កីឡា

Ten Hag ថាមិនអាចទទួលយកបានទេសម្រាប់ការចាកចេញលឿនពីពេលប្រកួតរបស់ Ronaldo

គ្រូបង្វឹកលោក Erik ten Hag បាននិយាយថា វាជាទង្វើ ដែលមិនអាចទទួលយកបាននោះទេ ចំពោះស៊ុបភើស្តារ Cristiano Ronaldo និងកីឡាករផ្សេងទៀតរបស់ក្រុមបិសាចក្រហម Manchester United ដែលបានចាកចេញពីកីឡដ្ឋាន Old Trafford មុនបញ្ចប់ការប្រកួតមិត្តភាព កាលពីថ្ងៃអាទិត្យជាមួយក្រុម Rayo Vallecano។

បន្ទាប់ពីដឹកនាំក្រុមខ្លាំងមួយធ្វើដំណើរទៅកាន់ទីក្រុង Oslo ដើម្បីជួបជាមួយក្រុម Atletico Madrid កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ក្រុម Man United បានបញ្ចប់ការត្រៀមលក្ខណៈសម្រាប់រដូវកាលថ្មីរបស់ខ្លួនជាមួយនឹងក្រុមអេស្ប៉ាញ ១ផ្សេងទៀត នៅថ្ងៃបន្ទាប់។

យ៉ាងណា ក្រុមបិសាចក្រហម បានប្រកួតត្រឹមស្មើ ១-១ ជាមួយក្រុម Vallecano ប៉ុណ្ណោះ សម្រាប់ហ្គេមកម្ដៅសាច់ដុំចុងក្រោយ ក្នុងទឹកដី Old Trafford របស់ខ្លួន តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នោះគឺតារាឆ្នើម Ronaldo ក៏បានបង្ហាញខ្លួនជាលើកដំបូង នៅមុនបើករដូវកាល ដោយការចូលលេង ៤៥នាទីដំបូង។

កីឡាករវ័យ ៣៧ឆ្នាំរូបនេះ បានខកខាន ក្នុងដំណើរទេសចរណ៍ មុនរដូវកាល នៅប្រទេសថៃ និងអូស្ត្រាលី ដោយសារបញ្ហាគ្រួសារ ហើយខ្សែប្រយុទ្ធ ដែលចង់ចែកផ្លូវជាមួយក្លិបរូបនេះ ត្រូវបានថតជាប់ជាមួយខ្សែការពារ Diogo Dalot ពេលដើរចេញ មុនការប្រកួត កាលពីថ្ងៃអាទិត្យ បញ្ចប់ជាផ្លូវការ។

លោក Ten Hag មិនបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីការប្រកួតនោះទេ តែឥឡូវនេះ បានបង្ហាញពីអារម្មណ៍មិនពេញចិត្តរបស់គាត់ទៅកាន់ទូរទស្សន៍ Viaplay ដោយអ្នកចាត់ការថ្មីរបស់ក្រុម Man United កាលពីថ្ងៃពុធ បាននិយាយថា៖ «មានមនុស្សជាច្រើនទៀត (ក៏មាន Ronaldo ផងដែរ) ដែលបានចាកចេញទៅផ្ទះមុន»។

«នេះជាទង្វើ ដែលមិនអាចមិនអាចទទួលយកបាននោះទេ សម្រាប់អ្នករាល់គ្នា។ ខ្ញុំប្រាប់ពួកគេថា វាមិនអាចទទួលយកបានទេ យើងជាក្រុម ពោលគឺជាក្រុមដ៏ធំមួយ និងបានប្រាប់ថា អ្នកគួរនៅរហូតដល់បញ្ចប់ការប្រកួតទាំងស្រុង»។ នេះជាការបន្ថែមរបស់លោក Ten Hag។

លោក Ten Hag នឹងធ្វើតួនាទី ក្នុងការប្រកួតប្រជែងផ្លូវការជាលើកដំបូង ក្នុងនាមជាអ្នកចាត់ការរបស់ក្រុម Man United នៅថ្ងៃអាទិត្យនេះ ពេលពួកគេប្រឈមជាមួយក្រុម Brighton នៅផ្ទះខ្លួនឯង សម្រាប់ហ្គេម នៅក្របខ័ណ្ឌ Premier League។

សម្រាប់កីឡាករ Ronaldo បើតាមស្ថានភាព នាពេលនេះ កីឡាករអន្តរជាតិព័រទុយហ្គាល់ ច្បាស់ណាស់ នឹងចាប់ផ្តើមរដូវកាលថ្មី ក្នុងនាមជាកីឡាកររបស់ក្រុម Man United តែលោក Ten Hag បានព្រមានខ្សែប្រយុទ្ធចាស់វស្សាថា កេរ្តិ៍ឈ្មោះរបស់គេនឹងមិនធានារូបគេឱ្យបានលេងច្រើននាទី ក្នុងយុទ្ធនាការ នាពេលខាងមុខនេះទេ៕