានអារម្មណ៍ស្រលាញ់ ហើយខ្ញុំពិតជារំភើប ចំពោះគម្រោងផែនការថ្មី ដែលយើងមានក្នុងដៃរបស់យើង»។

«ខ្ញុំចង់និយាយអរគុណដល់ប្រធានក្លិប Chelsea លោក Todd Boehly រួមនឹងថ្នាក់ដឹកនាំក្លិបដទៃទៀត ដែលបានផ្តល់ឱកាសឱ្យខ្ញុំ ដើម្បីបន្តដំណើររបស់ខ្ញុំនៅក្លិបដ៏អស្ចារ្យនេះ ហើយខ្ញុំពិតជា កំពុងទន្ទឹងរង់ចាំ ក្នុងការបន្តដំណើរផ្សងព្រេងរបស់យើង។ ខ្ញុំពិតជាមានមោទនភាពនឹងតួនាទីប្រធានក្រុមនេះ ហើយខ្ញុំសង្ឃឹមថា យើងអាចចែករំលែកអនុស្សាវរីយ៍ល្អៗជាច្រើនជាមួយគ្នាទៀត»។ កីឡាករវ័យ ៣២ឆ្នាំ បានបន្ថែម។

ការសម្រេចចិត្តរបស់ Azpilicueta ក្នុងការបន្តរួមរស់ជាមួយក្រុម Chelsea គឺជាការជំរុញដ៏ធំមួយ សម្រាប់គ្រូបង្វឹកលោក Thomas Tuchel មុនការប្រកួតដំបូងនៃរដូវកាលថ្មី នៅ Premier League ដែលត្រូវប៉ះក្រុមម្ចាស់ផ្ទះ Everton នៅថ្ងៃសៅរ៍។

កីឡាករអន្តរជាតិអេស្ប៉ាញ ដែលអាចលេងបានគ្រប់តំណែងទាំង ៣ នៅតំបន់ការពារ និងជាខ្សែការពារស្លាប ក្រោមការដឹកនាំរបស់លោក Tuchel បានបង្ហាញខ្លួន ៤៧ដង កាលពីរដូវកាលមុន ដែលធ្វើឱ្យចំនួនសរុបរបស់គេ សម្រាប់ការចូលលេងឱ្យក្រុមតោខៀវ ឡើងរហូតដល់ ៤៧៦លើក៕