ព័ត៌មានជាតិ

ឥណ្ឌាបានជួយជួសជុលប្រាសាទ និងសាងសង់សារមន្ទីរនិងចូលរួមលើកកម្ពស់សុខភាពក្នុងរមណីយដ្ឋានអង្គរ

សៀមរាប៖ មន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានសម្ដែងការអរគុណចំពោះរដ្ឋាភិបាល​នៃសាធារណរដ្ឋឥណ្ឌា ដែលបានផ្ដល់មូលនិធិដល់ក្រុមបុរាណវិទ្យាឥណ្ឌា ឱ្យជួសជុល​ប្រាសាទ​អង្គរវត្ត តាំងពីទសវត្សរ៍ឆ្នាំ១៩៨0 ជួសជុលប្រាសាទតាព្រហ្ម និងសាងសង់​សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី ក្នុងរមណីយដ្ឋានអង្គរនាខេត្តសៀមរាប។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម បានថ្លែងអំណរគុណនេះ នៅក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយក្រសួងទេសចរណ៍នៅប្រាសាទក្រវ៉ាន់ សង្កាត់នគរធំក្រុងសៀមរាប កាលពីរាត្រីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

លោក ប៉ាក់ សុខុម មានប្រសាសន៍ថា តាំងតែពីឆ្នាំ២០០២មក ក្នុងដំណើរទស្សនកិច្ច​ជាផ្លូវការរបស់នាយករដ្ឋមន្ត្រីឥណ្ឌាមកកម្ពុជា គឺបានផ្ដល់មូលនិធិជួយសាងសង់​សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី Ganga Agent Traditional Textile នៅខេត្តសៀមរាប ដោយធ្វើពិធីបញ្ចុះបឋមសិលា កាលពីឆ្នាំ២០១០ និងបានបើកសម្ពោធជាផ្លូវការ​នៅក្នុងឆ្នាំ២០១៤។

បច្ចុប្បន្ននេះ សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី បានធ្វើការតាំងបង្ហាញនូវផលិតផល​សូត្រ​សំខាន់ៗ ដែលជាស្នាដៃវាយណភណ្ឌតម្បាញ ប្រពៃណីវប្បធម៌តាមដងទន្លេពីរ គឺទន្លេមេគង្គនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានប្រាំប្រទេស និងទន្លេហ្គាងហ្គា​នៅប្រទេសឥណ្ឌា ។

តាំងពីឆ្នាំ២០០៤រហូតមកដល់បច្ចុប្បន្ននេះ ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានជួយជួសជុលប្រាសាទតាព្រហ្ម ទីសាលរបាំបានយ៉ាងល្អប្រសើរ ដោយទទួលបានការវាយតម្លៃខ្ពស់ពី ICC Angkorផងដែរ។

បច្ចុប្បន្ននេះ រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌានិងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក៏នៅតែសហការល្អជាមួយក្រសួងទេសចរណ៍កម្ពុជាបន្ថែមទៀតក្នុងការផ្សព្វផ្សាយទេសចរណ៏រួមគ្នា ជាពិសេសកម្មវិធី Cambodia Tourism | Roadshow នៅប្រទេសឥណ្ឌា និងការរៀបចំទិវាយោគៈអន្តរជាតិ ជារៀងរាល់ឆ្នាំនៅតាមគោលដៅទេសចរណ៍​សំខាន់ៗរបស់កម្ពុជាផង៕